ជាតិ
សង្គមជាតិ
ករណីរលំអគារ៖ ចៅហ្វាយខេត្ត បញ្ជាឲ្យចាត់ការមន្រ្តីដែលមានកំហុសក្នុងការអនុវត្តច្បាប់
23, Jun 2019 , 1:31 am        
រូបភាព
លោក យន្ត មីន ចៅហ្វាយខេត្តព្រះសីហនុ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
លោក យន្ត មីន ចៅហ្វាយខេត្តព្រះសីហនុ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការមួយ ដោយបង្កើតក្រុមការងារ ឲ្យចុះទៅពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់អគារ៧ជាន់ ដែលបានរលំបាក់ នៅក្រុងព្រះសីហនុ កាលព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយបង្កឲ្យមានអ្នករងរបួស និងអ្នកបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។



ក្នុងលិខិតបង្គាប់ការនោះ លោក យន្ត មីន បានប្រាប់ឲ្យក្រុមការងារនេះ ស្រាវជ្រាវពីសកម្មភាពធ្វេសប្រហែសរបស់មន្ត្រី ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងមូលហេតុផ្សេងៗ ដែលបង្កឲ្យអគារនេះរលំ។ លោក សង្កត់ធ្ងន់ដូច្នេះថា «ក្នុងករណីរកឃើញថា មានមន្រ្តីពាក់ព័ន្ធឬមានកំហុស ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់»។

លើសពីនេះ អភិបាលខេត្ត បានបង្គាប់ក្រុមការងារឲ្យពិនិត្យបទដ្ឋាន បច្ចេកទេសសំណង់ ប្លង់លម្អិតគ្រឿងបង្គុំសំណង់ និងប្លង់ស្ថាបត្យកម្ម ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នា ចំពោះម្ចាស់សំណង់ អ្នកទទួលខុសត្រូវ ឬអ្នកគ្រប់គ្រង ដែលមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរ ក្នុងការសាងសង់កន្លងមក។

ក្រុមការងារ ដែលត្រូវបានបង្កើតនេះ មានលោក ឈិន សេងងួន អភិបាលរងខេត្ត ជាប្រធាន និង មានលោក ចេង ស្រុង ប្រធានមន្ទីរដែនដីខេត្ត លោក ជួន ណារិន្ទ ស្នងការខេត្ត លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ជាអនុប្រធាន រួមទាំងមន្រ្តីពាក់ព័ន្ធ៨នាក់ទៀត ជាសមាជិក។

គិតត្រឹមម៉ោង១២យប់ថ្ងៃទី២២មិថុនា សមត្ថកិច្ច បានរកឃើញអ្នកស្លាប់១៥នាក់ (ស្រី៣នាក់) និងអ្នករបួស២៤នាក់ (ស្រី២នាក់)។ ទោះយប់ថ្មើរណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ច នៅតែបន្តរកជនរងគ្រោះដែរ រហូតទាល់តែរកឃើញអស់៕ 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com