ជាតិ
សេដ្ឋកិច្ច
ក្រសួង​ថា គ្មាន​ការប្រើ​ទឹកដី​កម្ពុជា ដើម្បី​នាំ​ទំនិញ​របស់​ប្រទេស​ចិន​ទៅ​អាមេរិក​គេចពន្ធ​នោះទេ​
23, Jun 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ច្រានចោល​ការលើកឡើង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក ដែលថា​មាន​ក្រុមហ៊ុន​មួយចំនួន​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បញ្ជូន​ទំនិញ​ពី​ចិន​ទៅ​អាមេរិក ដើម្បី​គេចពន្ធ ឬ​បង់ពន្ធ​ក្នុង​កម្រិត​លើកលែង​។​


 
​លោក Arend Zwartjes មន្ត្រី​នាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Reuters ក្នុងពេល​ថ្មីៗ​ថា នាយកដ្ឋាន​សន្តិសុខ​ជាតិ​អាមេរិក​បាន​ត្រួត​ពិនិត្យឃើញ និង​ពិន័យ​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែលមាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​បាន​បំពាន​បម្រាម​គយ​របស់​អាមេរិក ដោយ​ក្រុមហ៊ុន​ទាំង​នោះបាន​បញ្ជូន​ទំនិញ​របស់​ប្រទេស​ចិន ទៅ​ទឹកដី​អាមេរិក តាមរយៈ​កម្ពុជា ដើម្បី​គេចវេស​ពី​ការបង់ពន្ធ ឬ​បង់ពន្ធ​ក្នុង​កម្រិត​លើកលែង​។ តែ​មន្ត្រី​ទូត​អាមេរិក​រូបនេះ មិនបាន​លម្អិត​ទៅដល់​ឈ្មោះ​ក្រុមហ៊ុន ទំហំ​រួច​ពន្ធ និង​ផលិតផល​អ្វី​នោះទេ​។​ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី បាន​ស្រង់​សំដី​លោក Arend Zwartjes កាលពីដើម​ខែឧសភា​ថា  ទំនិញ​ដែល​នាំទៅ​អាមេរិក​ក្នុងករណីនេះ គឺមាន​ដូចជា ឈើ​ក្ដារ​ធ្វើ​កម្រាល​ឥដ្ឋ អាស៊ីត​អា​មី​ណូ ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ និង​បំពង់​ដែកថែប​ជាដើម​។​
 
​ក្រសួងពាណិជ្ជកម្ម​បាន​ច្រានចោល​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​។ ក្រសួង​បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២​ខែមិថុនា​យ៉ាង​ដូច្នេះ​ថា​៖«​ការលើកឡើង​របស់​ម​ន្ត្រី​ស្ថានទូត​អាមេរិក ពុំមាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ពោលគឺ​ផ្ទុយ​ពី​ការអនុវត្ត​ជាក់ស្ដែង ព្រោះថា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មិនមាន​ក្រុមហ៊ុន​ផលិត​ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធម្មជាតិ និង​បំពង់​ដែកថែប​ទេ​»​។ ក្រសួង​បន្តទៀតថា ចំពោះ​ផលិតផល​អាស៊ីត​អា​មី​ណូ កន្លងទៅ​ក្រុមហ៊ុន Infinite Manufacturing Co., Ltd. បានទទួល​ច្បាប់​វិនិយោគ​តាំងពី​ដើមឆ្នាំ​២០១៥ និង​បាន​ផលិត​នាំចេញ រហូតដល់​ឆ្នាំ​២០១៧ ប៉ុន្តែ​ក្រោយ​នោះមក​ក្រុមហ៊ុន​នេះ​ពុំ​ដំណើរការ​ផលិតកម្ម និង​សកម្មភាព​នាំចេញ​នោះទេ​។​
 
​ក្រសួង​អះអាងថា ការគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ត្រូវបាន​អនុវត្តតាម​នី​ត​វិធី​ច្បាស់លាស់ ដោយ​ការផលិត​ត្រូវ​អនុលោម​វិធាន​ប្រភពដើម​ទំនិញ ហើយ​ការ​នាំចូល​វត្ថុធាតុដើម និង​ការនាំចេញ​ផលិតផល​សម្រេច ត្រូវបាន​កត់ត្រា​ត្រឹមត្រូវ​៕
 

Tag:
 ទូត​អាមេរិក​
  តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com