កណ្ដាល៖ អ្នកស្រី សែម ភា គឺជាស្ត្រីមេម៉ាយ ដែលខិតខំតស៊ូធ្វើស្រែចម្ការ និងដាំបន្លែតែម្នាក់ឯង ដើម្បីរកប្រាក់ឱ្យកូនស្រី២នាក់ បានរៀននៅមហាវិទ្យាល័យ។ យល់ថាក្រព្រោះគ្មានចំណេះ ទើបបានជាស្ត្រីវ័យ៤១ឆ្នាំរូបនេះ សុខចិត្តខ្ចីបំណុលគេ យកប្រាក់ផ្ដល់ឱ្យកូនបានរៀនខ្ពស់ ក្នុងបំណងឱ្យពួកគេគេចឱ្យផុតពីវាសនាដូចអ្នកស្រី។ មានកូន៤នាក់ក្នុងបន្ទុក អ្នកស្រី ភា ប្ដេជ្ញាជំរុញពួកគេឱ្យបានរៀនខ្ពង់ខ្ពស់គ្រប់ៗគ្នា។
មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល អ្នកស្រី សែម ភា គឺជាស្ត្រីមេម៉ាយដែលមានកូន៤នាក់ក្នុងបន្ទុក។ ស្ថិតក្នុងជីវភាពក្រីក្រ ហើយមានតួនាទីជាម្ដាយផង និងជាឪពុកផង អ្នកស្រី ភា ត្រូវធ្វើស្រែ និងដាំដំណាំស្វាយ ព្រមទាំងដាំបន្លែរួមផ្សំផ្សេងៗទៀត មិនក្រោម១០មុខឡើយ ដើម្បីរកប្រាក់ចិញ្ចឹមកូន និងឱ្យពួកគេបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ។ ស្ថិតក្នុងដំណាក់កាលគ្រួសារកំពុងមានវិបត្តិ ហើយបន្លែក៏ត្រូវបំផ្លាញអស់ដោយសត្វល្អិត អ្នកស្រី សែម ភា នៅតែសម្រេចចិត្ត បញ្ជូនកូនមករៀននៅរាជធានីភ្នំពេញ។
អង្គុយបោចស្មៅចេញពីដំណាំស្ពៃ ក្នុងរោងដាំបន្លែ (ហៅថាផ្ទះសំណាញ់) ដែលនៅក្នុងដីចម្ការចម្ងាយជិតមួយគីឡូម៉ែត្រ ពីផ្ទះរបស់ខ្លួន ស្ត្រីសម្បុរស្រអែម សម្ដីលះៗរូបនេះ ថាទោះបីជាខ្លួនក្រយ៉ាងណាក៏ដោយ ក៏អ្នកស្រីប្រឹងប្រែធ្វើស្រែនិងដាំបន្លែគ្រប់មុខ ដើម្បីរកប្រាក់ឱ្យកូនបានរៀនដែរ។ អ្នកស្រីបញ្ជាក់ដូច្នេះ៖«រាល់ថ្ងៃខ្ញុំមិនគិតអ្វីទាំងអស់ ខ្ញុំដឹងតែថាត្រូវរកប្រាក់តាមវិធីណា ដើម្បីឱ្យកូនបានរៀន»។
ដើរទៅកាត់ដំណាំជី ដែលនៅខាងក្រោយផ្ទះ អ្នកម្ដាយរូបនេះ រំឭកថា មានអ្នកភូមិមិនតិចឡើយ ដែលដៀលត្មះអ្នកស្រី ព្រោះតែការបញ្ជូនកូនស្រីទាំង២ទៅរៀននៅរាជធានីភ្នំពេញ៖«មិនខ្វះទេអ្នកភូមិដែលគេថាឱ្យខ្ញុំ។ គេថាឱ្យកូនស្រីទៅរៀនប្រយ័ត្នវាខូចខ្លួន។ គេថាផ្ទះក្រឱ្យកូនរៀនធ្វើអី។ រៀនហើយក៏អត់ប្រយោជន៍ដដែល។ រៀនហើយបានប្រាក់ខែដូចតែអ្នកមិនបានរៀនដែរ។ តែខ្ញុំមិនខ្វល់នឹងសំដីគេទេ ខ្ញុំគិតថាមនុស្សត្រូវខូច នៅតែផ្ទះក៏វាអាចខូចបានដែរ»។
