ជាតិ
សង្គមជាតិ
សាលា​រាជធានី បន្ត​អនុវត្តតាម​ពង្រាង​ប្លង់​មេ​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​
22, Jun 2019 , 3:59 pm        
រូបភាព
លោក នួន ផារ័ត្ន ​ អភិបាលរងរាជធានីភ្នំពេញ ឡើងបង្ហាញ ពីផែនការមេនៃប្រព័ន្ធដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងសិក្សាសាលាពិគ្រោះយោបល់ កាលពីថ្ងៃទី២១​មិថុនា ឆ្នាំ២០១៩
លោក នួន ផារ័ត្ន ​ អភិបាលរងរាជធានីភ្នំពេញ ឡើងបង្ហាញ ពីផែនការមេនៃប្រព័ន្ធដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងសិក្សាសាលាពិគ្រោះយោបល់ កាលពីថ្ងៃទី២១​មិថុនា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ថ្វី​ដ្បិត​ប្លង់​មេ​(Master Plan)​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​ភ្នំពេញ មិនទាន់​ត្រូវបាន​អនុម័ត ប៉ុន្តែ​រដ្ឋបាល​រាជធានី និង​ភាគី​ពាក់ព័ន្ធ​កំពុងតែ​អនុវត្តតាម​ពង្រាង​នៃ​ប្លង់​មេនេះ ពីមួយ​ដំណាក់កាលៗ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ​។ តាមរយៈ​ពង្រាង​ប្លង់​មេនេះ អាជ្ញាធរ​បាន​កែលម្អ​ផ្លូវ​ប្រសព្វ​នៃ​ចំណតរថយន្ត កែលម្អ​ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍ បង្កើត​ផ្លូវ​ក្រវាត់ក្រុង ពង្រីក​បណ្ដាញ​ផ្លូវធំៗជាដើម​។

    
 
​បើតាម លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ  ការធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានី​បច្ចុប្បន្ន មានការ​ប្រែប្រួល​ខ្លាំង ដោយសារ​ការប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ភ្នំពេញ​កាន់តែច្រើន​។ លោក​បានបញ្ជាក់​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​«​ផែនការមេ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​» កាលពី​ថ្ងៃទី​២១​មិថុនា ថា ការកើនឡើង​នៃ​អ្នករស់នៅ​ភ្នំពេញ​ច្រើន បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​ចំនួន​ម៉ូតូ​ច្រើន រថយន្ត​ច្រើន ប៉ុន្តែ​ផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍​សាធារណៈ គឺ​នៅ​ដដែល នេះ​គឺជា​បញ្ហា​។ ដោយឡែក​បញ្ហា​ផ្សេងៗ​នៃ​កក​ស្ទុះ​ចរាចរណ៍​នៅ​ភ្នំពេញ​ទៀត​នោះ គឺ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ នៅតែ​មិន​គោរព​ច្បាប់​ចរាចរណ៍៍ ហើយ​ថែម​ទាំ​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត និង​ការកើនឡើង​ច្រើន​នៃ​វិស័យ​ដឹកជញ្ជូន​របស់​ឯកជន ដូចជា​Taxi  Pass App និង​សេវា​ដឹកជញ្ជូន​ផ្សេងៗ​។ ទាំងនោះ​ជាប​ញ្ហ ដែល​រដ្ឋបាល​រាជធានី កំពុង​គិត និង​ធ្វើ​គម្រោង​សាងសង​ផ្លូវ​នានា តាម​ប្លង់​មេ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​នៅ​ភ្នំពេញ​។​


លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នពេញ
 
​ជាមួយគ្នានេះ លោក នួន ផា​រ័ត្ន ជា​អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការអភិវឌ្ឍ​ក្រុង​មួយ​ឱ្យ ជោគជ័យ​ទៅបាន ទាល់តែ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា អនុវត្ត​ប្លង់គោល​(​ប្លង់​មេ​)​។ បើតាម​អភិបាលរង​រូបនេះ ប្លង់​មេ​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដែល​សម្រាប់​អនុវត្ត​ដល់​ឆ្នាំ​២០៣៥ គឺ​ត្រូវ​បានរៀបចំ​រួចរាល់​ហើយ​តាំង​ឆ្នាំ​២០១៤ មក​ម្លេះ គ្រាន់តែ​មិនទាន់​ត្រូវបាន​អនុម័ត ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុងតែ​អនុវត្តតាម​ប្លង់​មេ​ទាំងនេះហើយ​។ លោក នួន ផា​រ័ត្ន អះអាងថា ប្លង់​មេ​ប្រព័ន្ធ​ដឹកជញ្ជូន ដែល​គាំទ្រ​បច្ចេកទេស និង​ថវិកា ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(JICA)​នេះ កំពុង​ត្រូវបានធ្វើ​បច្ចុប្បន្នភាព ដើម្បី​ឈានដល់​ការអនុម័ត​។​


