អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
យល់ដឹង​ពី​កិច្ចសន្យា ៨ ប្រភេទ សម្រាប់​ប្រើ​ក្នុង​វិស័យ​អចលនទ្រព្យ​
22, Jun 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការទិញ​លក់​អចលនទ្រព្យ ទាមទា​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្លាំង ជាពិសេស នៅពេល​ធ្វើ​កិច្ចសន្យា ព្រោះថា​នៅ​ទីបំផុត អ្វីដែល​អាចជួយ​អ្នកទិញ ឬ​អ្នក​លក់បាន គឺ​ត្រូវតែ​ជា​អ្វីដែល​មានចែង នៅក្នុង​កិច្ចសន្យា​។ កិច្ចសន្យា​មាន​ច្រើន​ប្រភេទ និង​មានន័យ​ផ្សេងៗ​គ្នា ទៅតាម​គោលបំណង​នៃ​នីមួយៗ​របស់​វា​។​
 
​ខាងក្រោម​នេះ គឺជា​កិច្ចសន្យា ៨ ប្រភេទ ដែល​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ ឬ​អ្នកទិញ​-​លក់​អចលនទ្រព្យ គួរស្វែងយល់​៖ 
 
១. លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​
​ការទិញ​លក់​អចលនទ្រព្យ ជា​សកម្មភាព​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​វា​ជាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កាន់កាប់ របស់​អ្នកទទួល​សិទ្ធិ​តែម្តង​។ ជាធម្មតា ការធ្វើ​លិខិត​នេះ បញ្ជាក់​ច្បាស់​ពី​ឈ្មោះ និង​បុគ្គល​ដែលជា​អ្នក​ផ្ទេរសិទ្ធិ និង​បុគ្គល​ជា​អ្នកទទួល​សិទ្ធិ ហើយ​វា​គឺជា​ការធានា​ការផ្ទេរសិទ្ធិ​កាន់កាប់​របស់​ម្ចាស់​សិទ្ធិ ទៅកាន់​បុគ្គល​ផ្សេងទៀត​តាម​ការព្រមព្រៀង​។ និយាយ​យ៉ាងខ្លី លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ គឺជា​ភស្តុ​ង​តាង​មួយ បញ្ជាក់​ពី​ការប្រគល់សិទ្ធិ​កាន់កាប់ ដោយ​ព្រមព្រៀង​លើ​អចលនទ្រព្យ​មួយ​។​
 
២. កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ​
​ប្រាក់កម្រៃ​ជើងសារ​ជា​ថ្លៃ​រត់ការ ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ​។ កិច្ចព្រមព្រៀង​ប្រភេទ​នេះ បញ្ជាក់​ពី​ការព្រមព្រៀង​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ផ្សេង ដែល​ភាគី​ទាំងពីរ ត្រូវតែ​បំពេញ ដែល​លក្ខខណ្ឌ​ទាំងនោះ អាស្រ័យ​តាម​ការព្រមព្រៀង​របស់​គូភាគី​ទាំងសងខាង​។ 
 
​នៅ​ឆ្នាំ​២០១៧ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​ថ្មី​ស្តីពី “​ថ្លៃ​សេវា​និង​កម្រៃជើងសារ​វិជ្ជាជីវៈ​សម្រាប់​ការផ្តល់សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​បានកំណត់​យក​ថ្លៃ​សេវាកម្ម ៣%​។ 
 
៣. កិច្ចសន្យា​រក្សា​ការសម្ងាត់ និង​ការមិន​លូកលាន់​ការងារ​
​កិច្ចសន្យា​ប្រភេទ​នេះ ជា​កិច្ចសន្យា​ពិសេស ដែល​យើង​មិនសូវ​ឃើញ ក្នុង​ការរស់នៅ​ជាក់ស្តែង​នោះទេ ដោយសារតែ​វា​ពាក់ព័ន្ធ​នឹង​ការកំណត់​លក្ខខណ្ឌ​រប​ស់​ភាគី​ទាំងសងខាង ក្នុងការ​រក្សា​ការសម្ងាត់​រឿង​អ្វីមួយ ដែល​ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​រប​ស់​ភាគី​ទាំងសងខាង​។ ក្នុង​គោលការណ៍​ច្បាប់ កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​កិច្ចសន្យា ជាការ​បង្ខំ ជាការ​ធ្វើ​អ្វីដែល​ខុសច្បាប់ ឬ​ជា​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​
 
៤. កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ​
​ស្រដៀង​គ្នា​ទៅនឹង​កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែរ កិច្ចសន្យា​ស្តីពី​ការទិញ​លក់​ដី​ឬ​ផ្ទះ សំដៅ​ទៅលើ​ការ​ព្រមព្រៀងគ្នា​ទិញ ឬ​លក់​ដី ឬ​ផ្ទះ​។ ចំណុច​ដែល​ខុសគ្នា​នោះ គឺ កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ មានកម្ម​វត្ថុ ជា​សិទ្ធិ​កាន់កាប់​ផ្ទាល់ ដែល​ខុសពី​កិច្ចសន្យា​ស្តីពី​ការទិញ​លក់ មានកម្ម​វត្ថុ​ជា​ដី ឬ​ផ្ទះ​។ ជាធម្មតា ក្នុង​កិច្ចសន្យា​ទិញ​លក់ ច្រើន​ភា្ជ​ប់​ជាមួយនឹង​ការផ្ទេរសិទ្ធិ​កាន់កាប់ ឬ​កម្មសិទ្ធិ ពី​អ្នកលក់​ទៅ​អ្នកទិញ ដែល​ត្រូវ​ធ្វើជា​លាយ​ល័​ក្ខ​អក្សរ​។ កិច្ចសន្យា​ប្រភេទ​នេះ ធានា​គុណភាព​នៃ​ផ្ទះ និង​ដី ការប្រគល់​ផ្ទះ និង​ដី​ពី​អ្នកលក់​ទៅ​អ្នកទិញ​។ ប៉ុន្តែ​កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​បញ្ជាក់ថា​អ្នកទិញ នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះទេ លុះត្រាតែ​អ្នកទិញ​យក​ដី​នោះ ទៅ​ចុះបញ្ជី ប្រសិនបើ​មានការ​កំណត់​តាមច្បាប់​។​
 
