ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព្រឹទ្ធាចារ្យ​កំពូល​ពេជ្រ​៖ អ្នក​ចូលចិត្ត​ចាប៉ី​ធ្លាក់ចុះ​ព្រោះ​ការផ្លាស់ប្ដូរ​របស់​សង្គម​
22, Jun 2019 , 9:19 pm        
រូបភាព
​បាត់ដំបង​៖ ព្រឹទ្ធាចារ្យ កំពូល​ពេជ្រ ដែលមាន​ឈ្មោះ​ដើម​ថា ឯល បៀ​ន គឺជា​សិល្បករ​ចាប៉ីដងវែង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ ឆ្លងកាត់​សម័យ​ដែលមាន​ការពេញនិយម​ចូលចិត្ត​សិល្បៈ អត្តសញ្ញាណ មកដល់​សម័យ​បច្ចុប្បន្ន ដែល​សម្បូរ​ទៅដោយ​សិល្បៈ​ទំនើប​ចម្រុះ ហើយ​សិល្បៈ​វប្បធម៌​បរទេស​ហូរ​ចូល​ច្រើន​ផង​នោះ សិល្បៈ​ចាប៉ីដងវែង កាន់តែ​ធ្លាក់ចុះ​ប្រជាប្រិយភាព​។ នេះ​ជាការ​មើលឃើញ​របស់​ព្រឹទ្ធាចារ្យ​កំពូល​ពេជ្រ​។ លោក​ព្រឹទ្ធាចារ្យ​ទទួលស្គាល់ថា ការផ្លាស់ប្ដូរ​របស់​ស​ង្គ​ម​នីមួយៗ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។​


 
​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​លោក​ព្រឹទ្ធាចារ្យ ឯល បៀ​ន ដែល​គេ​ស្គាល់​និង​តែង​ហៅថា លោកតា​កំពូល​ពេជ្រ​នោះ ត្រូវបាន​មហោស្រព​មួយ អញ្ជើញ​លោកតា​ឱ្យទៅ​សម្ដែង​ចាប៉ី​នាពេល​រាត្រី ក្នុង​វត្ត​មួយ​នៅ​ខេត្តបាត់ដំបង កាលពីពេល​កន្លងទៅ​។ ខំ​មានប្រសាសន៍​ប្រជែង​ជាមួយនឹង​សំឡេង​តន្ត្រី​ដែល​នៅក្បែរនោះ លោកតា កំពូល​ពេជ្រ ដែល​អង្គុយ​នៅលើ​កៅអី​ក្រោម​ដើម​ស្វាយ ក្នុង​បរិវេណ​សាលារៀន ថា​បច្ចុប្បន្ន​មិនសូវមាន​អ្នក​ហៅ​លោកតា ឱ្យទៅ​ច្រៀង​ចាប៉ី​ឡើយ​។ លោកតា​បញ្ជាក់​អមដោយ​សំឡេង​ចម្រៀង​៖«​ចាស់ៗ​ពីមុន​គាត់​ស្បើយ​អស់​ទៅហើយ ដូច្នេះ​មិនសូវមាន​អ្នក​ហៅ​ទៅ​សម្ដែង​ទេ​។ បើ​មិនមាន​ការសម្ដែង​ចាប៉ី ខ្ញុំ​នៅផ្ទះ​ធ្វើស្រែ​»​។​
 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត ហើយ​ក្រោយមក​បាន​ប្ដូរ​ទីលំនៅ​ទៅ​ខេត្តពោធិ៍សាត់​វិញ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ដែលមាន​អាយុ​៨០​ឆ្នាំ​ទៅហើយនោះ សង្កេតឃើញថា ក្រោយពី​ចាប៉ីដងវែង​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រជាជន​ខ្មែរ ហាក់​មានការ​ចាប់អារម្មណ៍​ខ្លះ លើ​សិល្បៈ​បុរាណ​មួយ​នេះ​។ លោកតា​បន្ថែម​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​៖«​ទើបតែ​ពេល​មានការ​ស្រាវជ្រាវ​ដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ ទើប​មាន​អ្នក​មកសុំ​រៀន​ខ្លះ​។ គេ​គ្រាន់តែ​មកសុំ​រៀន តែ​មិនទាន់​បានមក​រៀន​ទេ​»​។​
 
