អន្តរជាតិ
ការសិក្សា​៖ ចំណាយ​២​ម៉ោង​មួយ​សប្តាហ៍​ក្នុង​ធម្មជាតិ ល្អ​សម្រាប់​សុខភាព​មនុស្ស
22, Jun 2019 , 2:23 pm        
រូបភាព
ដោយ:
​មនុស្ស​ដែល​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ទីកន្លែង​ធម្មជាតិ យ៉ាងហោចណាស់​២​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ទំនង​ជាមាន​សុខភាព​ល្អ និង​សុខា​មាល​ភាព​ផ្លូវចិត្ត​។ ការសិក្សា​ជាច្រើន​ក្នុង​ចក្រភព​អង់គ្លេស អះអាង​បែបនេះ​។

 
 
​អ្នកស្រាវជ្រាវ បាន​រកឃើញថា វា​មិន​សំខាន់​ថា អ្នកចូលរួម​ប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​នៅក្រៅ​ផ្ទះ​ទេ ទោះជា​រយៈពេល​វែង ឬ​ខ្លី​ក្តី ប៉ុន្តែ​អ្វីដែល​ចាត់ទុកជា​សប្តាហ៍​ដ៏​សំខាន់​នោះ គឺថា ពួកគេ បាន​ចូលទៅ​កម្សាន្ត​ក្នុង​ធម្មជាតិ​ដល់ ៥​ម៉ោង​។ នេះ មានន័យថា ពេលវេលា​កាន់តែ​យូរ កាន់តែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​។ 
 
​អ្នកដឹកនាំ​ការស្រាវជ្រាវ​ខាងលើ លោក Mathew White មកពី​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​សុខភាព​មនុស្ស និង​បរិស្ថាន នៅ​សាកល​វិទ្យា​វេជ្ជសាស្ត្រ Exeter ក្នុង​ចក្រភព​អង់គ្លេស គូសបញ្ជាក់ថា វេជ្ជបណ្ឌិត និង​អ្នកជំងឺ ដែល​ចំណាយពេល​ច្រើន​ក្នុង​បរិស្ថាន​ធម្មជាតិ ប្រហែល​មាន​សុខភាព​ល្អ ជាង​មនុស្ស​ធម្មតា​។ ប៉ុន្តែ គេ នៅតែ​ចោទ​ជា​សំណួរ​ថា «​តើ​រយៈពេល​ប៉ុន្មាន​ទើប​គ្រប់គ្រាន់​?»​។  
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក White គោលដៅ​នៃ​ការស្រាវជ្រាវ​របស់ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដ៏​សា​មា​ញ្ញ​មួយ​នេះ​។ លោក White និង​អ្នកស្រាវជ្រាវ​ផ្សេងទៀត បាន​វិភាគ​លើ​មនុស្ស ១៩ ៨០០​នាក់ ក្នុង​ចន្លោះ​ឆ្នាំ ២០១៤ ដល់ ឆ្នាំ​២០១៦ និង​ការស្ទង់មតិ​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស លើ «​ការចូល​រួមជាមួយ​បរិស្ថាន​ធម្មជាតិ​» ក្នុង​គំរូ​តំណាង​ជនជាតិ​នៃ​ប្រជាពលរដ្ឋ​អង់គ្លេស​។ 
 
​អ្នកចូលរួម ត្រូវបាន​គេ​ចោទសួរ​ពាក់ព័ន្ធ​នឹង ការទាក់ទង​របស់​ពួកគេ​ជាមួយ​ធម្មជាតិ អំឡុងពេល​សប្តាហ៍​មុន ដែល​ស្ថិតក្នុង​ទីតាំង រួមមាន ឧទ្យាន តំបន់​ធម្មជាតិ ឆ្នេរសមុទ្រ ដី​កសិដ្ឋាន ព្រៃភ្នំ និង​ទន្លេ ជាដើម​។ យ៉ាងណាមិញ គេ មិន​រាប់បញ្ចូល ការដើរតាម​ផ្លូវ​ទិញ​អីវ៉ាន់ ឬ​ចំណាយពេល​ក្នុង​សួនច្បារ​ផ្ទាល់ខ្លួន​ឡើយ​។​
 
​ជាមួយគ្នានេះ អ្នកចូលរួម​ទាំងនោះ ក៏ត្រូវ​បាន​គេ​ចោទសួរ​ទាក់ទិន​នឹង សុខភាព និង​សុខមាលភាព​របស់​ពួកគេ ជាមួយ​សំណួរ​ថា «​តើ​សុខភាព​អ្នកជា​ទូទៅ​មាន​លក្ខណៈ​ដូចម្តេច​?» និង «​ជារួម តើ​អ្នក​ពេញចិត្ត​នឹង​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​កម្រិតណា​?» 
 
​ក្រោយ​ប្រមូល​ទិន្នន័យ​រួចរាល់ ក្រុម​អ្នកស្រាវជ្រាវ​របស់លោក White បាន​រកឃើញថា មនុស្ស ដែល​ចំណាយពេល ២​ម៉ោង​ក្នុង​ធម្មជាតិ អំឡុងពេល​សប្តាហ៍​ចុងក្រោយ​របស់​ពួកគេ មានលទ្ធភាព​ប្រមាណ ២៣​ភាគរយ ដែល​បង្ហាញ​ពី​សុខមាលភាព​ផ្លូវចិត្ត​ខ្ពស់ និង​ប្រមាណ ៥៩​ភាគរយ ដែល​បង្ហាញ​ពី​សុខភាព​ល្អ បើ​ធៀប​នឹង​មនុស្ស​ដែល​គ្មាន​ការទាក់ទង​ជាមួយ​ធម្មជាតិ​។ 
 
​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ដដែល ឥទ្ធិពល​វិជ្ជមាន​បែបនេះ កើនឡើង អាស្រ័យ​លើ​ពេលវេលា​របស់​មនុស្ស​ដែល​ចូលទៅ​កម្សាន្ត​ក្នុង​ធម្មជាតិ​បន្ថែម ។ សម្រាប់​តួលេខ​ខ្ពស់បំផុត​គឺ ៣​ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​សុខភាព និង​៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​សុខមាលភាព​៕ 
 

Tag:
 ចក្រភព​អង់គ្លេស​
  ធម្មជាតិ​
  ការសិក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com