ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
វត្តមាន​«​លៀស​»​នៅ​ស្រុក​កំពង់សៀម ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជា​នេសាទ​ឡើងវិញ​
07, Jul 2019 , 4:59 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ ការបាត់បង់​លៀស​និង​ខ្ចៅ​ធម្មជាតិ​នៅក្នុង​បឹង​ធំ នៃ​ស្រុក​កំពង់សៀម ត្រូវបាន​ប្រជា​នេសាទ នៅ​ភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ អះអាងថា មាន​អ្នកនេសាទ​ខុសច្បាប់​មួយក្រុម ដែល​ធ្វើ​ឲ្យ​ពាយ​ដាច់​ពូជ តាំងពី​ឆ្នាំ​២០១៦ ។ នេសាទ​ខុសច្បាប់​ដោយសារ​ពួកគេ ប្រើ​ម៉ាស៊ីន​អូស​ស្បៃ​មុង​ដែល​អាច​ប្រមូល​ដល់​ក្នុង​ភក់​ជ្រៅ ធ្វើ​ឲ្យ​លៀស​និង​ខ្ចៅ​ទាំងនោះ​ដាច់​ពូជ​អស់ពី​ក្នុង​បឹង​ធំ ខណៈដែល​ប្រជា​នេសាទ​ប្រមាណ​២០​គ្រួសារ​នៅ ភូមិ​ក្តី​បឹង ប្រើតែ​ឈ្នៀងដៃ​តាមបែប​ប្រៃ​ណី​ប៉ុណ្ណោះ​។ ករណីនេះ​បានធ្វើ​ឲ្យ​ប្រជា​នេសាទ​ទាំងនោះ បាត់បង់​ចំណូល​ប្រចាំថ្ងៃ រហូត​ធ្វើ​ឲ្យ​គ្រួសារ​ខ្លះ សម្រេចចិត្ត​ទៅធ្វើជា​កម្មករសំណង់ និង​ខ្លះទៀត ចំណាកស្រុក​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​។ ទើបតែ​ដើមឆ្នាំ​២០១៩​នេះ លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​ធំ​ចាប់ផ្តើម​កកើតឡើង​វិញ បានផ្តល់​ក្តីសង្ឃឹម​ដល់​អ្នកភូមិ​ក្តី​បឹង​ឲ្យ​ត្រឡប់មក​ប្រកបមុខរបរ​នៅក្បែរ​ផ្ទះ ដែល​ពួកគាត់​បានធ្វើ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​។​


 
​លោក យាន ឈន់ ជា​ប្រជា​នេសាទ​មួយរូប​ដែល​រស់នៅ​ភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ថ្លែងប្រាប់ ThmeyThmey25 ថា កក្តា​ដែល​ធ្វើ​ឲ្យ​ប្រជា​នេសាទរ​កលៀស​និង​ខ្ចៅ​មិនបាន​កាលពី​៣​ឆ្នាំមុន (​ឆ្នាំ​២០១៦) ព្រោះ​មានការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​។ លោក ឈន់ បញ្ជាក់ថា អ្នកនេសាទ​មួយក្រុម​នោះបាន​ប្រើ​ម៉ាស៊ីន​អូស​ស្បៃ​មុង​ដល់​ភក់​ជ្រៅ គឺ​បាន​អូស​យក​អស់ ទើប​ធ្វើ​ឲ្យ​លៀស​និង​ខ្ចៅ​ដែល​នៅក្នុង​បឹង​ពាយ​ងាប់​អស់​។ នៅ​ដើមឆ្នាំ​២០១៩ លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​នេះ​កកើត​ឡើងវិញ បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​លោក ឈន់ និង​ប្រជា​នេសាទ​ផ្សេងទៀត អនុ​ញ្ញា​ឲ្យ​ពួកគាត់​បាន​ត្រឡប់មក​រកប្រាក់​ផ្គង់​ផ្គង់​គ្រួសារ​ជាថ្មី​បន្តទៀត តាមរយៈ​ការប្រកប​របរ​រាវ​លៀស​និង​ខ្ចៅ​នេះ​។  