​មាន​វ័យ​កាន់តែ​ជរា​ទៅហើយនោះ លោកតា ឯល បៀ​ន ក៏ដូចជា​សិល្បករ​ចាប៉ី​ដទៃទៀត​ដែរ គឺ​មិនអាច​ទីពឹង​ជំនាញ​ចាប៉ី មក​ផ្គត់ផ្គង់​ជីវភាព​បាន​គ្រប់​បរិបូរ​នោះទេ​។ «​ជំនាញ​នេះ ខ្ញុំ​មិនអាច​ចោល​ទេ​។ បើ​មាន​គេ​ហៅ​ក៏​ទៅ តែបើ​មិនមាន​គេ​ហៅ ក៏​អាចរ​ស់បាន​ដោយ​ការធ្វើ​ស្រែចម្ការ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោ​កតា កំពូល​ពេជ្រ​។ 
 
​ពីដំបូង​ឡើយ​លោកតា កំពូល​ពេជ្រ គឺជា​អ្នក​បើកឡាន​ក្នុង​ក្របខណ្ឌ​រាជការ ប៉ុន្តែ​ដោយសារតែ​លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរ ទើបបានជា​លោក​ត្រូវ​ឈប់សម្រាក​ពី​ការងារ​នោះ ហើយ​ចាប់យក​ជំនាញ​ចាប៉ី​រហូតដល់​បច្ចុប្បន្ន​។ កាលពី​ក្នុងអំឡុង​ទសវត្សរ៍​ទី​៦០ គ្រា​ដែល​លោកតា ចាប់ផ្ដើម​ច្រៀង​ចាប៉ី​ដំបូង លោក​ទទួលបាន​ថវិកា​ពីរ​ដ្ឋ​៖«​ដំបូង​រដ្ឋ​ឱ្យប្រាក់​ក្នុង​មួយ​រឿង​បាន ៥០០​រៀល​ដែរ សម្រាប់​ការ​ច្រៀង​ចាប៉ី​។ តែ​ក្រោយមក​រដ្ឋ​សុំ​ជា​វិភាគទៀន​ទាំងអស់ ដោយ​មិនឱ្យ​ប្រាក់​ទេ ទាំង​អា​យ៉ៃ ចាប៉ី យីកេ និង​ល្ងោ​ន​»​។​
 
​បុរស​កូន​១១​នាក់​រូបនេះ​បាន​អះអាងថា កាលពី​សម័យ​សង្គមរាស្ត្រនិយម លោក​អាច​ចិញ្ចឹម​ម្ដាយ​ឪពុក​រួមទាំង​បង​និង​ប្អូន​ដោយសារតែ​ជំនាញ​ចាប៉ីដងវែង​៖«​យើង​ជា​កូន​អ្នក​ទីទាល់ បាន​ថវិកា​ហ្នឹង​មក អាច​ចិញ្ចឹម​គ្រួ​សារបាន​គួរសម​មិន​ប្រដាប​ត្រ​ដួស​ពេក​ទេ​។ តែ​ពេលនោះ​ប្រាក់​មានតម្លៃ​ផង ខ្ញុំ​ច្រៀង​មួយ​យប់​បាន​៣០០ ទៅ​៥០០​រៀល​មែន ប៉ុន្តែ​អាច​យកមកប្រើ​ប្រាស់​បាន​ច្រើន​»​។​
 
​លោកតា​បន្ថែម ដោយ​មិន​ខ្វល់​ពី​អ្នកដំណើរ​ដែល​ដើរ​ឆ្លងកាត់​នៅ​ចំពោះមុខ​របស់ខ្លួន​ឡើយ​៖«​កាលនោះ​អ្នកស្រុក​គេ​និយម ដូច្នេះ​គេ​ហៅ​ច្រើន ខ្ញុំ​បាន​ប្រាក់​នោះមក​ធ្វើ​ផ្ទះ យកទៅ​ទិញ​ដី​បាន​ច្រើន​។ រាល់ថ្ងៃនេះ ពេលវេលា​ដែល​គេ​ត្រូវការ​ចាប៉ី​គឺ​ខ្សោយ​។ បើ​ពឹង​តែ​ចាប៉ី​នោះ ប្រាកដជា​ខ្វះ​ហើយ​។ តែ​យើង​មាន​ដីចម្ការ មាន​គោ មាន​ស្រែ ចេះតែ​ដាំ​ដំណាំ​នាយអាយ​ទៅ​»​។​
 
