អន្តរជាតិ
និស្សិត​ចិន​នៅ​មហាវិទ្យាល័យ​ត្រូវគេ​បង្ខំ​ឲ្យ​ស៊ើបការណ៍​ពី​សហរដ្ឋអាមេរិក
21, Jun 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ និស្សិតពីប្រទេសចិនចូលរួមក្នុងពិធីបើកបវេសនកាលនៅមហាវិទ្យាល័យ University of Texas នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ និស្សិតពីប្រទេសចិនចូលរួមក្នុងពិធីបើកបវេសនកាលនៅមហាវិទ្យាល័យ University of Texas នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
ដោយ: VOA
​​វ៉ាស៊ីនតោន ៖សមាជិកសភា​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​និយាយថា ក្រុមគ្រួសារ​ជនជាតិ​ចិន​បាន​ត្រូវគេ​ប្រាប់ថា ពួកគេ​នឹងមាន​គ្រោះថ្នាក់ ប្រសិនបើ​និស្សិត​របស់​ពួកគេ​មិន​លួច​កម្ម​សិទ្ធ​បញ្ញា​នោះទេ​។​

 
​និស្សិត​ចិន ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក កំពុង​រង​សម្ពាធ​ឲ្យ​ធ្វើជា​មនុស្ស​ដែល​ត្រូវបាន​គេ​ប្រើ​នៅក្នុង​សង្គ្រាម​ចារកម្ម​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ធ្វើឡើង​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។​
 
​ការចោទប្រកាន់​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សមាជិកសភា​សំខាន់​ម្នាក់​របស់​សហរដ្ឋអាមេរិក​ដែល​កើតមានឡើង​នៅពេលដែល​មន្ត្រី​សន្តិសុខ​និង​ការពារ​ប្រទេស កំពុង​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​កាន់តែខ្លាំង​ឡើង​ពី​ការ​ខំប្រឹងប្រែង​របស់​ចិន ដើម្បី​យក​ប្រយោជន៍​ខាង​ការស្រាវជ្រាវ​និង​បច្ចេកវិទ្យា​របស់​ប្រទេស​លោកខាងលិច​។​
 
​លោក Mark Warner អនុប្រធាន​គណៈកម្មាធិកា​រ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា បាន​ប្រាប់​ពួក​អ្នក​ស្តាប់​នៅឯ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «​ករណី​នៃ​ការ​ស៊ើបការណ៍​ប្រឆាំង​នៅក្នុង​ប្រទេស​របស់​យើង​ឥឡូវនេះ ភាគច្រើន​ទាក់ទិន​នឹង​ជនជាតិ​ចិន​»​។​
 
​លោក​បាន​និយាយទៀតថា​៖ «​ក្រសួង​ចារកម្ម​ចិន​កំពុង​គំរាមកំហែង​ក្រុមគ្រួសារ​ចិន​។ ប្រសិនបើ​លោក អ្នកមាន​កូនប្រុស ឬ​កូនស្រី ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក ដោយ​មិន​យក​កម្មសិទ្ធិបញ្ញា​មកជា​មួយ ក្រុមគ្រួសារ​លោកអ្នក​នឹង​មាន​គ្រោះថ្នាក់​»​។​
 
​លោក Warner មិនមែនជា​មន្ត្រី​មុនដំបូង​ដែល​លើកឡើង​ពី​ការ​ព្រួយ​កង្វល់​អំពី​និស្សិត​ចិន​ក្នុង​សហរដ្ឋអាមេរិក​ទេ​។ កាលពី​ខែមេសា​កន្លងទៅនេះ លោក Christopher Wray នាយក​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ (FBI) បាន​ព្រមាន​ថា ក្រុម​ស៊ើបការណ៍​របស់​ចិន​បាន​ប្រើ «​វិធី​ទាក់ទិន​សង្គម​» ដើម្បី​លួច​ការស្រាវជ្រាវ​និង​បច្ចេកវិទ្យា​ជឿនលឿន​ជា​ផែនការ​មួយ​ដែល​រួមមាន​ការប្រើ​និស្សិត​ចិន​ក្នុង​សហរដ្ឋអាមេរិក​។​
 
​លោក Wray បាន​និយាយ​នៅពេលនោះ​ថា​៖ «​ផ្នែក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ចាំបាច់​ត្រូវតែ​គិតដល់​អំពី​ថា​តើ​មនុស្ស​ផ្សេងទៀត អាច​ជញ្ជក់​ផលប្រយោជន៍​បរិយាកាស​ស្រាវជ្រាវ​នៃ​ការបើកចំហ និង​សហការ​ដែល​យើង​មាននៅ​ក្នុងប្រទេស​នេះ និង​ការគោរព​ដ៏​ជ្រាលជ្រៅ​ក្នុង​សហរដ្ឋអាមេរិក​»​។​
 