 
«​ឥឡូវ​មាន​លៀស​និង​ខ្ចៅ​មកវិញ អារម្មណ៍​ខ្ញុំ​ដូច​រស់​ឡើងវិញ​។ កាលពីមុន​ខ្ញុំ​ស្លាប់បាត់​ហើយ តែ​ឥឡូវ ខ្ញុំ​កើតឡើង​វិញ​ដោយសារ​បាន​លៀស​បាន​ខ្ចៅ​ជួយ​ជីវិត​ខ្ញុំ​ឲ្យ​បាន​រស់​»​។ នេះ​ជាស​ម្តី​របស់​អ្នកស្រី គង់ សេង ដែល​អង្គុយ​ក្រោម​ឆត្រ​ក្បែរ​មាត់បឹង​ធំ​រើស​លៀស​និង​ខ្ចៅ​ណា​ដែល​ល្អ​។ អ្នកស្រី សេង និង​ស្វាមី​ដែល​ធ្លាប់​បាត់បង់​របរ​មួយ​នេះ​កាលពី​៣​ឆ្នាំមុន បាន​រៀបរាប់​ប្រាប់ ThmeyThmey25 បន្ថែមថា​៖«​ខ្ញុំ​រំភើប ស្បាយ​ចិត្តបាន​នៅក្នុង​ស្រុក ហើយ​បានឃើញ​គេ​ឃើញ​ឯង​។ ទោះ​ខ្ញុំ​អាច​រកចំណូលបាន​១០​ម៉ឺន​រៀល ឬមួយ​ក៏​២​ម៉ឺន​រៀល ក៏​អាច​រកបាន​ហូប​រាល់ថ្ងៃ​ដែរ​។ ហ្នឹង​ខ្ញុំ​ស​ប្បា​ចិត្តត្រង់​ហ្នឹង​!»​។​


 (អ្នកស្រី គង់ សេង អ្នករាវលៀសនិងខ្ចៅនៅក្នុងបឹងធំ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម)

អ្នកស្រី លន់ សួ មាន​វ័យ​៥៦​ឆ្នាំ ដែល​បាន​ប្រក​មុខរបរ​នេះ​អស់​រយៈពេល​៣៣​ឆ្នាំ​មកហើយ​នោះ បាន​ឲ្យ​ដឹងថា ស្វាមី​របស់​អ្នកស្រី​ក្រោក​នៅ​ម៉ោង​៤​ទៀបភ្លឺ ដើម្បី​អូស​យក​លៀស​និង​ខ្ចៅ​ដោយ​ប្រើ​ឈ្នៀងដៃ​តាមបែប​ប្រៃ​ណី​រហូតដល់​ម៉ោង​៨​ព្រឹក​។ អ្នកស្រី លន់ សួ ដែល​កំពុង​រែង​លៀស​និង​ខ្ចៅ​យក​ដី​ចេញ និង​លើក​មកលើ​គោក ដើម្បី​រើសយក​លៀស​និង​ខ្ចៅ​ណា​ល្អ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃ​អ្នកស្រី​និង​ស្វាមី​អាច​រកចំណូលបាន​ពី​៥ ទៅ ៧​ម៉ឺន​រៀល​ពីរ​បរ​រាវ​លៀស​និង​ខ្ចៅ​នេះ ប៉ុន្តែ អ្នកស្រី​បានបញ្ជាក់​ថា ខ្ចៅ​មួយ​ធុង​ស្ពេ​ត្រូល​ក់បាន​តម្លៃ ១៤,០០០​ពាន់​រៀល រីឯ​លៀស​វិញ​លក់បាន​តម្លៃ​៥​ម៉ឺន​រៀល​។​


 
​កំពុង​ឱន​រើស​លៀស​និង​ខ្ចៅ​នៅលើ​ទូក​ឈើ​ដែល​អូស​បាន លោក ចា​នី ឆ្លៀ​ង​ពី​ការងារ​ដើរមក​មាត់បឹង​ប្រាប់ ThemyThmey25 ពី​ការ​ប្រក​មុខរបរ​របស់គាត់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ក្រោក​ពី​ម៉ោង​៣ ឬ​ម៉ោង​៤​ទៀបភ្លឺ ចុះទៅ​អូស​លៀស​និង​ខ្ចៅ ហើយ​ត្រូវ​ឈរ​នៅ​ហាលថ្ងៃ​រើសយក​លៀស​និង​ខ្ចៅ​ស្អុយ​ចោល​។ ទោះបីជា ការងារ​ប្រចាំ​ថ្ងៃនេះ​ហត់​គួរសម​ដែរ តែ​ខ្ញុំ​យល់ថា មិន​លំបាក់​ដូច​ខ្ញុំ​ធ្លាប់ធ្វើ​សំណង់ កាលពី​លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​ធំ​នេះ ពាយ​អស់​ទេ​»​។​