​មាន​មាឌ​ធាត់ និង​មើលទៅ​ហាក់ដូច​ជាមាន​កម្លាំង​មាំមួន តែ​បុរស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពត​រូបនេះ ពេលខ្លះ​បដិសេធ​ចំពោះ​ការទទួល​ទៅ​ច្រៀង​ចាប៉ី ដោយ​លើក​ហេតុផល​ថា​ខ្លួន​កាន់​តែមាន​វ័យ​ចំណាស់​។ តែ​ទោះជា​យ៉ាងណា ដោយ​ការទទូច​ពី​ម្ចាស់ដើមបុណ្យ លោកតា​ក៏​ព្រម​ទទួល​ការអញ្ជើញ​ខ្លះ​ដែរ​៖«​ខ្ញុំ​កាត់ត​ម្លៃ​តាម​ជិត និង​ឆ្ងាយ និង​ទៅតាម​ម៉ោង​។ បើ​នៅ​ជិត​មួយ​ម៉ោង​១០​ម៉ឺន​ខ្មែរ នេះ​ចំពោះ​អ្នក​ដែល​គ្នា​ខ្វះខាត​ដែរ​ណា​។ បើ​ឆ្ងាយ​មួយ​ម៉ោង​ពី​៥០ ទៅ​១០០​ដុល្លារ​ក៏មាន​»​។​
 
​បុរស​ដែលជា​កសិករ​រូបនេះ​បញ្ជាក់បន្ថែម ដោយ​ខំ​ប្រជែង​ជាមួយ​សំឡេង​តន្ត្រី ដែល​នៅក្បែរនោះ​៖«​អ្នកខ្លះ​គេ​កក់​ខ្ញុំ​កន្លះ​ឆ្នាំមុន​ឯណោះ​។ អ្នកខ្លះ​ខ្លាច​ខ្ញុំ​មិនបាន​ទៅ ដូច្នេះ​គេ​ត្រូវតែ​ប្រយ័ត្ន​បែបនេះ​»​។
​សំនួន​សម្ដី​ហាក់​អស់សង្ឃឹម ដែល​ខុសពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន ដែល​អ៊ូអរ​និង​គួរ​ជាទី​សប្បាយរីករាយ​សម្រាប់​ម​នុស្ស​ទូទៅ​នៅពេលនោះ លោកតា ឯល បៀ​ន មិន​សប្បាយចិត្ត​ព្រោះ​៖«​កូន​របស់ខ្ញុំ​ហើយនឹង​សិស្ស ពួកគេ​មិនចេះ​ចាប៉ី​ទេ​។ កូនសិស្ស​មក​រៀន​បាន​តិចតួច ដល់​តែ​ឃើញថា​មិនសូវមាន​អ្នក​ហៅ ក៏​គេ​ឈប់​អស់​ទៅ​»​។​
 
​មិនមាន​កូន និង​សិស្ស​ចង់​រៀន​បន្ត​ពី​ព្រឹទ្ធា​រ្យ​រូបនេះ ដោយសារតែ​ពួកគេ​បានឃើញ​ពី​ដំណើរ​របស់​លោកតា​លើ​វិថី​ចាប៉ី​នោះឯង​៖«​ពួកគេ​ឃើញថា កម្លាំង​សិល្បៈ​ចាប៉ី​ហ្នឹង​វា​ចុះខ្សោយ​ហើយ ដូចជា​ការចាក់ផ្សាយ​មួយពេល​១០​នាទី ឬ​១៥​នាទី​ប៉ុណ្ណឹង​។ ហើយ​កូន​ខ្ញុំគេ​ឃើញថា​ខ្ញុំ​ល្បី​ដែរ តែ​អ្នកភូមិ​មិនសូវ​ហៅ គេ​ចូលចិត្ត​ធុងបាស​(​ឧបករណ៍​បំពង​សំឡេង​) ចឹ​ង​កូន​ខ្ញុំ​ក៏​មិន​រៀន​»​។​
 