​តាម​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អន្តរជាតិ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន​និស្សិត​ជាង ៣​សែន ៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨​។ និស្សិត​បរទេស​ជិត​១​ភាគ​៣​នៅឯ​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក​មកពី​ប្រទេស​ចិន​។​
 
​ហើយ​រហូតមក​ដល់ពេលនេះ សាក​វិទ្យាល័យ​សហរដ្ឋអាមេរិក​ជាច្រើន បាន​ស្វះស្វែង​ស្វាគមន៍​និស្សិត​ចិន ដោយ​មើលឃើញ​ពួកគេ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​រកប្រាក់​បាន​ច្រើន​។​
 
​លោក Warner បាន​ព្រមាន​ថា​៖ «​នេះ​ជា​ប្រភព​ប្រាក់ចំណូល​ដែល​សាកលវិទ្យាល័យ​បាន​ញៀន​។​និស្សិត​ទាំងអស់នោះ កំពុង​បង់ប្រាក់​ឲ្យ​សាកលវិទ្យាល័យ​ទាំងអស់នោះ​មួយរយ​ភាគរយ​»​។​
 
​ក៏ប៉ុន្តែ​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​និយាយថា វិទ្យាស្ថាន​សិក្សា​កំពុង​បង្កើន​ការយល់ដឹង​ពី​ភាពគ្រោះថ្នាក់ ទាំង​មកពី​និស្សិត​និង​មកពី​វិទ្យាស្ថាន​នានា​ដូចជា Confucius ជាដើម​។​
 
​វិទ្យាស្ថាន​ទាំងនោះ ត្រូវបាន​គេ​បង្កើត​នៅឯ​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ដើម្បី​ផ្សព្វផ្សាយ​ការសិក្សាអប់រំ​អំពី​ភាសា​និង​វប្បធម៌​ចិន ទោះជា​យ៉ាងនោះ​ក៏ដោយ លោក Warner បាន​និយាយថា មន្ត្រី​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ជាច្រើន​ឥឡូវនេះ កំពុង​ចាត់ទុក​ពួក​និស្សិត​ចិន​ទាំងនោះ «​គ្មានអ្វី​ក្រៅពី​ជា​ភ្នាក់ងារ​របស់​ក្រសួង​ចិន​ដើម្បី​ស៊ើបការណ៍​លើ​ពួក​និស្សិត​ចិន និង​ឲ្យ​ពួកគេ​ទទួលខុសត្រូវ​»​។​
 
​ការណ៍​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​មានការ​លំបាក​កាន់តែខ្លាំង​សម្រាប់​ពួក​និស្សិត​ចិន​ដើម្បី​ចូលក្នុង​សហរដ្ឋអាមេរិក​។​
 
​កាលពី​ឆ្នាំទៅ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានកា​ត់​បន្ថយ​រយៈពេល​ទិដ្ឋាការ​សម្រាប់​ពួក​និស្សិត​ចិន​ក្រោយ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ដែល​សិក្សា​មុខវិជ្ជា​រូបយន្ត អាកាសចរណ៍​ស៊ីវិល និង​ផលិតកម្ម​ជឿនលឿន​ពី​រយៈពេល​៥​ឆ្នាំ​មក​នៅត្រឹម​១​ឆ្នាំ​។ ហើយ​នៅ​ដើមខែ​នេះ ក្រុមមន្ត្រី​ចិន​បាន​និយាយថា ភាព​ស្មុ​គ្រ​ស្មាញ​ខាង​ទិដ្ឋាការ បាន​រារាំង​និស្សិត​ចិន​ចំនួន ១៣,៥ ភាគរយ ដែល​សង្ឃឹម​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​កុំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នោះ​។​
 
​លោក Warner បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ពី​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​។​
 
​លោក​បាន​និយាយទៀតថា​៖ «​បើ​អស់លោកអ្នក​ត្រូវបាន​គេ​ស្នើ​ផ្តល់​ឲ្យ​ការធ្វើដំណើរ​ដែល​ត្រូវបាន​គេ​ចំណាយ​ឲ្យ​ទាំងអស់​ដើម្បី​បង្រៀន​នៅ​សាកលវិទ្យាល័យ​ចិន សូម​ធ្វើ​ឲ្យ​ប្រាកដថា អស់លោកអ្នក​មិន​យក​ឧបករណ៍​កុំព្យូទ័រ​របស់លោក​អ្នក​ទៅជា​មួយ​ទេ​។ យក​ទូរ​សព្ទ​ដែល​ប្រើ​ហើយ​បោះចោល​ទៅជា​មួយ​។ មាន​ភាពងាយស្រួល​ដែល​ខ្ញុំ​គិតថា យើង​អាចធ្វើ​ប្រសើរ​ជាង​នេះ​»​។ មានរឿង​ងាយស្រួល​ខ្លះ ដែល​ខ្ញុំ​គិតថា យើង​អាច​ធ្វើបាន ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com