តារាងចំណាត់ថ្នាក់សាកលវិទ្យាល័យ QS World University Rankings 2020 ដោយគិតត្រឹមខែមិថុនា នេះ បានបង្ហាញឲ្យឃើញថា សាកលវិទ្យាល័យនៅអាមេរិកដល់ទៅបីឈរលំដាប់ខ្ពស់ជាងគេ ខណៈសាកលវិទ្យាល័យនៅសិង្ហបុរី ចំនួនពីរឈរលើគេក្នុងទ្វីបអាស៊ី។
ចំណាត់ថ្នាក់សាកលវិទ្យាល័យដែលចេញផ្សាយរបស់ស្ថាប័នជំនាញអប់រំចក្រភពអង់គ្លេស Quacquarelli Symonds (QS) ផ្តោតលើទំនាក់ទំនងបុគ្គលិក និងនិស្សិត លទ្ធផលរបស់និស្សិត កេរ្តិ៍ឈ្មោះសាលា រួមទាំងអាត្រាការងាររបស់និស្សិតដែលរៀនចប់។
ក្នុងចំណោមសាកលវិទ្យាទាំង១០០០នៅក្នុងតារាង QS World University Rankings 2020 សាកលវិទ្យាល័យនៅអាមេរិក Massachusetts Institute of Technology (MIT) ឈរចំណាត់ថ្នាក់លេខ១លើពិភពលោក ដោយនាំមុខ Stanford University និង Harvard University ដែលស្ថិតនៅសហរដ្ឋអាមេរិកដូចគ្នា។
សាកលវិទ្យាល័យ៧ទៀតដែលស្ថិតក្នុងចំណោម Top 10 រួមមាន University of Oxford (អង់គ្លេស), California Institute of Technology (អាមេរិក), ETH Zurich - Swiss Federal Institute of Technology (ស្វីស), University of Cambridge (អង់គ្លេស), UCL (អង់គ្លេស), Imperial College London (អង់គ្លេស) និង University of Chicago (អាមេរិក)។
នៅអាស៊ី សាកលវិទ្យាល័យដល់ទៅពីរនៅសិង្ហបុរី បានឈរចំណាត់ថ្នាក់លេខ១១ស្ទួនលើពិភពលោក និងជាចំណាត់នាំមុខគេនៅទ្វីអាស៊ីទាំងមូល។ សាកលវិទ្យាល័យទាំងនោះ គឺ Nanyang Technological University, Singapore (NTU) និង National University of Singapore (NUS)។
សាកលវិទ្យាល័យចិន Tsinghua University និង Peking University ជាប់ចំណាត់ថ្នាក់លេខ២២ស្ទួនលើពិភពលោក និងឈរចំណាត់ថ្នាក់លេខ៣ស្ទួននៅអាស៊ី ដោយនាំមុខ The University of Tokyo (ជប៉ុន), The University of Hong Kong (ហុងកុង), The Hong Kong University of Science and Technology (ហុងកុង), Kyoto University (ជប៉ុន), Seoul National University (កូរ៉េខាងត្បូង), Fudan University (ចិន)។
សាកលវិទ្យាល័យផ្សេងទៀតនៅអាស៊ានដែលស្ថិតក្នុង QS World University Rankings 2020 មានដូចជា Universiti Malaya (ម៉ាឡេស៊ី), Universiti Putra Malaysia (ម៉ាឡេស៊ី), Universiti Kebangsaan Malaysia (ម៉ាឡេស៊ី), Universiti Sains Malaysia (ម៉ាឡេស៊ី), Universiti Teknologi Malaysia (ម៉ាឡេស៊ី), Chulalongkorn University (ថៃ), Universitas Indonesia (ឥណ្ឌូណេស៊ី) និង Universiti Brunei Darussalam (ព្រុយណេ)។
ក្រៅពីសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងព្រុយណេ ប្រទេសអាស៊ានផ្សេងទៀត ក៏មានមហាវិទ្យាល័យស្ថិតក្នុង QS World University Rankings 2020 ផងដែរ ដូចជា University of the Philippines (ហ្វីលីពីន) និង Vietnam National University Ho Chi Minh City (វៀតណាម) ខណៈសាកលវិទ្យាល័យនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មិនទាន់មានចំណាត់ថ្នាក់ឡើយ៕