អន្តរជាតិ
មុន​ជំនួប​នៅ​បាងកក លោក មហា​ធៀ ស្នើ​អាស៊ាន​ជួយ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​
22, Jun 2019 , 12:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២១ ខែមិថុនា ប្រកាស​ជួយ​ក្រុម​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ម៉ាឡេស៊ី​។ លោក មហា​ធៀ ដែល​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​សំចៃមាត់​លើ​ករណី​ជនភាគតិច​មួយ​នេះ ក៏​ស្នើ​ឲ្យ​អាស៊ាន​ជួយ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគេ​ផង​។ លោក មហា​ធៀ ស្នើ​បែបនេះ មុន​កិច្ចប្រជុំ​អាស៊ាន​នៅ​ថៃ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែមិថុនា​។​

 
​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នៅតែ​ជា​បញ្ហា​ក្ដៅ​ក្នុង​តំបន់​ដដែល ខណៈ​មិនទាន់មាន​ដំណោះស្រាយ​អ្វី​នៅឡើយ​ទេ​។ ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់ បាន​ភៀសខ្លួន​ពី​អំពើហិង្សា និង​ការរំលោភបំពាន​ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា ទៅកាន់​បង់​ក្លា​ដែ​ស ជាទី​ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ​ការខ្វះខាត​គ្រប់សព្វ​បែបយ៉ាង​។ ជីវភាព​រស់នៅ​ដ៏​យ៉ាប់យ៉ឺន បាន​បង្ខំ​ឲ្យ​ជនភាគតិច​មួយ​នេះ បន្ត​ភៀសខ្លួន​តាមផ្លូវ​សមុទ្រ​ទៅកាន់​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជាដើម​។​
 
​ទោះ​មានការ​ភ័យ​ថា ពួកគេ​ត្រូវ​លក់ដូរ​ក្ដី ជនភៀសខ្លួន​មួយក្រុម​នេះ នៅតែ​ប្រថុយ​ធ្វើដំណើរ​ទៅរក​ស្ថានភាព​ល្អប្រសើរ​ជាង​មុន​។ ម៉ាឡេស៊ី ដែលជា​គោលដៅ​សំខាន់​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នឹង​បន្ត​ជួយ​ពួកគេ​តាម​លទ្ធភាព​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ពី​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​២១ ខែមិថុនា មុន​មួយថ្ងៃ​ការចាប់ផ្ដើម​ជំនួប​ប្រចាំឆ្នាំ​មេដឹកនាំ​អាស៊ាន​ដែល​ថៃ​ជា​ម្ចាស់ផ្ទះ​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រៅ​វេទិកា​ជំនួញ​មួយ លោក មហា​ធៀ និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទាំងនោះ ជា​ជនភៀសខ្លួន ហើយ​បើ​មាន​អ្វីដែល​ជួយ​បាន ម៉ាឡេស៊ី​នឹង​ជួយ​។ មេដឹកនាំ​ម៉ាឡេស៊ី​វ័យ​៩៣​ឆ្នាំ​រូបនេះ ក៏​សង្ឃឹមថា អាស៊ាន​អាចជួយ​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើបាប​លើ​ជនភាគតិច​មូស្លីម​មួយ​នេះ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក៏​ព្រោះ​រឿង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ លោក មហា​ធៀ កាលពី​ឆ្នាំមុន បាន​ប្រើពាក្យ​ធ្ងន់ៗ​រិះគន់​រដ្ឋា​ភិ​បា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​មិនបាន​ជួយ​ការពារ​សិទ្ធិ​របស់​ពួកគេ​សោះ ហើយ​បើកដៃ​ឲ្យ​យោធា​ប្រព្រឹត្ត​អំពើហិង្សា​លើ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ថែមទៀត​។ វា​ជា​រឿង​កម្រ​ដែល​មេដឹកនាំ​អាស៊ាន​រិះគន់​គ្នាឯង​ដោយ​ចំហ​បែបនេះ ប៉ុន្តែ​វិបត្តិ​មួយ​នេះ​ពិតជា​ឈានដល់​ដំណាក់កាល​មួយ​ដែល​មិនមែនជា​រឿង​រវាង​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​ទៀតឡើយ​។​
 
​តាមពិតទៅ ក្រុង​ណៃ​ពិដោ និង​ក្រុង​ដា​ក្កា​មាន​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យា់​ជាង​៧​សែន​នាក់​ដែល​កំពុង​រស់នៅ​ជំរំ​ភៀសខ្លួន​ក្បែរ​ព្រំដែន​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ជាប់គាំង​ដ្បិត​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើន​លើសលប់ មិនមាន​បំណង​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ឡើយ​។ របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អាស៊ាន​បង្ហា​ញ​ថា ការបញ្ជូន​ជនភៀសខ្លួន​ទៅ​កន្លែង​ដើម​នេះ អាច​ចំណាយពេល​ពីរ​ឆ្នាំ​ឯណោះ​៕   
 

Tag:
 ម៉ាឡេស៊ី​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com