ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឲ្យរកដើមហេតុនាំឲ្យរលំអគារ ហើយត្រូវចាត់ការអ្នកពាក់ព័ន្ធតាមច្បាប់
23, Jun 2019 , 12:31 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានចេញសាររំលែកទុក្ខ ចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់នៅខេត្តព្រះសីហនុ។ អមជាមួយសាររំលែកទុក្ខ រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ខ្លួន បានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីចាត់វិធានការជាក់ស្តែង ជំរុញឲ្យស្រាវជ្រាវ និងស្វែងរកដើមហេតុ ដែលនាំឲ្យកើតមានសោកនាដកម្មដ៏អាណោចអាធ័មនេះ ព្រមទាំងចាត់វិធានការលើបុគ្គលពាក់ព័ន្ធ ដើម្បីទទួលខុសតាមផ្លូវច្បាប់។



ចំណែក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានបង្កើតក្រុមការងារដែរ ដើម្បីចុះទៅស្រាវជ្រាវពីរឿងបាក់អគារនេះ។ លោក ប្រាប់ក្រុមការងារនោះ ឲ្យចាត់វិធានការតាមច្បាប់ បើរកឃើញមន្រ្តីពាក់ព័ន្ធណា អនុវត្តខុសច្បាប់ក្នុងការសាងសង់អគារនេះ ចំណែកម្ចាស់អគារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវចាត់វិធានការដូចគ្នា បើរកឃើញថាមានកំហុស។

គិតត្រឹមម៉ោង១២កន្លះថ្ងៃ ក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់១៨នាក់ (ស្រី៤នាក់) និង អ្នករងរបួស២៤នាក់ (ស្រី២នាក់)។ កម្លាំងសមត្ថកិច្ចសរុបដល់១ពាន់នាក់ឯណោះ ដែលកំពុងរុករកជនរងគ្រោះក្នុងគំនរអគារបែកបាក់នេះ៕

Tag:
 រលំអគារ
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com