កីឡាអន្តរជាតិ
អន្តរជាតិ
Torres ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ នៅត្រឹម​អាយុ​៣៥​ឆ្នាំ​
21, Jun 2019 , 7:19 pm        
រូបភាព
Fernando Torres អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Liverpool និង Chelsea ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​នៅត្រឹម​វ័យ​៣៥​ឆ្នាំ​។​​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​ប្រើប្រាស់​រយៈពេល​១៨​ឆ្នាំ​សម្រាប់​អាជីព​មួយ​នេះ តាំងពី​លេង​ឲ្យ Atletico Madrid នៅ​ឆ្នាំ ២០០១​។ រហូតដល់​បច្ចុប្បន្ន Torres កំពុង​លេង​ឲ្យ Sagan Tosu ក្រុម​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ជប៉ុន (J1 League)​។


 
Torres បង្ហាញខ្លួន​ឲ្យ​អេ​ស្ប៉ា​ញ​ចំនួន​១១០​ប្រកួត និង​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យ​ឲ្យ​ប្រទេស​របស់គេ​ឈ្នះ​ពាន Euro ឆ្នាំ​២០០៨ និង​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅ Euro ឆ្នាំ​២០១២ ដែល​អេ​ស្ប៉ា​ញ​លើក​ពាន​ដែរនោះ​។​
 
 «​បន្ទាប់ពី​រយៈពេល​១៨​ឆ្នាំ​ដ៏​គួរ​ឲ្យ​រំភើប នេះ​ជា​ពេលវេលា​ដែល​ខ្ញុំ​ត្រូវ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​»​។ Torres និយាយ​បែបនេះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ លោក​បន្ថែមថា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​២៣ ខែមិថុនា​ខាងមុខ​ដើម្បី​ពន្យល់​លម្អិត​ពី​ការចូលនិវត្តន៍​នេះ​។​


 
Torres បាន​ផ្លាស់​ពី AT-Madrid ទៅ​ហង្ស​ក្រហម Liverpool ក្នុងតម្លៃ ២០​លាន​ផោន (២៥​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ​២០០៧ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៨១​គ្រាប់ ក្នុង​១៤២​ប្រកួត​។ ក្នុង​ឆ្នាំ​២០១១ រូបគេ​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Chelsea ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​ជា​កំណត់ត្រា​នៅ​អង់គ្លេស​ចំនួន ៥០ លាន​ផោន (៦៣​លាន​ដុល្លារ​)​។​
 
​បើទោះបី​មិនបាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​សម​នឹង​តម្លៃ​នៅ Stamford Bridge ក្តី ប៉ុន្តែ Torres បាន​ជួយ​តោ​ខៀវ​ឈ្នះ​ពាន Champions League នៅ​ឆ្នាំ​២០១២ រួមទាំង​ពានរង្វាន់ FA Cup និង Europa League ក្នុង​ឆ្នាំ​២០១៣​ផង​។​
 
​ឆ្នាំ​២០១៥ Torres បាន​ត្រឡប់​ទៅ​ក្លិប​ចាស់​របស់គេ AT-Madrid រហូត​ឆ្នាំ​២០១៨ បាន​ទៅ​ចូលរួម​ក្លិប​នៅ​ជប៉ុន Sagan Tosu ដល់​សព្វថ្ងៃ​៕

Tag:
 បាល់ទាត់​
  Fernando Torres
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com