ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​៖ កសិករ​ដាំ​ស្វាយ​ជួប​បញ្ហា​ខ្វះ​ទុន បច្ចេកទេស ទីផ្សារ ប្រព័ន្ធ​ស្រោចស្រព
22, Jun 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម​កំពុង​ព​ន្លឿ​ន​ឲ្យ​ផលិតផល​ស្វាយ​របស់​កម្ពុជា អាច​ឆ្លង​ផុត​ការត្រួតពិនិត្យ​បច្ចេកទេស​របស់​ដៃគូ​ទីផ្សារ​បរទេស​មួយចំនួន ដើម្បី​នាំចេញ​ទៅ​បណ្ដា​ប្រទេស​ទាំងនោះ​។​


 
​ផ្ទៃដី​ដាំ​ស្វាយ​ទូទាំងប្រទេស​មាន​ចំនួន ១០,៥​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៨​ម៉ឺន​ហិកតា ដោយ​ទទួលផល​សរុប​ប្រមាណ ១,២​លាន​តោន​ក្នុង​១​រដូវ​។ សក្ដានុពល​នេះហើយ​ដែល​ក្រសួងកសិកម្ម​បានចាប់ផ្ដើម​ចរចា​បើក​ទីផ្សារ​ជាមួយ​បណ្ដា​ប្រទេស​នានា​។​
 
​ក្នុងនោះ​ប្រទេស​ចិន គឺជា​ទីផ្សារ​ដែល​ត្រូវ​រំពឹងថា​នឹង​ទទួល​ទិញ​ក្នុងពេល​ឆាប់ៗ​។  កាលពី​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៩ ក្រសួងកសិកម្ម​របស់​កម្ពុជា និង​អគ្គ​រដ្ឋបាល​គយ​ចិន​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ដំណើរការ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​។ បន្ទាប់ពី​កិច្ចប្រជុំ​នោះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ដំណើរការ​ខ្សែសង្វាក់​ផលិតកម្ម​ដំណាំ​ស្វាយ ការដាំដុះ​លក្ខណៈ​គ្រួសារ សហគមន៍ និង​ឧស្សាហកម្ម រោងចក្រ​កែ រោងចក្រ​ធ្វើ​ប្រព្រឹត្ត​កម្ម​ចំហាយ​ក្ដៅ​(Vapor Heat Treatment) ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់​ជា​មូលដ្ឋាន​វាយតម្លៃ​សមត្ថភាព ចំណុច​ខ្វះខាត និង​ឈានទៅ​ជំរុញ​ការអនុវត្ត​ឲ្យ​ស្រប​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន ដើម្បី​ភាគី​ទាំងពី​អាច​ចុះ​ពិធីសារ​អំពី​ការនាំចេញ​ស្វាយ​ក្នុងពេល​ឆាប់​ខាងមុខ​។​


 
​បន្ទាប់​ចុះ​ពិនិត្យ​ខ្សែសង្វាក់​ផលិតកម្ម​ដំណាំ​ស្វាយ លោក វេ​ង សាខុន បានកត់សម្គាល់​ឃើញថា កសិករ និង​សហគមន៍​ដំណាំ​ស្វាយ ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ខ្វះ​ទុន​សម្រាប់​វិនិយោគ​បន្ថែម ខ្វះ​បច្ចេកទេស​គាំទ្រ​(​ថែទាំ ប្រមូល និង​ទុកដាក់​) ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​(​ប្រព័ន្ធ​ស្រោចស្រព និង​ឃ្លាំង​ស្តុក​ស្ដង់ដារ​) និង​ខ្វះ​យន្តការ​ទីផ្សារ​។ នេះ​បើតាម​ព័ត៌មាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២២​ខែមិថុនា​។​
 
​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​មើលឃើញ​ពី​សក្ដានុពល​ដំណាំ​ផ្លែស្វាយ​របស់​កម្ពុជា ដូច្នេះហើយ​បានចាប់ផ្ដើម​ចរចា​បើក​ទីផ្សារ​ជាមួយ​ប្រទេស​នានា​។ ក្នុងនោះ​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​កូរ៉េ​តាំងពី​ឆ្នាំ​២០១៥ តែ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្ដៅ (VHT) គ្រប់គ្រង​ហានិភ័យ ដែល​មិនអាច​នាំចេញ​បាន​ភ្លាមៗ​។ តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន Hyundai Agro (Cambodia) ដែល​គ្រោង​នាំចេញ​ស្វាយ​ទៅ​កូរ៉េ អាច​ដោះស្រាយ​បញ្ហា​នេះ​នៅ​រោងចក្រ​របស់ខ្លួន ហើយ​ទទួល​ការចុះពិនិត្យ​ដោយ​មន្ត្រី​ជំនាញ​របស់​កូរ៉េ (APQA)​។ ភាគី​កូរ៉េ​នឹង​ផ្ញើ​លទ្ធផល​ត្រួតពិនិត្យ​នាពេលខាងមុខ​។ តាម​ការរំពឹងទុក ក្រុមហ៊ុន​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កូរ៉េ​លើក​ទី​១ ក្នុង​ខែតុលា​ឆ្នាំនេះ​។ 
 
​រីឯ​ប្រទេស​ថៃ ការនាំចេញ​ស្វាយ​អាច​ប្រព្រឹត្តទៅបាន​តាំងពី​ឆ្នាំ​២០១៦ បន្ទាប់ពី​ចរចា​បើក​ទីផ្សារ​រួច ខណៈ​ការនាំ​ចេញទៅ​វៀតណាម ចាប់ផ្ដើម​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៥​។ 


 
​ជាមួយគ្នានេះ​សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន នាយកដ្ឋាន​ផ្នែក​ភូតគាម​អនាម័យ​របស់​ប្រទេស​ទាំងពីរ​បានចាប់ផ្ដើម​ចរចា​ពី​បញ្ហា​បច្ចេកទេស​សម្រាប់​នាំចេញ​ផ្លែស្វាយ​ទៅ​ជប៉ុន ប៉ុន្តែ​អស់​រយៈពេល​មួយឆ្នាំ​ហើយ នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​ភាគី​ជប៉ុន​នៅឡើយ​។
​ដោយឡែក​ទីផ្សារ​សហរដ្ឋអាមេរិក អគ្គនាយកដ្ឋាន​កសិក​ម្ម​បានរៀបចំ​គម្រោង​ស្នើសុំ​ជួយ​ពី​នាយកដ្ឋាន​កសិកម្ម​រប​ស់​អាមេរិក (USDA) និង​ទីភ្នាក់ងារ USAID ផងដែរ​សម្រាប់​នាំចេញ​ស្វាយ​ទៅ​ទីផ្សារ​មួយ​នេះ​។​
 
​ទោះយ៉ាងណា​ស្វាយ​របស់​កម្ពុជា​ក៏បាន​ទៅដល់​ទីផ្សារ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប​រួចមកហើយ​ដែរ តាមរយៈ​ការនាំចេញ​ផ្ទាល់​របស់​ក្រុមហ៊ុន​របស់លោក ម៉ុង ឫទ្ធី ៕
 

Tag:
 ស្វាយ​
  វេ​ង សាខុន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com