កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ នីហ្សេរីយ៉ា និងកាមេរូន ក្រុមចុងក្រោយដែលឡើងទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ
× ចំណាត់ថ្នាក់ទី៣ល្អបំផុតក្នុងពូលបាននាំឲ្យក្រុមកីឡាបាល់ទាត់នារីពីទ្វីបអាហ្វ្រិក នីហ្សេរីយ៉ា និងកាមេរូនក្លាយជាក្រុមទី១៦ សម្រាប់ការប្រកួតវគ្គ១/៨ផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩។
ការប្រកួតកាត់សេចក្តីចុងក្រោយពូល E នាថ្ងៃទី២០ ខែមិថុនា ក្រុមកីឡាការិនីកាមេរូនបានយកឈ្នះនូវែលសេឡង់ដោយលទ្ធផល ២-១។ ជ័យជម្នះនេះបាននាំពួកគេទទួល៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី៣ល្អបំផុត ដើម្បីបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ស៊ីលីដែលយកឈ្នះថៃ ២-០ នាការប្រកួតចុងក្រោយពូល F ដែរនោះក៏ទទួលបាន៣ពិន្ទុដូចគ្នា ប៉ុន្តែចាញ់ប្រៀបគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កាមេរូន។ ស៊ីលីស៊ីសងគ្រាប់បាល់នៅសល់ -៣ ចំណែកកាមេរូនសល់ -២។ ដោយឡែក នីហ្សេរីយ៉ាដែលមាន៣ពិន្ទុពូល A ស្រាប់ ក៏បានសិទ្ធិបន្តទៅកាន់វគ្គខ្វែងផងដែរ ដ្បិតនៅសល់គ្រាប់ស៊ីសងរួច -២ស្មើកាមេរូន។
លក្ខខណ្ឌនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារីគឺតម្រូវឲ្យមានក្រុមលេខ៣តាមពូលល្អបំផុតសរុបចំនួន៤ក្រុមអាចរួមដំណើរជាមួយក្រុមលេខ១ និងលេខ២ទៅវគ្គបន្ត។ ក្រុមទាំង៤ ដែលទទួលបានចំណាត់ថ្នាក់ទី៣ល្អបំផុត មានចិន ប្រេស៊ីល នីហ្សេរីយ៉ា និងកាមេរូន។
នីហ្សេរីយ៉ា និងកាមេរូនជាក្រុមទី១៦ បន្ទាប់ពីម្ចាស់ផ្ទះបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ហូឡង់ កាណាដា ស៊ុយអែត ម្ចាស់ជើងឯកចាស់អាមេរិក ន័រវែស អេស្ប៉ាញ ជប៉ុននិងចិនដែលបានកៅអីទៅអង្គុយចាំនៅវគ្គ១/៨ផ្តាច់ព្រ័ត្ររួចស្រេច។
នៅវគ្គ១៦ក្រុម នីហ្សេរីយ៉ាត្រូវតទល់ជាមួយអាល្លឺម៉ង់ ខណៈកាមេរូនប៉ះអង់គ្លេស។ ន័រវែសជួបអូស្ត្រាលី ម្ចាស់ផ្ទះបារាំងស្វាគមន៍ប្រេស៊ីល អេស្ប៉ាញជួបម្ចាស់ជើងឯកចាស់អាមេរិក ស៊ុយអ៊ែតជាមួយកាណាដា អ៊ីតាលីប៉ះចិន និងហូឡង់តទល់ជាមួយជប៉ុន។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ តទៅ៕
Tag:
បាល់ទាត់
World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com