អះអាងថាខ្លួនមិនបានរៀនច្រើន តែកសិកររូបនេះ មានការគិតវែងឆ្ងាយដោយសារតែអ្នកស្រីបានអានសៀវភៅមួយចំនួន ដែលបង្ហាញពីគុណតម្លៃរបស់ចំណេះដឹង។ អង្គុយក្នុងដីចម្ការក្រោមដំណក់ទឹកភ្លៀង ស្ត្រីកូន៤នាក់រូបនេះបន្ថែម៖« ខ្ញុំយល់ថាអ្នកមានចំណេះទៅណាក៏ចូលចំណោមគេចុះដែរ។ មនុស្សមានចំណេះជាមនុស្សក្លាហាន។ បើគាត់អត់ចំណេះ ទៅធ្វើការឱ្យគេបានតែពេលមានកម្លាំងទេ។ តែបើមានចំណេះគាត់ធ្វើការដោយប្រើបញ្ញា ហើយមិនហត់ដូចជាខ្ញុំទេ»។
ដៃកាន់កណ្តៀវរលះរលាំងកាត់ជីស្លឹកវែង ដែលនៅក្នុងចម្ការខាងក្រោយផ្ទះ កសិករដែលប្រាប់ថាខ្លួនមិនមានទ្រព្យធំដុំនោះ បានចំណាយប្រាក់បង់ថ្លៃសាលាឱ្យកូនស្រីទាំង២ ក្នុងមួយឆ្នាំប្រមាណជា១,៤០០ដុល្លាអាមេរិក។ ហើយប្រាក់ប្រហែលជិត២០០ដុល្លារអាមេរិកទៀត អ្នកស្រីបានផ្ដល់ឱ្យកូនជារៀងរាល់ខែ សម្រាប់ឱ្យពួកគេចំណាយផ្សេងៗ។
កញ្ញា សែម ស្រីនិច គឺជាកូនច្បងរបស់អ្នកស្រី សែម ភា។ ស្រីនិច ដែលមានអាយុ ២៣ឆ្នាំ កំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិ ឆ្នាំទី៤ នៅសាលាបញ្ញាសាស្ត្រ។ មានម្ដាយជាស្ត្រីមេម៉ាយ ស្រីនិច បានព្យាយាមរកការងារ ធ្វើតាំងពីរៀនឆ្នាំទីមួយ ដើម្បីជួយសម្រាលបន្ទុកម្ដាយខ្លះ។
អង្គុយនៅមុខព្រះបរមរាជវាំងចតុមុខ នារីរូបនេះ និយាយពីអ្វីដែលម្ដាយលះបង់ ដើម្បីខ្លួនទាំងទឹកភ្នែកប្រជែងគ្នារមៀលចុះ៖«ម្ដាយខ្ញុំគាត់មិនមានពេលសម្រាកទេ។ គាត់មិនដែលស្រាយមុងទេ ពេលគាត់ក្រោកពីសម្រាន្ត។ គាត់ក្រោកឡើងដឹងតែទៅកាត់ជី និងបន្លែយកទៅលក់។ តាំងពីព្រឹក រហូតដល់យប់ គឺគាត់រវល់រហូត។ ពេលខ្លះរវល់ពេកគាត់គ្រាន់តែហូបមី២កញ្ចប់ ជាមួយប្អូនខ្ញុំ២នាក់ទៀត ហើយគាត់ទៅធ្វើការទៀតហើយ។ រឿងទាំងនេះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ តែនៅក្នុងគ្រួសាររបស់ខ្ញុំ នៅមានរឿងផ្ទៃក្នុងជាច្រើនទៀត ដែលពិបាកនឹងនិយាយ។ ពេលនេះខ្ញុំមិនទាន់បានជួយអ្វីដល់ម្ដាយខ្ញុំទេ គ្រាន់តែអាចរកប្រាក់ចំណាយលើការសិក្សារបស់ខ្លួនឯងបានខ្លះ»។
ហ៊ានប្រថុយគ្រោះថ្នាក់ដោយមិនខ្លាចអ្វី ដោយដើរទៅកាត់ដំណាំជីដែលនៅខាងក្រោយផ្ទះចម្ងាយប្រមាណ៣០០ម៉ែត្រ ឆ្លងកាត់ដីជំរាលព្រែកដ៏រអិល អមដោយព្រៃស៊ុបទ្រុប នៅម៉ោង៤ទាបភ្លឺតែម្នាក់ឯងព្រោះតែកូន ស្ត្រីមេម៉ាយរាងតូចសម្បុរស្រអែមរូបនេះ ប្រកាន់គំនិតថា មនុស្សត្រូវស្លាប់នឹងអ្វី ទោះបីចង់គេចក៏មិនផុត។