លោក នួន ផារ័ត្ន អភិបាលរងសាលាក្រុងភ្នំពេញ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការមេដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩។ រូបបានទំព័រហ្វេសប៊ុក របស់ លោក នួន ផារ័ត្ន។
 
​សិក្ខាសាលា​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ខ័​ណ្ឌ ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ អ្នកជំនាញ  និង​ដៃគូ​អភិវឌ្ឍន៍​នេះ  ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញ​ប្លង់​មេ ដែល​កំពុង​អនុវត្ត និង​ពិភាក្សា​បន្ត ដើម្បី​ធ្វើជា​ទុន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ ក្នុងការ​អនុវត្ត​ផែនការ​នានា តាម​គំរូ​ប្លង់​មេ​ដែល​បានរៀបចំ​រួម​នេះ​។ នេះ​បើតាម​លោក នួន ផា​រ័ត្ន ។​
 
​លោក នួន ផា​រ័ត្ន បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មាន​ផែនការមេ​ដឹកជញ្ជូន ផែនការមេ​គ្រប់គ្រង​និង​អភិវឌ្ឍ​ប្រព័ន្ធ​លូ​។ យើង​ត្រូវ​ដឹងថា ប្លង់​មេនេះ ទាក់ទង​នឹង​សង្កាត់​យើង​យ៉ាងម៉េច និង​ខណ្ឌ​យើង​យ៉ាងម៉េច​។ លោក​បន្តថា​៖«​កំណត់​ផ្លូវធំៗ ត្រូវមាន​ប្រព​ន្ធ័​គ្រប់គ្រង​ត្រឹមត្រូវ ដោយមាន​បំពាក់​ឧបករណ៍​ទំនើប មាន​វិញ្ញាណ​សម្រាប់​បញ្ជា​ចរាចរណ៍​។ ការគ្រប់គ្រង​ចរាចរ​ណ៍ គឺ​គិត​ទាំង​ការគ្រប់គ្រង​ចំណត និង​ការរៀបចំ​ចរាចរណ៍​ឯកទិស​។ មួយទៀត​យើង​ត្រូវ​គ្រប់គ្រង​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ ដោយ​កំណត់​ឲ្យ​ច្បាស់​ផ្លូវ​ណា​ឡាន​ដឹកទំនិញ​ចូល ដឹកទំនិញ​ចេញ​»​។​
 
​បើតាម លោក នួន ផា​រ័ត្ន ប្លង់​មេ​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវអនុវត្ត​លើ​៤​ចំណុច​សំខាន់​។ ទីមួយ ជាទី​ក្រុង​មួយ​ដែល​ត្រូវ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​។ ទី​ពីរ កាលណា​និយាយ​ពី​ការអភិវឌ្ឍ​ផ្លូវ គឺ​ត្រូវ​គិត​ទៅដល់​ការអភិវឌ្ឍ​ផ្លូវ​មេ​បែបណា ផ្លូវ​កាត់​ទទឹង និង​បណ្តា​យ​បែបណា ដែលមាន​នៅក្នុង​ប្លង់​មេ​។ ទី​បី ប្រព័ន្ធគ្រប់គ្រង​ចរាច​រណ៍ ដោយ​ប្រើ​ភ្លើង​សញ្ញា​ចរាចរណ៍​ដោយ​ស្វ័យប្រវត្តិ មានន័យថា ប្រសិនបើ​ផ្លូវ​ណាមួយ​មានការ​ចរាចរណ៍​ខ្លាំង ភ្លើងស្តុប​នោះ នឹង​លោត​សញ្ញា​ពណ៌​ខៀវ​យូរ​ជាង​ពណ៌​ក្រហម និង​ស្គាល់​ពេលណា ត្រូវ​លោត​ពណ៌​ខៀវ និង​ក្រហម ជាដើម និង​ទី​បួន គឺ​ការដឹកជញ្ជូន​ទំនិញ​នៅ​ភ្នំពេញ ត្រូវ​កំណត់​ការដឹក​ទំនិញ​នេះ ពី​ទិស​ណា​ទៅ​ទិស​ណា​ឱ្យ​ច្បាស់លាស់ ដោយ​មិន​ឱ្យចូល​ទីក្រុង​។​
 