៥. កិច្ចសន្យា​កក់​ប្រាក់ (​កក់​ប្រាក់​ទ្រនាប់​ដៃ​)
​កិច្ចសន្យា​កក់​ប្រាក់​នេះ ច្រើន​កើតមាន​មុន​ការធ្វើ​កិច្ចសន្យា​ទិញ​លក់​។ ប៉ុន្តែ​គេ​ក៏​អាចដាក់​បញ្ចូល​លក្ខខណ្ឌ​ប្រាក់​កក់​នេះ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផងដែរ​។ ដូចគ្នា​ទៅនឹង​គោលការណ៍​ព្រមព្រៀងគ្នា​រវាង​គូភាគី ប្រាក់​កក់​ដែល​តម្រូវ​ស្របតាម​ការព្រមព្រៀងរ​បស់​ភាគី​។ កិច្ចសន្យា​ប្រភេទ​នេះ អាច​ធានា​ប្រាក់​កក់​របស់​អ្នកទិញ ប្រសិនបើ​អ្នកលក់​ចង់​បញ្ឈប់​ការលក់​នោះ អ្នកលក់​អាច​សង​ការខូចខាត​ចំនួន​២​ដង នៃ​ប្រាក់​កក់​នោះ​ដល់​អ្នកលក់​។ ប៉ុន្តែ​ត្រង់ចំណុច​នេះ មិន​មានន័យថា ការសង​របស់​អ្នកលក់ ត្រូវធ្វើ​ក្នុង​កម្រិត​២​ដង នៃ​ប្រាក់​កក់​នោះទេ វា​អាចធ្វើ​ក្នុង​កម្រិត​ច្រើនជាង​នេះ តាម​ការព្រមព្រៀង​។ ប៉ុន្តែ​ការកំណត់​នេះ គឺជា​កម្រិត​នៃ​ការសង អប្បបរមា​របស់​អ្នកលក់​។​
 
៦. លិខិត​ប្រគល់ និង​ទទួល​ប្រាក់​
​លិខិត​ប្រគល់ និង​ទទួល​ប្រាក់ គឺជា​លិខិតធានា ឬ​បញ្ជាក់ថា​ភាគី​ទាំងសងខាង បានប្រគល់ និង​ទទួល​ប្រាក់​ហើយ​។ ប៉ុន្តែ​វា​មិនមាន​ការតម្រូវ​ឲ្យ​ធ្វើ​ដោយ​ច្បាប់​ជាលា​យ​ល័​ក្ខ​អក្សរ​នោះទេ​។ ជា​គុណសម្បត្តិ​នៃ​លិខិត​នេះ សម្រាប់​ការទិញ​លក់​អចលនទ្រព្យ វា​ជួយ​បញ្ចៀស​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមានឡើង ដោយ​បំណង​មិនល្អ​របស់​គូភាគី ទាក់ទង​នឹង​ការប្រគល់​ប្រាក់​។  
 
៧. កិច្ចព្រមព្រៀង​រួម ស្តីអំពី​ការអនុញ្ញាត​ឲ្យ​សាច់ញាតិ​លក់​ដី​
​កិច្ចព្រមព្រៀង​នេះ ជា​កិច្ចសន្យា​ដែល​ធ្វើ​ដោយ​បុគ្គល​តែ​ម្នាក់ ដែលជា​អ្នកផ្តល់​ឲ្យ​។ ការចាត់ចែង​ទិញ​លក់​ដី អាចធ្វើ​ទៅបាន​សម្រាប់តែ​អ្នកមាន​កម្មសិទ្ធិ​តែប៉ុណ្ណោះ លុះត្រាតែ​មានការ​អនុញ្ញាត​ដោយ​ម្ចាស់​កម្មសិទ្ធិ​។ កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឲ្យ​សាច់ញាតិ ក្នុងការ​ចាត់ចែង អាចធ្វើ​បាន​ដោយ​ឲ្យ​សិទ្ធិ​មួយ​ភាគ ឬ​ទាំងអស់​ទៅ​សាច់ញាតិ​នោះ​។​
 
៨. លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (​សម្រាប់​អ្នកទិញ​)
​លិខិត​នេះ ជាការ​ព្រមព្រៀង​បញ្ជាក់​ពី​បំណង ក្នុង​ការទិញ​អចលនទ្រព្យ​មួយ​របស់​អ្នកទិញ​។ ក្នុង​បរិបទ​ច្បាប់ ដើម្បី​បង្កើត​ឲ្យ​បាន​កិច្ចសន្យា​មួយ អ្នកទិញ​ត្រូវ​បញ្ជាក់​ពី​ការចង់បាន​ណាមួយ​ពី​អ្នកលក់ ដែល​គេ​ហៅថា​ជា​សំណើ​។ នៅពេលដែល​មានការ​បញ្ជា​ក់​បែបនេះ អ្នកលក់​អាច​យល់ព្រម​លក់ ឬ​មិន​លក់​តាមចិត្ត​ចង់​របស់គេ​។ ដូច្នេះ លិខិត​នេះ​ជាការ​បញ្ជាក់​ពី​ការចង់​ទិញ​អចលនទ្រព្យ​នោះ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com