អន្តរជាតិ
បក្ស​អំណាច​អង់គ្លេស រកឃើញ​បេក្ខជន​ពីរ​នាក់​ចុងក្រោយ​ដែល​ត្រូវ​ស្នង​តំណែង​លោកស្រី ម៉េ​យ៍
21, Jun 2019 , 9:19 pm        
រូបភាព
អតីតរដ្ឋមន្រ្តីការបរទេស បូរីស ចនសុន និងរដ្ឋមន្រ្តីការបរទេសសព្វថ្ងៃ ជេរេមី ហាន់ ជាបេក្ខជនចុងក្រោយដែលត្រូវប្រជែងកៅអីនាយករដ្ឋមន្ត្រីអង់គ្លេស។ រូបភាព The Independent
អតីតរដ្ឋមន្រ្តីការបរទេស បូរីស ចនសុន និងរដ្ឋមន្រ្តីការបរទេសសព្វថ្ងៃ ជេរេមី ហាន់ ជាបេក្ខជនចុងក្រោយដែលត្រូវប្រជែងកៅអីនាយករដ្ឋមន្ត្រីអង់គ្លេស។ រូបភាព The Independent
​គណបក្ស​អភិរក្ស​កំពុងកាន់​អំណាច​នៅ​អង់គ្លេស រកឃើញ​បេក្ខជន​ពីរ​នាក់​ដែល​ត្រូវ​តទល់​គ្នា​ដើម្បី​ស្នង​តំណែង​បន្ត​ពី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ នៅ​ជុំ​ចុងក្រោយ អតីតរដ្ឋមន្ត្រី​ការបរទេស បូរី​ស ច​ន​សុន ត្រូវ​ប្រជែង​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បច្ចុប្បន្ន ជេ​រេ​មី ហាន់ ( Jeremy Hunt) ។ បេក្ខជន​ទាំងពីរ ទទួល​សំឡេងគាំទ្រ​លំដាប់​ទីមួយ និង​ទី​ពីរ​ក្នុងការ​បោះឆ្នោត​ជម្រុះ​ថ្ងៃទី​២០ ខែមិថុនា​។ លទ្ធផល​ចុងក្រោយ នឹងត្រូវ​ប្រកាស​នៅ​ខែកក្កដា​។

 
​ពី​ដប់​នាក់ មក​ត្រឹម​ពីរ​នាក់​។ ឆ្លងកាត់​ការបោះឆ្នោត​ជម្រុះ​ប្រាំ​ជុំ​រួចមក បេក្ខជន​ពីរ​នាក់​ចុងក្រោយ​ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ហើយ​។ មន្ត្រីការទូត​អង់គ្លេស​ពីរ​នាក់ នឹងត្រូវ​តទល់​គ្នា​ដើម្បី​សម្រេច​ថា នរណា​នឹង​ក្លាយជា​ប្រធាន​បក្ស​អភិរក្ស​ថ្មី ហើយ​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជំនួស​លោកស្រី ម៉េ​យ៍ ។ 
 
​ក្នុងការ​បោះឆ្នោត​ជម្រុះ​ជុំ​ទី​ប្រាំ​ថ្ងៃទី​២០ ខែមិថុនា អតីតរដ្ឋមន្ត្រី​ការបរទេស បូរី​ស ច​ន​សុន ដែល​តែង​ទទួល​សំឡេង​នាំមុខគេ​ក្នុងការ​បោះឆ្នោត​បួន​ជុំ​កន្លងមក បន្ត​ឈរ​លេខ​រៀង​ទីមួយ​ដដែល ដោយ​ទទួល​សំឡេងគាំទ្រ​ចំនួន​១៦០ ពី​អង្គ​បោះឆ្នោត​សរុប​៣១៣ ។ រដ្ឋមន្ត្រីការបរទេស​សព្វថ្ងៃ ជេ​រេ​មី ហាន់ នៅ​លំដាប់​ទី​ពីរ ជាមួយនឹង​សំឡេងគាំទ្រ​៧៧ ។ ដូចនេះ លោក ច​ន​សុន និង​លោក ហាន់ ត្រូវ​ប្រជែង​គ្នា​នៅ​វគ្គ​ចុងក្រោយ​ដែលមាន​សមាជិក​បក្ស​ទូទាំងប្រទេស​ជាង​១៦​ម៉ឺន​នាក់ ជា​អង្គ​បោះឆ្នោត​។​
 