​ក្នុង​សម្រៀក​បំពាក់​ពណ៌​ទឹក​ប៊ិក ភ្នែក​សំឡឹង​មើលទៅ​យុវជន​នៅក្បែរនោះ ដែល​កំពុង​ឈរ​រហង់​មើលទៅ​ឆាក​តន្ត្រី​នា​ម៉ោង​ប្រមាណ​៧​យប់ សិល្បករ​ចាប៉ី​ឆ្លងកាត់​ច្រើន​របប​រូបនេះ បាន​មើលឃើញថា ទម្រង់​សិល្បៈ​ចាប៉ី​ធ្លាក់ចុះ​ការគាំទ្រ គឺ​បណ្ដាលមកពី​ការប្រែប្រួល​របស់​សង្គម​។ តែ​លោកតា​មិនបាន​បន្ទោស​សង្គម​ឡើយ ដោយ​លោក​បញ្ជាក់ថា​ដំណើរ​របស់​សង្គម​នីមួយៗ​តែងតែមាន​ការផ្លាសប្ដូ​រ​៖«​ធម្មតា​យើង​រស់​ក្នុងសង្គម ត្រូវ​ក្ដាប់​ឱ្យ​ជាប់​ពី​សង្គម​។ យើង​កុំ​តូចចិត្ត​នឹង​សង្គម ហើយ​យើង​កុំឱ្យ​ប្រាសចាក​ពី​សង្គម​។ ត្រូវការ​នៅក្នុង​សង្គម បើ​យើង​ឃ្លាត​ពី​សង្គម ជីវិត​យើង​ក៏​ឃ្លាត​ពី​ខ្លួន​ដែរ​»​។​
 
​ឆ្លើយតប​ទាំង​ទឹកមុខ​ញញឹម ក្រោម​ផ្ទៃមុខ​ជ្រីវជ្រួញ ក្នុង​ឥរិយាបទ​ម៉ឺងម៉ាត់ លោកតា បៀ​ន បាន​រំឭក ពី​ការ​ទៅ​ច្រៀង​ចាប៉ី​នៅតាម​ទីកន្លែង​នានា ៖«​បើ​គិតពី​ក្មេង​រហូតមក​ដល់ពេលនេះ ប្រហែលជា​រាប់ម៉ឺន​កន្លែង​ក៏​មិនដឹង ព្រោះ​កាលពី​សម័យ​នោះ គេ​ចូលចិត្ត​ខ្លាំងណាស់ ខ្ញុំ​មិនសូវ​បាន​នៅផ្ទះ​ប៉ុន្មាន​ទេ​។ បើ​មាន​ជួល​នៅ​ទីក្រុង​ខ្ញុំ​យក​ថ្លៃ តែបើ​នៅ​ស្រែ​ខ្ញុំ​យក​ល្មម​។ ដូច្នេះ​គេ​ទាក់ទង​មក​ខ្ញុំ​ច្រើនណាស់​»​។​
 
​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ឯល បៀ​ន ក៏បាន​ពន្យល់​ពី​ការរៀន​ចាប៉ី​ដូច្នេះ​៖«​រៀន​ចាប៉ី​ត្រូវការ​ឧបនិស្ស័យ​របស់​យើង​។ បើ​គេ​អ្នក​ឈ្លាសវៃ​មាន​អារម្មណ៍​ជាប់ រៀន​មិនយូរ​ទេ តែបើ​រៀន​អារម្មណ៍​មិន​មូល​ល្អ​វិញ រៀន​រាប់​ខែ​រាប់​ឆ្នាំ​ទើប​ចេះ​។ មក​រៀន​ត្រូវតែមាន​ចាប៉ី​ខ្លួនឯង ហើយ​អង្គុយ​មើលគ្រូ​កេះ ឬ​ដេញ​ប្រាប់ យើង​ធ្វើតាម​ទៅ​។ ប៉ុន្តែ​តឹង​បំផុត​រឿង​ច្រៀង​។ បើ​ខួរក្បាល​យើង​មិនល្អ ត្រូវ​រៀន​ច្រៀង​ផង និង​នឹក​ពី​បញ្ហា​ដែល​យើង​ត្រូវ​យកមក​ច្រៀង​ផង គឺ​វិល​ហើយ​»​។​
 
​ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ នា​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​ប្រភេទ​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​៕

Tag:
 តា​កំពូល​ពេ​ជ្យ​
  ឯល បៀ​ន​
  ចាប៉ី
  សិល្បៈ​
  តន្ត្រី​
  ចម្រៀង​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com