ជាតិ
សង្គមជាតិ
«ទិវាជាតិនៃការចងចាំ» នឹងក្លាយជាមេរៀនថ្មីនៅតាមសាលា រូបពីអង្គភាពប្រតិកម្មរហ័ស
× ក្រសួងអប់រំ គ្រោងបញ្ចូលខ្លឹមសារ ដែលទាក់ទងនឹង «ទិវាជាតិនៃការចងចាំ» ទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្ស បានឈ្វេងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា កាលបរិច្ឆេទ ដែលត្រូវដាក់ដាក់មេរៀន ស្តីពី«ទិវាជាតិនៃការចងចាំ» ចូលទៅក្នុងកម្មវិធីសិក្សា មិនទាន់ត្រូវបានកំណត់ឲ្យច្បាស់នោះទេ។ ប៉ុន្តែ លោក អះអាងថា ក្រសួងកំពុងតែរៀបចំក្នុងដំណាក់កាលនៃការជ្រើសរើសកម្មវិធី ដំណើរការនៃការបញ្ចូលខ្លឹមសារសំខាន់ៗ ដែលផ្តល់ជាចំណេះដឹងដល់ការរៀនសូត្ររបស់សិស្ស និងការរៀបចំសៀវភៅសិក្សាគោលជាមុនសិន ទើបអាចដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការដាក់បញ្ចូលខ្លឹមសារដែលទាក់ទងនឹង «ទិវាជាតិនៃការចងចាំ» នេះ គឺជាចំណេះដឹងដ៏សំខាន់សម្រាប់ឲ្យសិស្សជំនាន់ក្រោយបានឈ្វេងយល់ពីប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែរ រងគ្រោះ និងឈឺចាប់ពីឧក្រិដ្ឋកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោក មានប្រសាសន៍ថា៖«នេះជាព្រឹត្តិការណ៍ និងជាប្រវត្តិសាស្ត្រ តម្លៃជាសាកលសម្រាប់ឲ្យសិស្សានុសិស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ»។
រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងបានដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិជាផ្លូវការ ដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍៕ Tag:
ក្រសួងអប់រំ
ប្រវត្តិសាស្ត្រ
ប៉ុល ពត
© រក្សាសិទ្ធិដោយ thmeythmey.com