អន្តរជាតិ
ករណី​MH17 ៖ ហូ​ឡង់ មិន​សប្បាយចិត្ត​ក្រោយ​លោក មហា​ធៀ ចេញមុខ​ការពារ​រុស្ស៊ី​
21, Jun 2019 , 11:29 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ហូ​ឡង់ ម៉ាក រូត (Mark Rutte) នៅ​ថ្ងៃទី​២០ ខែមិថុនា បានបង្ហាញ​ក្ដី​មិន​ពេញចិត្ត​ចំពោះ​សម្ដី​របស់​សម​ភាគី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ដែល​បាន​ការពារ​រុស្ស៊ី​លើ​សំណុំរឿង​ការបាញ់​ទម្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ជើងហោះហើរ MH17 ។ ការឆ្លើយ​ឆ្លង​គ្នា​នេះ ធ្វើឡើង​ក្រោយ​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ ចោទ​ជនជាតិ​រុស្ស៊ី​បីនាក់​ថា មាន​ចំណែក​ក្នុង​គ្រោះថ្នាក់​ដែល​សម្លាប់​មនុស្ស​អស់​២៩៨​នាក់​។

 
​ជុំវិញ​សោកនាដកម្ម​របស់​យន្ត​ហោះ​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airline ជើងហោះហើរ MH17 កាលពី​ឆ្នាំ​២០១៤ រុស្ស៊ី គឺជា​មុខសញ្ញា​នៃ​ការចោទប្រកាន់​ទាំងអស់​។ នៅ​ថ្ងៃទី​១៩ ខែមិថុនា ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​ដឹកនាំ​ដោយ​ហូ​ឡង់ បាន​ចោទប្រកាន់​មនុស្ស​បួន​នាក់ ដោយ​ក្នុងនោះ​មាន​រុស្ស៊ី​បីនាក់ និង​អ៊ុយ​ក្រែ​ន​ម្នាក់​លើ​ករណីនេះ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ មិន​យល់ឃើញ​ដូច​ក្រុម​ស៊ើបអង្កេត​ឡើយ​។​
 
​លោក មហា​ធៀ អះអាងថា រុស្ស៊ី​ត្រូវបាន​គេ​ចោទ​ទាំង​បំពាន​ជុំវិញ​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ MH17 កាលពី​ឆ្នាំ​ប្រាំ​មុន ហើយ​លោក​ក៏​ចោទសួរ​ពី​គោលដៅ​ប្រាកដ​នៃ​ការស៊ើបអង្កេត​ករណីនេះ​ដែរ​។ ឆ្លៀតពេល​ចូលរួម​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​២០ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី​និយាយថា លោក​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​តាំងពីដើម​មក វា​ជា​រឿង​នយោបាយ​ដែល​ត្រូវ​រុស្ស៊ី​ត្រូវ​ចោទថា នៅ​ពីក្រោយ​រឿងនេះ​។​
 
«​មុនពេល​វិនិច្ឆយ ពួកគេ​និយាយថា រុស្ស៊ី​ទុក​មុន​ទៅហើយ​។ ហើយ​ឥឡូវនេះ ពួកគេ​និយាយថា មាន​ភស្តុតាង​ទៅទៀត​។ វា​ពិតជា​ពិបាក​សម្រាប់​ម៉ាឡេស៊ី​ទទួលយកបាន​ណាស់​។​» នេះ​ជាការ​លើកឡើង​របស់លោក មហា​ធៀ ដោយ​សំដៅ​ដល់​ក្រុម​ស៊ើបអង្កេត​ចម្រុះ​អន្តរជាតិ​មាន​ហូ​ឡង់​ដឹកនាំ និង​ចូលរួម​ដោយ​ប្រទេស​មាន​ជនរងគ្រោះ​ក្នុង​សោកនាដកម្ម​នៅ​អ៊ុយ​ក្រែ​ន​។ ម៉ាឡេស៊ី​ក៏​ជា​សមាជិក​នៃ​ក្រុម​ស៊ើបអង្កេត​នេះដែរ​។  
 
​ការអធិប្បាយ​ខាងលើ​របស់​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ធ្វើ​ឲ្យ​សម​ភាគី​ហូ​ឡង់​ស្រងាកចិត្ត​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មុន​ជំនួប​មេដឹកនាំ​អឺរ៉ុប​នៅ​ព្រុ​ច​សែ​ល នាយករដ្ឋមន្ត្រី​ហូ​ឡង់ ម៉ាក រូត លើកឡើងថា ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ ពិតជា​ខកចិត្ត​ខ្លាំង​នឹង​សម្ដី​លោក មហា​ធៀ ហើយ​វា​ក៏បង្ក​ទៅជា​ការយល់ច្រឡំ​ផងដែរ​។ បើតាម​លោក រូត ក្រសួងការបរទេស​ហូ​ឡង់ នឹង​ទាក់ទង​ដៃគូ​ម៉ាឡេស៊ី​ដើម្បី​សួរនាំ​ពី​ការលើកឡើង​របស់លោក មហា​ធៀ មុននឹង​អនុវត្ត​ជំហាន​បន្ទាប់​។​
 
​ហូ​ឡង់ មាន​ជនរងគ្រោះ​ច្រើនជាងគេ​ក្នុង​ហេតុការណ៍​ឆ្នាំ​២០១៤ ។ ក្នុងចំណោម​អ្នកស្លាប់​ទាំង​២៩៨​នាក់ មាន​ជនជាតិ​ហូ​ឡង់​ចំនួន​១៩៦​នាក់​ទៅហើយ​។ មុន​ត្រូវ​បាញ់​ទម្លាក់ យន្តហោះ​របស់​អាកាសច​រណ៍​ម៉ាឡេស៊ី MH17 នេះ ធ្វើដំណើរ​ពី​ទីក្រុង​អាំ​ស្ទែ​ដាំ​ឆ្ពោះទៅកាន់​ក្រុង​គូ​ឡា​ឡាំ​ពួ​។ យន្តហោះ​នេះ ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល BUK របស់​រុស្ស៊ី​។ ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​រកឃើញថា ជនជាតិ​រុស្ស៊ី​ជា​អ្នក​នាំយក​មី​ស៊ី​ល​នេះ​ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​៕ 
 

Tag:
 ​ហូ​ឡង់​
  ម៉ាឡេស៊ី​
  រុស្ស៊ី​
  MH17
  Mark Rutte
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com