រូប «​អវលោកិតេស្វរៈ ព្រះហស្ត​៣២» ជា​និមិត្តសញ្ញា ខេត្តបន្ទាយមានជ័យ
ជាតិ
រូប «​អវលោកិតេស្វរៈ ព្រះហស្ត​៣២» ជា​និមិត្តសញ្ញា ខេត្តបន្ទាយមានជ័យ
22, Jun 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ និមិត្តសញ្ញា ដែល​តំណាងឱ្យ​ខេត្តបន្ទាយមានជ័យ​គឺជា «​អវលោកិតេស្វរៈ មាន​ព្រះហស្ត​៣២» ដែលជា​អ្នកធំ​ក្នុងការ​ប្រមើលមើល ពិនិត្យមើល​សេចក្តី​សុខទុក្ខ និង​ចរិយា​របស់​សត្វលោក​។ និមិត្តសញ្ញា​នេះ​ត្រូវបាន​ប្រើ​សម្រាប់​ដាក់​ជា​កន្លែងធ្វើកា​រងារ ដាក់​លើ​ក្បាល​លិខិត ឯកសារ និង​ស្រោមសំបុត្រ​ផ្លូវការ និង​ប្រើប្រាស់​ក្នុង​ពិធី​នានា​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។ ក្រៅពីនេះ​អាច​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងករណី​ដែល​ចំ​បាច់​ផ្សេងៗ​។​

 
​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការបង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​និមិត្តសញ្ញា​ខេត្ត​នេះ កាលពី​ឆ្នាំ​២០១៨ និមិត្តសញ្ញា​នេះ មាន​រាង​ពងក្រពើ មាន​ទទឹង​២​ភាគ​៣​នៃ​បណ្តា​យ​។ អវលោកិតេស្វរៈ ឈរលើ​កងចក្រ​៧​កាំ មាន​ចារឹក​ជា​អក្សរ «​អវលោកិតេស្វរៈ​» ពណ៌​លឿង ជាមួយ​ផ្នែក​ខាងក្រោម​ដែលមាន​បូ​ពណ៌​ខៀវ​លើ​-​ក្រោម និង​ចំ​កណ្តាល​ផ្ទៃ​ពណ៌​ក្រហម​មាន​អក្សរ  «​ខេត្តបន្ទាយមានជ័យ​» ពណ៌​ស ដោយមាន​កួរស្រូវ​ពណ៌​លឿងទុំ​ព័ទ្ធជុំវិញ​ជា​ស្នែងក្របី រុំ​ដោយ​បូ​ដែលមាន​ពណ៌​ក្រហម និង​ផ្ទៃ​ពណ៌​ខៀវ​។​
 
​ដោយឡែក ព្រះហស្ត​ទាំង​៣២​របស់ «​អវលោកិតេស្វរៈ​» គឺ​តំណាងឱ្យ​ការកសាង​ព្រះ​បារមី​របស់​ព្រះ​ពោធិសត្វ ដើម្បី​សម្រេចបាន​នូវ​សម្មា​សម្ពោធិញ្ញាណ ត្រាស់ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​។ កួរស្រូវ​ពណ៌​លឿងទុំ​ព័ទ្ធជុំវិញ «​អវលោកិតេស្វរៈ​» ជា​ស្នែងក្របី តំណាងឱ្យ​ផលិតផល​កសិកម្ម ទទួលបាន​ពី​ការប្រកបមុខរបរ​ផ្នែក​កសិកម្ម ដោយ​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ប្រមាណ​៨៥​ភាគរយ ជា​កសិករ​។​
 
​កងចក្រ មាន​កាំ​ប្រាំពីរ ដែល «​អវលោកិតេស្វរៈ​» ឈរ​ពីលើ គឺ​តំណាងឱ្យ រោងចក្រ សហគ្រាស ដែលជា​សក្កា​នុព​ល​នាពេល​បច្ចុប្បន្ន និង​អនាគត កើតមានឡើង​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ ដែល​ផលិតផល​កសិកម្ម​ភាគច្រើន​កើតឡើង​ពី​ដំណាំ​ឧស្សាហកម្ម មានដូចជា ដំឡូង ពោត សណ្តែក ល្ហុង​ប្រេង ដើម​ប្រេងខ្យល់ និង​កៅស៊ូ ជាដើម​៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com