​លោក ច​ន​សុន ដែលជា​អតីត​អភិបាលក្រុង​ឡុង​ដ៍ ពេញចិត្ត​លទ្ធផល​បោះឆ្នោត​នេះ​ជាខ្លាំង ព្រោះ​លោក​ទទួលបាន​ការគាំទ្រ​ពី​សហការី​ក្នុង​សំឡេង​ច្រើនជាង​ពាក់កណ្ដាល​នៃ​សំឡេង​សរុប​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ច​ន​សុន លើកឡើងថា លោក​នឹងធ្វើ​ដំណើរ​ទៅ​ទូទាំងប្រទេស​ដើម្បី​បង្ហាញ​គោលនយោបាយ​របស់លោក​ទៅកាន់​ប្រជាជន បង្រួបបង្រួម​ប្រទេស និង​បង្កើត​អនាគត​ភ្លឺស្វាង​ឲ្យ​ប្រជាជន​ផងដែរ​។​
 
​ចាប់ពី​ថ្ងៃទី​២២ ខែមិថុនា​ទៅ បេក្ខជន​ទាំងពីរ នឹង​ចាប់ផ្ដើម​ឃោសនា​រក​ការគាំទ្រ​ពី​សមាជិក​មូលដ្ឋាន​ទូទាំងប្រទេស​។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បក្ស​អភិរក្ស នឹងត្រូវ​ប្រកាស​នៅ​អំឡុង​សប្ដាហ៍​នៃ​ថ្ងៃទី​២២ ខែកក្កដា​ខាងមុខ​។ 
 
​គោលជំហរ​បេក្ខជន​លើ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​
 
​ទាំង​លោក ច​ន​សុន ទាំង​លោក ហាន់ សុទ្ធតែ​ប្រកាន់​ជំហរ​ហ​អូស​ដៃ​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដូចគ្នា ប៉ុន្តែ​លោក ច​ន​សុន ហាក់​មាន​ជំហរ​ដាច់ខាត​ជាង​។ តាម​កាលបរិច្ឆេទ​ថ្មី អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៣១ ខែតុលា ដែល​នេះ​ធ្វើ​ឲ្យ​អនាគត​នាយករដ្ឋមន្ត្រី​របស់​អង់គ្លេស មាន​ពេល​មិន​ច្រើន​ឡើយ​សម្រាប់​ការស្វែងរក​ការគាំទ្រ​ពីស​ភា​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ​នោះ​។​
 
​សម្រាប់​លោក ច​ន​សុន អង់គ្លេស នឹង​ចាក​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១ ខែតុលា​ជាដាច់ខាត មិន​សំខាន់​ថា មាន​ឬ​មិនមាន​កិច្ចព្រមព្រៀង​ឡើយ​។ ឯ​លោក ហាន់ វិញ សន្យា​នាំ​អង់គ្លេស​ចេញ​អឺរ៉ុប​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​បាន ហើយ​លោក​ក៏​បើកផ្លូវ​ការ​ដល់​ការពន្យារពេល​លែងលះ​ម្ដងទៀត​ដែរ បើសិនជា​រយៈពេល​នេះ​អាច​រកបាន​កិច្ចព្រមព្រៀង​មួយ​សមរម្យ​នោះ​។ មាន​ចំណុច​ដូចគ្នា​រវាង​បេក្ខជន​ទាំងពីរ គឺ​អង់គ្លេស​អាច​ចេញពី​អឺរ៉ុប​ទាំង​គ្មាន​កិច្ចព្រមព្រៀង​។​
 
​មិន​ថា​លោក ច​ន​សុន ឬ​លោក ហាន់ ឡើយ អ្នកណា​ដែល​ស្នង​តំណែង​បន្ត​លោកស្រី ម៉េ​យ៍ ត្រូវតែ​ស្វែ​រក​ការឯកភាព​ក្នុង​សភា​ជាមុនសិន ទើប​អាច​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​បាន​ស្រួល​។ បច្ចុប្បន្ន បក្ស​អភិរក្ស មានការ​បែកបាក់​ខ្លាំង​រវាង​អ្នកគាំទ្រ​ឲ្យ​ចាកចេញ​ដោយមាន​កិច្ចព្រមព្រៀង និង​អ្នក​ដែល​ចង់​ចាកចេញ​ដាច់ខាត​៕   
 

Tag:
 ​អង់គ្លេស​
  Brexit
  ថេ​រ៉េ​សា ម៉េ​យ៍​
  បូរី​ស ច​ន​សុន​
  ជេ​រេ​មី ហាន់
© រក្សាសិទ្ធិដោយ thmeythmey.com