លោក គីម ប្រា​ប់លោក ស៊ី​៖ កូរ៉េខាងជើង ធ្វើ​រឿង​ច្រើន​ដើម្បី​សន្តិភាព​តំបន់ តែ​គ្មាន​បាន​ផល​មកវិញ​
អន្តរជាតិ
លោក គីម ប្រា​ប់លោក ស៊ី​៖ កូរ៉េខាងជើង ធ្វើ​រឿង​ច្រើន​ដើម្បី​សន្តិភាព​តំបន់ តែ​គ្មាន​បាន​ផល​មកវិញ​
21, Jun 2019 , 10:02 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មុនជំនួបនៅព្យុងយ៉ាង។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មុនជំនួបនៅព្យុងយ៉ាង។ រូបភាព Xinhua
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ស្វាគមន៍​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង យ៉ាង​រាក់ទាក់​បំផុត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ពីរ​ថ្ងៃ ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២០ និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​២១ ខែមិថុនា​នេះ​។ ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ជា​របៀបវារៈ​សំខាន់​ដែល​ត្រូវបាន​ជជែក​ក្នុងជំនួប​នៅ​ព្យុងយ៉ាង​។ លោក គីម ប្រា​ប់លោក ស៊ី ថា កូរ៉េខាងជើង បានធ្វើ​រឿង​ជាច្រើន​ដើម្បី​សន្តិភាព​តំបន់ តែ​គ្មាន​បាន​ផល​មកវិញ​ឡើយ​។

 
​ក្រោយ​ការទទួល​ស្វាគមន៍​យ៉ាង​អធិកអធម​ទាំង​នៅ​ព្រលានយន្តហោះ និង​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏​បើក​ជំនួប​ចរចា​ផ្លូវការ ដែល​នេះ​ជា​ជំនួប​លើក​ទី​៥​ហើយ​រវាង​មេដឹកនាំ​ទាំងពីរ​។ លោក ស៊ី និង​ភរិយា ទៅដល់​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២០ ខែមិថុនា ក្នុងនាម​ជា​ប្រធានាធិបតី​ចិន​ដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេសជិតខាង​មួយ​នេះ​ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុងក្រោយ​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ធ្វើឡើង​ស្របពេល​ដែល​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែល​កំពុង​ចរចា​ជាមួយ​អាមេរិក ជាប់គាំង​។ កូរ៉េខាងជើង បាន​ទម្លាក់​រុញ​កំហុស​ឲ្យ​អាមេរិក​ចំពោះ​ការរាំងស្ទះ​ការចរចា ពិសេស​ជំនួប​បរាជ័យ​នៅ​វៀតណាម​។ 
 
​នា​ជំនួប​នៅ​ព្យុងយ៉ាង លោក គីម បាន​ប្រា​ប់លោក ស៊ី ថា នា​ឆ្នាំ​កន្លងទៅ កូរ៉េខាងជើង​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​បញ្ចៀស​ភាព​តានតឹង និង​គ្រប់គ្រង​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ តែ​មិនបាន​ទទួល​មកវិញ​នូវ​ការឆ្លើយតប​វិជ្ជមាន​ឡើយ​ពី​ភាគី​ពាក់ព័ន្ធ​ឡើយ​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ថា សកម្មភាព​នេះ មិនមែនជា​អ្វីដែល​កូរ៉េខាងជើង​ចង់ឃើញ​ឡើយ​។ ទោះ​មិន​និយាយ​ចំឈ្មោះ ភាគី​ដែល​លោក គីម និយាយ​សំដៅ គឺ​អាមេរិក​តែម្ដង​។​
 
«​កូរ៉េខាងជើង​មាន​ឆន្ទៈ​រក្សា​ការអត់ធ្មត់​របស់ខ្លួន និង​សង្ឃឹមថា ភាគី​ម្ខាង​ទៀត នឹងធ្វើ​ការ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​រក​ដំណោះស្រាយ​ដែល​ផ្ដល់​ប្រយោជន៍​ទាំងសងខាង ហើយ​បង្កើត​លទ្ធផល​តាម​ការ​ចរចា​។​» នេះ​ជាការ​បញ្ជាក់​របស់លោក គីម ចំពោះមុខ​លោក ស៊ី ។ ការប្រកាស​រក្សា​ភាព​អត់ធ្មត់​បែបនេះ ទំនងជា​អាច​រក្សា​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការចរចា​ជាមួយ​អាមេរិក ទោះជា​បច្ចុប្បន្ន​មិនមាន​សញ្ញា​ថា ភាគី​ទាំងពីរ អាច​ជួបគ្នា​ជាថ្មី​ក្ដី​។​
 
​ចិន​គាំទ្រ​ការរក​ដោះស្រាយ​ផ្លូវ​នយោបាយ​សម្រាប់​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​ជាការ​ធានា​របស់លោក ស៊ី ទៅកាន់​លោក គីម ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​ចិន ក៏បាន​សរសើរ​កូរ៉េខាងជើង​ដែល​ប្រឹងប្រែង​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ចង់​រំសាយ​នុយក្លេអ៊ែរ​ផងដែរ​។ លោក​ក៏​ប្រា​ប់លោក គីម ទៀតថា ចិន​នឹង​ផ្ដល់ជំនួយ​តាម​សមត្ថភាព​របស់ខ្លួន​ដល់​កូរ៉េខាងជើង​ដើម្បី​ការពារ​ប្រយោជន៍​របស់ខ្លួន និង​ស្ថិរភាព​យូរអង្វែង​នៅក្នុង​តំបន់​។​
 
​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ចិន លោក ស៊ី កំពុងផ្ដល់​សារ​ជា​សាធារណៈ​មួយ​ទៅកាន់​អន្តរជាតិ​។ នោះ គឺ​ការដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ មិនអាច​ខ្វះ​វត្តមាន​ចិន​បានឡើយ ទោះជា​មានរឿង​អ្វី​ក៏ដោយចុះ​។ អាមេរិក ទំនងជា​អ្នក​យល់ច្បាស់​ពីសារ​នេះ​ជាងគេ​។ លើសពីនោះ ការ​កាន់​សន្លឹក​បៀ​កូរ៉េខាងជើង​នេះ ក៏​ជា​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​ចិន​តទល់​ជាមួយ​អាមេរិក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ផងដែរ​៕  

Tag:
 កូរ៉េខាងជើង​
  ចិន​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com