អ្នកស្រីនិយាយគាំទ្រគំនិតរបស់ខ្លួន៖«មានគេថាដើរកាត់ព្រៃពេលយប់បែបហ្នឹង មិនខ្លាចសត្វពស់ ឬមានគ្រោះថ្នាក់អ្វីទេ? ខ្ញុំថាមិនខ្លាចទេ ព្រោះខ្ញុំជឿថាមនុស្សយើង បើត្រូវស្លាប់នឹងអ្វីហើយ ទោះខំគេចក៏គេចមិនផុតដែរ»។
ខំទាំងយប់ ខំទាំងថ្ងៃ ជាញឹកញយអ្នកស្រី ភា ស្ថិតនៅក្នុងដីស្រែដាច់ឆ្ងាយពីភូមិ ធ្វើការតែម្នាក់ឯងរហូតដល់ម៉ោង១០ ឬ១១យប់។ ទោះបីជាខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏កម្លាំងស្រីតែម្នាក់ឯង មិនអាចរកប្រាក់ឱ្យកូនរៀនទាន់ដែរ អ្នកស្រី ភា ចាំបាច់ត្រូវខ្ចីប្រាក់ពីអ្នកភូមិខ្លះ ដើម្បីផ្ដល់ឱ្យកូន ទម្រាំដល់ខែប្រមូលផល នឹងបានយកទៅសងគេវិញ។
ស្ត្រីកូនស្រី៣នាក់ និងប្រុសម្នាក់រូបនេះ និយាយព្រមដោយស្នាមញញឹម៖«ខ្ញុំគិតថាបើខ្ញុំធ្វើស្រែមួយឆ្នាំ ខ្ញុំប្រមូលផលតែម្ដងទេ។ ដូច្នេះរកប្រាក់ឱ្យកូនរៀនមិនទាន់ទេ។ ខ្ញុំគិតច្រើនណាស់។ ខ្ញុំក៏ចាប់ផ្ដើមដាំបន្លែ ព្រោះខ្ញុំគិតថា វាអាចឱ្យខ្ញុំមានចំណូលរាល់ថ្ងៃ។ ពីមុន ខ្ញុំខ្ចីប្រាក់គេផ្ដល់ឱ្យកូនរៀន តែពេលនេះខ្ញុំមិនបារម្ភទៀតទេ ហើយខ្ញុំក៏សងគេអស់ហើយដែរ ដោយសារការដាំបន្លែ»។
ទោះបីជាមានប្រាក់ចំណូលចូលគ្រួសាររាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជីវភាពគ្រួសារដែលមានតែស្ត្រីមេម៉ាយជាជំហរតែម្នាក់ឯងនោះ ក៏នៅតែមិនអាចផ្ដល់ប្រាក់ឱ្យកូនស្រីទី២ដែលកំពុងរៀនឆ្នាំទី២ជំនាញស្ថាបត្យកម្មបានគ្រប់គ្រាន់ដែរ។ ៖«ខ្ញុំគិតថាជំនាញស្ថាបត្យកម្មដែលខ្ញុំកំពុងរៀននេះពិតជាពិបាកណាស់ ព្រោះខ្ញុំត្រូវចំណាយលើសម្ភារសិក្សាច្រើន ហើយជីវភាពគ្រួសាររបស់ខ្ញុំខ្វះខាត។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមរៀនរហូតចប់ឆ្នាំ ព្រោះបំណងរបស់ម្ដាយខ្ញុំ ចង់ឱ្យខ្ញុំមានចំណេះ និងមានការងារសមរម្យធ្វើ»។ នេះជាការរៀបរាប់របស់កញ្ញា សែម វណ្ណារី ដែលត្រូវជាកូនស្រីទី២របស់អ្នកស្រី សែម ភា។
ក្ដីសង្ឃឹមរបស់ស្ត្រីមេម៉ាយកូន៤នាក់រូបនេះ គឺការបានឃើញកូនទាំងអស់របស់ខ្លួន មាន ចំណេះដឹង។ «ខ្ញុំមិនចង់ឱ្យកូនៗរបស់ខ្ញុំទៅធ្វើការដើម្បីយកប្រាក់មកឱ្យខ្ញុំទេ ខ្ញុំគ្រាន់តែចង់ឱ្យពួកគេប្រើចំណេះទាំងនោះ សម្រាប់ជីវិតរបស់ខ្លួនទៅថ្ងៃអនាគត តែប៉ុណ្ណោះ»៕