 
​លោក ចា​នី និយាយ​ឧបសគ្គ​ដែល​លោក​ជួប​ទាំង​អស់សំណើច​ថា ពេល​ចុះ​ទៅដល់​បឹង​បម្រុង​នឹង​អូស​លៀស​និង​ខ្ចៅ​ហើយ ស្រាប់តែ​ម៉ាស៊ីន​ទូក​ខូច​រវៃ​មិន​ឆេះ គឺ​មានតែ​ត្រឡប់មកផ្ទះ​វិញ​ប៉ុណ្ណឹង​។ តែ​យ៉ាងណា​ប្រជា​នេសាទ ចា​នី មិន​ព្រួយ​រឿង​រក​អ្នកទិញ​លៀស​និង​ខ្ចៅ​ឡើយ ដោយ​លោក​បញ្ជាក់ថា​៖«​របរ​នេះ​មាន​ម៉ូ​យមក​ចាំ​ទិញ​ដល់​កន្លែង ហើយ​ខ្ញុំ​អាច​រកបាន​៦​ទៅ​៧​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែបើ​ខ្ញុំ​ប្រឹងរក​បន្ថែមទៀត គឺអាច​រកបាន​១០​ម៉ឺន​រៀល​»​។​


(លោក ចានី អ្នករាវលៀសនិងខ្ចៅនៅក្នុងបឹងធំ ដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម)
​ក្រោយ​ដឹងថា លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​ធំ​នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​នេះ ចាប់ផ្តើម​ពាយ​ម្តងទៀត ប្រជា​នេសាទ​ម្នាក់​ក្នុងចំណោម​ប្រជា​នេសាទ​ជាច្រើន​ទៀត គឺ​អ្នកស្រី គង់ សេង កំពុង​ព្រួយបារម្ភ​រឿងនេះ​ជាខ្លាំង​ដោយ​អ្នកស្រី​ពោលថា​៖«​មាន​គេ​មក​ធ្វើ​ឲ្យ​ខ្ចៅ​លៀស​ហ្នឹង​ពាយ​ពី​ក្នុង​បឹង អីចឹង​ខ្ញុំ​ចាប់ផ្តើម​បាត់វិញ្ញាណ​អស់​ពាក់កណ្តាល​ទៅវិញ​ហើយ ដោយសារ​គិត​រឿង​មុខរបរ​ហ្នឹង​»​។​


 
«​ប្រសិនបើ បាត់បង់​លៀស​និង​ខ្ចៅ​ម្តងនេះ​ទៀត គឺ​មិនដឹង​ទៅជា​យ៉ាងណា​ទៀត​ទេ ព្រោះ​រាល់ថ្ងៃ​អត់​មាន​ដី អត់​មានផ្ទះ​ជ្រក​ផង ចុះ​ទម្រាំ​តែ​លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​នេះ​វា​ពាយ​អស់​ទៀត​»​។ ប្រជា​នេសាទ គង់ សេង រស់នៅ​ភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ ដែល​អាច​ចិញ្ចឹម​ជីវភាព​គ្រួ​សារបាន​ដោយសារ​បឹង​ធំ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​នេះ និយាយ​ទាំងអស់​សង្ឃឹម​ម្តងទៀត​យ៉ាង​ដូច្នេះ​។ យ៉ាងណា​ក៏​អ្នកស្រី​មិន​ចង់​ធ្វើ​ចំណាកស្រុក​ម្តងទៀត​ឡើយ ប្រសិនបើ លៀស​និង​ខ្ចៅ​ទាំងនោះ​បាត់បង់​ពិតប្រាកដ​មែន​៕



Tag:
 លៀស​
 ​ខ្ចៅ​
 ​បឹង​ធំ​
 ​មុខរបរ​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com