អន្តរជាតិ
សិង្ហ​បុរី​៖ លើសពី​ការបោះឆ្នោត ប្រជាធិបតេយ្យ​ជាការ​ចូលរួម​គ្នា​ក្នុង​កសាង​សង្គម​មួយ​ដែល​គ្រប់គ្នា​មាន​មោទកភាព​
23, Jun 2019 , 10:59 am        
រូបភាព
លោក Heng Swee Keat ថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីកសាងអនាគតយើង (រូបភាព៖ ទំព័រហ្វេសប៊ុករបស់លោក Heng Swee Keat)
លោក Heng Swee Keat ថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីកសាងអនាគតយើង (រូបភាព៖ ទំព័រហ្វេសប៊ុករបស់លោក Heng Swee Keat)
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Heng Swee Keat យល់ឃើញថា សង្គម​ប្រជាធិបតេយ្យ​មួយ​មិនអាច​ស្តែងឡើង​ចេញ​ត្រឹមតែ​ពី​ការបោះឆ្នោត​ប៉ុណ្ណោះ​នោះទេ តែ​ពី​ឥរិយាបថ​របស់​ប្រជាជន​ផងដែរ​។ សម្រាប់​លោក​សង្គម​ប្រជាធិបតេយ្យ​ដែល​ជាទី​មោទកភាព ចាំបាច់​ណាស់​ត្រូវ​ការចូល​រួម​ពី​ប្រជាជន​ទាំង​ពេល​បង្កើត និង​អនុវត្ត​គោលនយោបាយ​។

 
​នា​វេទិកា​សន្និសីទ​ស្តីពី​សង្គម​ឯកភាព​នៅ​ថ្ងៃ​២១ មិថុនា លោក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សិង្ហ​បុរី លោក Heng Swee Keat បានលើកឡើង​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយនឹង​ប្រជាជន​ក្នុងការ​បង្កើត និង​អនុវត្ត​គោលនយោបាយ ក្នុង​គោលដៅ​កសាង​សង្គម​របស់​សិង្ហ​បុរី ប្រកបដោយ​ឯកភាព និង​ជា​កន្លែង​ជា​មោទកភាព​សម្រាប់​ប្រជាជន​គ្រប់រូប​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Today Online លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ ការកសាង​សង្គម​ដែលមាន​លក្ខណៈ​ចម្រុះ​គ្នាច្រើន​រវាង​ប្រជាជន គឺជា​រឿង​សំខាន់​ណាស់ ខណៈដែល​ពិភពលោក កំពុងតែ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ទាំង​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​, ការផ្លាស់ប្តូរ​នៃ​បច្ចេកវិទ្យា និង​ចលនា​ផ្លាស់​ទី​របស់​ប្រជាជន​។ លោក យល់ឃើញថា មានតែ​ការចូលរួម​ធ្វើការ​ជាមួយគ្នា​ជិតស្និទ្ធ​នោះទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។ 
 
​ត្រង់ចំណុច​នៃ​ការកសាង​សាមគ្គីភាព​ចំណោម​គ្នា លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល​សិង្ហ​បុរី ជាពិសេស​ក្រុម​អ្នកដឹកនាំ​ជំនា​ន់ទី​បួន (4G) ដែល​រង់ចាំ​ធ្វើការ​ជាមួយនឹង​ប្រជាជន​ដើម្បី​កសាង​អនាគត​មួយ ដែល​គ្រប់គ្នា​មាន​ចំណែក​ចូលរួម ហើយក៏​ជា​ម្ចាស់​កម្មសិទ្ធិ​។ 
 
​លោក Heng ដែល​ត្រូវបាន​គេ​ជឿជាក់ថា ជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេស​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Lee Hsein Loong បញ្ចប់​អាណត្តិ បាន​អះអាងថា នៅក្នុង​ប្រទេស​ជាច្រើន គិតថា ពួកគេ មាន​ប្រជាធិបតេយ្យ ក្នុង​ត្រឹមតែ​លក្ខខណ្ឌ​បោះឆ្នោត​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ធាតុពិត និង​ជា​មូលដ្ឋាន ប្រជាធិបតេយ្យ ផ្តោតទៅលើ​លទ្ធភាព ដែល​ប្រជាជន​អាច​ធ្វើបាន​នៅក្នុង​សង្គម​។ លោក សំដៅលើ​ការចូលរួមចំណែក​បង្កើត និង​អនុវត្ត​គោលនយោបាយ​។ 
 
​លោក បាន​ជំរុញ​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ទាំងអស់​បន្ត​ដើរតួ​ជា​ផ្នែក​មួយ​នៃ​ការកសាង​សិង្ហ​បុរី​, ចូលរួមចំណែក​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​អាចធ្វើ​ទៅបាន ទាំង​តាមរយៈ​ការបង្កើត​គោលនយោបាយ ការងារ​មនុស្សធម៌ និង​ការជួយ​យកអាសា​អ្នក​ជុំវិញ ឬ​សហគមន៍​រស់នៅ​របស់​ខ្លួន​៕ 

Tag:
 សិង្ហ​បុរី​
  ប្រជាធិបតេយ្យ​
  Heng Swee Keat
© រក្សាសិទ្ធិដោយ thmeythmey.com