ជាតិ
សង្គមជាតិ
សមត្ថកិច្ច បាញ់ឡើងលើ៥គ្រាប់ ខណៈពលរដ្ឋ២០០នាក់នៅស្រែអំបិល ទៅទាមទារឲ្យដោះលែងគ្នាម្នាក់
21, Jun 2019 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋប្រមាណ២០០នាក់ បានតវ៉ាឲ្យសមត្ថកិច្ចដោះលែងពលរដ្ឋម្នាក់ ដែលត្រូវបានឃាត់ ទៅតុលាការ ក្នុងករណីសង់ផ្ទះលើដីឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង។ ការតវ៉ានេះ បានឈានដល់ការផ្ទុះអាវុធចំនួន៥គ្រាប់ ដោយសមត្ថកិច្ច បានបាញ់ឡើងលើ ដើម្បីបញ្ឈប់ការរារាំងនិងគប់ដុំថ្មពីប្រជាពលរដ្ឋ។ នេះបើតាមអភិបាលរង លោក សុខ សុទ្ធិ ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។



លោក សុខ សុទ្ធិ បានអះអាងថា «ការធ្វើសកម្មភាពរបស់ពលរដ្ឋ គឺមិនត្រឹមត្រូវទេ ដែលគប់ដុំថ្មបែបនេះ។ រួមទាំងជនសង្ស័យ បានសង់ផ្ទះលើឧទ្យានជាតិ ហើយក៏មានការហាមឃាត់ជាច្រើនដងដែរ។»

អភិបាលរងខេត្តកោះកុងបានឲ្យដឹងថា ក្រុមការងារស្នាក់ការស្រែអំបិល បានដើរល្បាតក្នុងភូមិសាស្ត្រ និងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២០មិថុនា ហើយបានជួបប្រទះប្រជាពលរដ្ឋប្រហែល២០០នាក់ នាំគ្នាទៅរារាំងបិទផ្លូវក្រុមការងារ និងឃាត់រថយន្តក្រុមការងារមិនឲ្យធ្វើដំណើរត្រឡប់ទៅទីស្នាក់ការល្បាតវិញ។ លោក សុខ សុទ្ធិ បានបន្តថា ការរារាំងតវ៉ានេះ គឺដើម្បីទាមទារការឲ្យដោះលែងពលរដ្ឋម្នាក់ឈ្មោះ រំ សំអុល ភេទប្រុស អាយុ៣២ឆ្នាំ។

ជនសង្ស័យត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន ក្នុងករណីសង់ផ្ទះខុសច្បាប់លើដីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាលពីសប្តាហ៍មុន។ បន្ទាប់ពីមានការរារាំងក្រុមការងារល្បាត រួមជាមួយនគរបាលប៉ុស្តិ និងនគរបាលអធិការដ្ឋានស្រុកស្រែអំបិលបានព្យាយាមសម្របសម្រួលដើម្បីឲ្យពួកគាត់បើកផ្លូវ តែពួកគាត់មិនព្រម ហើយទាមទារឲ្យខាងក្រុមការងារចុះល្បាតបញ្ជាក់និងសន្យាដោះលែងជនសង្ស័យឈ្មោះ រំ សំអុល នៅថ្ងៃណាឲ្យច្បាស់លាស់។

បន្ទាប់មកក្រុមការងារល្បាតបានសម្រេចចិត្តសំរុកចេញពីការរារាំង ខណៈដែលសម្រុកចេញនោះ ក្រុមប្រជាពលរដ្ឋបានដេញតាមនិងគប់ដុំថ្មមកលើកំលាំងល្បាតធ្វើឲ្យបែកកញ្ចក់ឡាន។ ទន្ទឹមនឹងនេះ ក្រុមល្បាតក៏បានបាញ់គំរាមឡើងលើចំនួន៥គ្រាប់ ដើម្បីបញ្ឈប់សកម្មភាពចោលដុំថ្ម និងដេញតាមពីក្រុមប្រជាពលរដ្ឋ។ ក្នុងហេតុការនេះ បណ្ដាលឲ្យបែកកញ្ចក់ឡាន២គ្រឿង ហើយពុំមានប្រជាពលរដ្ឋណាម្នាក់ឬកម្លាំងសមត្ថកិច្ចណាមួយរងរបួសឡើង។

ចំណែកក្រុមការងារដែលជាប់ក្នុងការរារាំងមាន កងរាជអាវុធហត្ថចំនួន២២នាក់ មន្ត្រីបរិស្ថានចំនួន៦នាក់ ជំនួយការរបស់អង្គរការ៤នាក់ និងជនបរទេស២នាក់៕

Tag:
 ខេត្តកោះកុង
  ពលរដ្ឋតវ៉ា
  ផ្ទុះអាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com