កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អូឡាំពិក​៖ មាន​អត្ត​ព​លិ​ក​ជា​ជនភៀសខ្លួន​៩​ប្រទេស ចូលរួម​នៅ​តូ​ក្យូ
21, Jun 2019 , 8:39 pm        
រូបភាព
សមាជិកក្រុមអត្តពលិកជាជនភៀសខ្លួននាកីឡាអូឡាំពិកឆ្នាំ២០១៦ នៅក្រុងរីយ៉ូប្រទេសប្រេស៊ីល
សមាជិកក្រុមអត្តពលិកជាជនភៀសខ្លួននាកីឡាអូឡាំពិកឆ្នាំ២០១៦ នៅក្រុងរីយ៉ូប្រទេសប្រេស៊ីល
​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ថ្ងៃទី​២០ ខែមិថុនា អះអាងថា​នឹងមាន​អត្ត​ព​លិ​ក​ជា​ជនភៀសខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នាទី​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ច្រើនជាង​អូឡាំពិក​ក្នុង​ក្រុង Rio de Janeiro កាលពី​៤​ឆ្នាំមុន ដែល​មានតែ​១០​រូប​។​


 
IOC បានបង្ហាញ​បញ្ជី​ឈ្មោះ​ជនភៀសខ្លួន​ចំនួន ៣៧​នាក់​ដែល​បច្ចុប្បន្នកំពុង​ទទួល​បាន​អាហារូបករណ៍​អូឡាំពិក​សម្រាប់​ការប្រកួតប្រជែង​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​ក្រោយនេះ​។ យ៉ាងណា IOC បាន​ព្យាយាម​មិន​បន្ថែម​អត្ត​ព​លិ​ក​ជា​ជនភៀសខ្លួន​ឲ្យ​លើសពី​ចំនួន​៣៧​រូបនេះ​ឡើយ​។​


លោក Thomas Bach ប្រធាន IOC
 
​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​៣៧​ខាងលើ មាន​អត្ត​ព​លិ​ក​ចំនួន​១០​រូប​ធ្លាប់បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ប្រេ​ស៊ី​ល​រួចមកហើយ​។ អត្ត​ព​លិ​ក​ទាំង​១០​រូបនោះ គឺ​មកពី​ប្រទេស​ស៊ី​រី កុង​ហ្គោ អេ​ត្យូ​ពី និង​ស៊ូដង់​ខាងត្បូង​ដោយ​ចូលរួម​ប្រកួតប្រជែង​ក្នុង​វិញ្ញាសា​ហែល​ទឹក និង​យូ​ដូ​។​
 
​ប្រធាន IOC លោក Thomas Bach មានប្រសាសន៍ថា​នៅ​ដំណាក់កាល​នេះ​ស្ថាប័ន​លោក​នៅ​មិនទាន់​អាច​សម្រេច​ពី​ចំនួន​កីឡាករ​ជា​ជនភៀសខ្លួន​បាន​នៅឡើយ​ទេ ប៉ុន្តែ​អ្វីដែល​លោក​ជឿជាក់​គឺ​នៅ​តូ​ក្យូ​ឆ្នាំ​២០២០ នឹងមាន​ចំនួន​ច្រើនជាង​នៅ​ក្រុង Rio ឆ្នាំ​២០១៦​។ 
 
​លោក Bach បន្ថែមថា​៖«​បច្ចុប្បន្ន​យើង​មាន​អត្ត​ព​លិ​ក​ជា​ជនភៀសខ្លួន ៣៧​រូប​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការសម្រេចចិត្ត​ចុងក្រោយ​ទៅកាន់​ក្រុង​តូ​ក្យូ​»​។​
 
​សមាជិក​ក្រុម​អត្ត​ព​លិ​ក​ទាំង ៣៧​នាក់​ត្រូវបាន​លោក Bach អះអាងថា​ជា​ជនភៀសខ្លួន​មកពី​អា​ហ្វ​ហ្គា​នី​ស្ថាន កា​មេ​រូ​ន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អ៊ី​រី​ត្រេ អេ​ត្យូ​ពី អ៊ីរ៉ង់ ស៊ូដង់​ខាងត្បូង ស៊ូដង់ និង​ស៊ី​រី ហើយ​ពួកគេ​កំពុង​ហ្វឹកហាត់​នៅក្នុង​១១​ប្រទេស​ផ្សេងគ្នា ក្នុង​ប្រភេទ​កីឡាអត្តពលកម្ម កីឡា​វាយ​សី ប្រដាល់ យូ​ដូ កា​រា​តេ តេ​ក្វាន់​ដូ ហែល​ទឹក និង​កីឡា​លើក​ទម្ងន់​។ នៅ​ខែមេសា ឆ្នាំក្រោយ​ពួកគេ​នឹងត្រូវ​ហ្វឹកហាត់​រួមគ្នា​តែម្តង​ដើម្បី​ត្រៀម​រួមគ្នា​ទៅកាន់​ប្រទេស​ជប៉ុន​ដែល​ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ​ពីថ្ងៃ​ទី​២៤ ខែ​ដ​ក្កដា ដល់​ថ្ងៃទី​៩ ខែសីហា​ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​លើក​ទី​១២៥ ដែល​ជប៉ុន​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២០ មាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ចំនួន​១១០៩១​នាក់ មកពី​២០៦​ប្រទេស​ជុំវិញ​ពិភពលោក ដើម្បី​ប្រកួតប្រជែង​គ្នា​ក្នុង​៣៣​ប្រភេទ​កីឡា និង​៣៣៩​វិញ្ញាសា​៕
 

Tag:
 ​កីឡា​អូឡាំពិក​
  IOC
  តូ​ក្យូ​
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com