ជាតិ
សង្គមជាតិ
លោក ព្រាប កុល ធ្វើយុទ្ធនាការរៃអង្គាសប្រាក់ជួយលោក មាស នី ដែលជួបបញ្ហាភ្លើងឆេះផ្ទះ រូបពីហ្វេសប៊ុកលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (ខាងឆ្វេង) និងលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម(ខាងស្ដាំ)
× ភ្នំពេញ៖ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានរៀបចំយុទ្ធនាការរៃអង្គាសថវិកាសម្រាប់ជួយអ្នកវិភាគនយោបាយ និងសង្គមលោក មាស នី ដែលជួបបញ្ហាភ្លើងឆេះផ្ទះ។ យុទ្ធនាការនេះ មានរយៈពេល២សប្ដាហ៍ គឺចាប់ពីថ្ងៃទី២០ មិថុនា ដល់ថ្ងៃទី១ កក្កដា។
គិតត្រឹមពេលព្រឹកថ្ងៃទី២១ មិថុនានេះ មានសប្បុរសជនចូលរួមបរិច្ចាគថវិកា ប្រមាណ៦ពាន់ដុល្លារហើយ សម្រាប់ជួយរំលែកទុក្ខលំបាករបស់លោក មាស នី តាមរយៈការយុទ្ធនាការរបស់លោក ព្រាប កុល។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាយកប្រតិបត្តិនៃអង្គការតម្លាភាពរូបនេះ បានបញ្ជាក់ថា ការធ្វើយុទ្ធនាការរៃអង្គាសប្រាក់នេះ ក្នុងគោលបំណងចង់បង្ហាញពីការសាមគ្គី និងស្មារតីខ្មែរជួយខ្មែរក្នុងគ្រាអាសន្ន ។ សម្រាប់លោក ព្រាប កុល យុទ្ធនាការនេះ ក៏ជាឱកាសល្អបំផុត ក្នុងការផ្តល់កម្លាំងចិត្តដល់លោក មាស នី ដែលជាបញ្ញវន្តមួយរូប ហើយបានធ្វើពលិកម្មសេចក្តីសុខផ្ទាល់ខ្លួន ក្នុងការចែករំលែកចំណេះដឹង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
«ទី១ យើងចង់ចូលរួមរំលែកទុក្ខដល់លោកបណ្ឌិត មាស នី ដែលជាបញ្ញវន្តមួយរូប ហើយគាត់បានចំណាយពេលវេលា សេចក្តីសុខផ្ទាល់ខ្លួនរបស់គាត់ ធ្វើការងារសិក្សាស្រាវជ្រាវវិភាគទាក់ទងបញ្ហាសង្គម រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ អ៊ីចឹងនៅពេលគាត់ជួបគ្រោះអាសន្នជាអកុសលនេះ ដែលយើងចង់បង្ហាញនូវការសាមគ្គី និងគាំទ្រដល់លោក។ ហើយអ្វីដែលយើងអាចធ្វើបាន គឺខ្ញុំបានអំពាវនាវដល់ជនរួមជាតិ សប្បុរសជនចូលរួមជាថវិកា តាមសទ្ធា តាមលទ្ធភាពរបស់គាត់រៀងខ្លួនហ្នឹង ដើម្បីខ្ញុំអាចយកទៅជូនលោកបណ្ឌិតដោយផ្ទាល់នៅថ្ងៃទី១ កក្កដា»។ នេះជាការបញ្ជាក់របស់នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
បើតាមលោក មាស នី ថវិកាដែលសប្បុរសជនបរិច្ចាគនេះ ភាគច្រើនគឺពលរដ្ឋនៅក្នុងស្រុក ដែលជាបញ្ញវន្ត និងពលរដ្ឋ ចូលចិត្តការវិភាគរបស់លោក មាស នី។ ចំណែកពលរដ្ឋនៅក្រៅប្រទេសដូចជាអាមេរិក អូស្ត្រាលី និងកូរ៉េខាងត្បូងនោះ ក៏កំពុងធ្វើយុទ្ធនាការអង្គាសប្រាក់ជួយអ្នកវិភាគកម្ពុជារូបនេះផងដែរ។ នេះជាព័ត៌មាន ដែលលោក មាស នី ទទួលបាន។
«ខ្ញុំប្រគល់ប្រាក់សរុបបានពីការរៃអង្គាសទាំងអស់ ជូនដល់លោក បណ្ឌិត មាស នី ដោយផ្ទាល់ ដោយភ្ជាប់ជាមួយនិងរបាយការណ៍ធនាគារ និង ក្រុមហ៊ុន Wing និងដោយមានលោក បណ្ឌិត ប៉ា ចន្ទ័រឿន និង លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែលជាក្រុមការងារធ្វើជាសាក្សីដឹងឮ»។ នេះជាការបន្ថែមរបស់លោក ព្រាប កុល។
គួរបញ្ជាក់ថា ផ្ទះរបស់លោក មាស នី អ្នកវិភាគនយោយបាយ និងជាអ្នកសិក្សាពីការអភិវឌ្ឍសង្គម រងការខូចខាតទាំងស្រុង ដោយអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី១៨មិថុនា។ផ្ទះ ដែលឆេះនោះ គឺនៅផ្សារលើ ខេត្តបាត់ដំបង៕
© រក្សាសិទ្ធិដោយ thmeythmey.com