ជាតិ
សង្គមជាតិ
លោក ផៃ ស៊ីផាន៖ ភ្នាក់ងាររដ្ឋ ទទួលខុសត្រូវផង ចំពោះការរលំអគារ
22, Jun 2019 , 5:19 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មិនត្រឹមតែចង់ឃើញអ្នកពាក់ព័ន្ធនឹងអគារ៧ជាន់ដែលរលំ ត្រូវបានចាំខ្លួនទៅសួរនាំប៉ុណ្ណោះទេ តែលោក ក៏ចង់ឲ្យអាជ្ញាធរដែលពាក់ព័ន្ធ ហ៊ានចេញមុខទទួលខុសត្រូវផងដែរ។



អ្នកនាំពាក្យរូបនេះ បានចូលទៅសរសេរ Comment ក្នុងទំព័រហ្វេសប៊ុករបស់សារព័ត៌មានថ្មីៗ ដែលផ្សាយពីការចាប់ស្ត្រីជនជាតិចិនម្នាក់ជាអ្នកជាប់កាតព្វកិច្ចក្នុងការរលំអគារនេះ យ៉ាងដូច្នេះថា «ភ្នាក់ងាររដ្ឋ ទទួលខុសត្រូវផង»។

ចំណែក លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា «រឿងនេះ ទើបជារឿងដែលគួរដកតំណែងអ្នកគ្រប់គ្រងនៅអាណាចក្រនោះ [ខេត្តព្រះសីហនុ]។ មានបញ្ហាច្រើនណាស់ ដែលកើតឡើងដោយគ្មានអ្នកទទួលខុសត្រូវ ហើយទុកឲ្យវាសាបរលាបតាមពេលវេលា»។

មកដល់ពេលនេះ សមត្ថកិច្ច ឃាត់មនុស្ស៤នាក់ហើយ ដើម្បីយកទៅសួរជុំវិញការសាងសង់អគារនេះ។ ដោយឡែក អ្នកស្លាប់ បានកើនឡើងដល់៧នាក់ ហើយអ្នករបួសកើនឡើងដល់២៣នាក់ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២២មិថុនានេះ៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com