ជាតិ
រលំអាគារនៅខេត្តព្រះសីហនុ៖ រកឃើញ៣នាក់ទៀត ដោយ២នាក់ស្លាប់ និងក្មេងស្រី១នាក់នៅរស់
× ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើនៅតែបន្តនៅយប់រំលងអធ្រាត្រថ្ងៃទី២២ ឈានចូលដល់ថ្ងៃទី២៣ ខែមិថុនានេះដោយក្រុម សង្គ្រោះបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះ២នាក់បានស្លាប់ ហើយក្មេងស្រី ១នាក់ នៅរស់រានមានជីវិតហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។ ក្មេងស្រីដែលនៅរស់ឈ្មោះ អ៊ុន ណេង អាយុ១៦ឆ្នាំ មកពីស្រុកសំបូរ ខេត្តក្រចះ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារដោយគិតត្រឹមម៉ោង១១ និង៤០នាទី ឈានដល់ថ្ងៃទី២៣ ខែមិថុនា បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសចំនួន ៣៩ រូបក្នុងនោះស្លាប់ចំនួន ១៥នាក់ (ស្រី៣នាក់) ហើយអ្នករងរបួសចំនួន ២៤ រូប (ស្រី២នាក់)។ រហូតមកទល់នឹងនឹងពេលនេះ កម្លាំងសង្គ្រោះបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក។
លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារនិងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានាដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថាបាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com