ជាតិ
សេដ្ឋកិច្ច
មេដឹកនាំ​កម្ពុជា ស្នើ​ឲ្យ​មេដឹកនាំ​អាស៊ាន ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែម
23, Jun 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ឲ្យ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែមទៀត ដើម្បី​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​អា​ស៊ាន​ទាំងមូល​។ នេះ​បើតាម​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​។


 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្តថា ឆ្នាំ​២០១៩​នេះ ជា​ខួប​២០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​។ មេដឹកនាំ​កម្ពុជា បន្ថែមថា កន្លងមក កម្ពុជា បាន​គោរព​តាម​គោលការណ៍ និង​កាតព្វកិច្ច​របស់ខ្លួន ក្នុងនាម​ជា​សមាជិក​អាស៊ាន ជាពិសេស​ការចូលរួម​ថែរក្សា​សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ 
 
​មេដឹកនាំ​អាស៊ាន បាន​ពិភាក្សា​និង​ផ្លាស់ប្ដូរ​មតិយោបល់​គ្នា អំពី​ការ​ប្រឈម​លើ​ការគ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ​។ ពួកគេ បាន​ជំរុញ​ឲ្យ​អាស៊ាន ដើរតួនាទី​សំខាន់​ក្នុង​យន្តការ​សាមគ្គីភាព  ការតភ្ជាប់​អាស៊ាន ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិយោគ  និង ទេសចរណ៍​។ 
 
​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ផ្តោតលើ​បញ្ហា​ស្នូល​របស់​អាស៊ាន ការពង្រឹង​កសាង​សមត្ថភាព​របស់​អាស៊ាន ជាពិសេស​ការចូលរួម​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​អាស៊ាន ក្នុងការ​ពង្រឹង​នៃ​ការធ្វើ​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ឲ្យ​អាស៊ាន​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម​នៃ​គ្រោះមហន្តរាយ ដោយ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​នៃ​សំរាម ដែល​បច្ចុប្បន្ននេះ​កំពុងតែ​រាតត្បាត​នៅតាម​ឆ្នេរ​កោះ​នៃ​ប្រទេស​សមាជិក​អាស៊ាន​៕ 
 

Tag:
 ហ៊ុន សែន​
  កិច្ចប្រជុំ​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com