​ជាមួយគ្នានេះ ការសិក្សា និង​ការធ្វើ​បទ​បង្ហាញ​របស់លោក ម៉ាសា​តុ កូ​តូ អ្នកជំនាញការ​ទីភ្នាក់ងារ JICA បាន​បង្ហាញថា ចិញ្ចើមផ្លូវ និង​ផ្លូវ​ថ្មើរជើង ត្រូវបាន​ប្រើ ដើម្បី​ចត​ឡាន​ឬ​លក់ដូរ ហើយ​ល្បឿន​ធ្វើដំណើរ​ថយចុះ​ខ្លាំង (​កកស្ទះ​) ខណៈ​តម្រូវការ​ក្នុងការ​ធ្វើដំណើរ​កើនឡើង​លឿន​ជាង​កំណើន​មនុស្ស​។​


 
​លោក​បាន​និយាយថា​ភ្នំពេញ​ត្រូវ​ដូរ​យុទ្ធសាស្ត្រ​គ្រប់គ្រង ដោយ​បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ចម្រុះ រួមមាន​ទាំង​ឡានក្រុង រថភ្លើង ដើម្បី​ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​កសាង​បានជា​ប្រព័ន្ធ​រួម ប្រទាក់ក្រឡា​គ្នា​ទៅគ្រប់​តំបន់ រួមទាំង​ទីតាំង​សំខាន់ៗ ដូចជា ព្រលានយន្តហោះ តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ផ្សេងៗ​ទៀត​។ ជាមួយគ្នានេះ បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សម្រាល​បន្ទុក​ច​រា​ចរណ៍​ក្នុង​ក្រុង និង​ការបង្កើត​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ទៅ​ខេត្ត​ក្រុង​ជិតខាង ស្របគ្នា​នឹង​ការ​កាត់​ន្ថ​យ​ចំនួន​ឡាន ម៉ូតូ ឯកជន​។ ការកែលម្អ​ការគ្រប់គ្រង​ចរាចរណ៍ ត្រូវធ្វើ ដោយ​បំពាក់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត រួមមាន​ការបំពាក់​ភ្លើង​ចរាចរណ៍ បង្កើត​ផ្លូវ​ឯកទិស (​ចំពោះ​ផ្លូវ​ដែលមាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​) រៀបចំ​ចំណត ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។ 
 
​លោក ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា ថ្វីបើ​ផែនការ​មេនេះ មិនទាន់​បានអនុម័ត​ផ្លូវការ តែ​រដ្ឋបាល​ភ្នំពេញ​បាន​ផ្តើម​អនុវត្ត​ជា​បណ្តើរៗ នាពេល​កន្លងមក ដូចជា​បាន​បំពាក់​ស្តុ​ប​ឆ្លាត​វៃ សង់ស្ពាន​អាកាស សង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដំណាក់កាល​ទីមួយ ប្រវែង​១២​គីឡូម៉ែត្រ​(​ផ្លូវ​ឈ្នះ ឈ្នះ​)​។ លោក​ប្រាប់ថា ក្រៅពីនោះ​មានការ​ពង្រីក​បណ្ដាញ​ផ្លូវជាតិ ដូចជា​ផ្លូវ ៦A ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ ផ្លូវ​ម៉ុង​ឫទ្ធី មហាវិថី​សម្តេច​ហ៊ុនសែន ស្របតាម​ផែនការមេ​។ ផ្លូវ​ឯកទិស ជំហាន​ដំបូង នឹងត្រូវ​បង្កើត​បន្ថែម​៥ ទៀត នៅ​ខ​ណ្ឌ័​ដូនពេញ ស្រប​នឹង​ផ្លូវ​ស៊ីសុវត្ថិ​។ ចំណត​ក្រោម​ដី ៩​ទីតាំង ត្រូវបាន​សង់​រួច ហើយ​ចំណត​ក្រោម​ដី​ថ្មី ១៥ ទៀត ក្រោម​សួន​សាធារណៈ​នឹងត្រូវ​សាងសង់​។ ផ្លូវ​ថ្មើរ​ជើងបាន​ផ្តើមធ្វើ​នៅ​ផ្លូវ​នរោត្តម និង​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ ផ្លូវ​ដទៃទៀត​នឹង​រៀបចំ​ជា​បណ្តើរៗ ឲ្យ​ស្របតាម​ផែនការមេ​។​
 
​គួរ​បញ្ជាក់ថា ផែនការមេ​លម្អ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្អុយ និង​ផែនការមេ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​រួមគ្នា​រវាង​ភាគី​កម្ពុជា ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន ក្រោម​ទំហំ​ទឹកប្រាក់​៥០០​លាន​ដុ​លា្ល​រ​។ នេះ​បើតាម លោក នួន ផា​រ័ត្ន ៕ 








 

Tag:
 ប្លង់​មេ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com