រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបង្ហាញក្តីសង្ឃឹមពីការទៅមុខនៃដំណើរការសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។ ឥណ្ឌូណេស៊ី រំពឹងថា នឹងមានភាពវិជ្ជមានសម្រាប់ទីម័រខាងកើត ខណៈមេដឹកនាំកំពូលអាស៊ាន ក៏ត្រៀមនឹងជួបគ្នាជាថ្មីនៅលើទឹកដីបាងកក នៃរាជាណាចក្រថៃ។
អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអាស៊ាននៃក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Jose Tavares នៅថ្ងៃ២០ មិថុនា បានទទួលស្គាល់ថា ដំណើរការនៃការសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត បានចំណាយពេលច្រើនណាស់មកហើយគិតចាប់ពីឆ្នាំ២០១១មក ហើយឥណ្ឌូណេស៊ី សង្ឃឹមថា នឹងមានសញ្ញាវិជ្ជមានក្នុងការសម្រេចលទ្ធផលវាយតម្លៃកំណត់ចុងក្រោយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន tempo មន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូណេស៊ីរូបនេះ បានអះអាងថា បច្ចុប្បន្ន ទីម័រខាងកើត កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមអ្នកជំនាញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ថាតើទីម័រខាងកើត ពិតជារួចរាល់សម្រាប់ការចូលជាសមាជិករបស់អាស៊ានឬយ៉ាងណា។
លោក អះអាងថា នៅពេលបញ្ហានេះត្រូវបានពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំកំពូលរបស់ប្រទេសអាស៊ាន ទីម័រខាងកើត នឹងក្លាយជាកម្មវត្ថុសំខាន់សម្រាប់មេដឹកនាំអាស៊ានក្នុងការសម្រេចចិត្តផ្នែកនយោបាយថាតើទីម័រខាងកើត មានលក្ខណៈគ្រប់គ្រាន់ក្នុងក្លាយជាសមាជិកមួយរបស់អាស៊ានឬនៅ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ តាមលោក Jose តាមរយៈការសិក្សាកន្លងមកលើលក្ខខណ្ឌបីសំខាន់រួមមានលើវិស័យសន្តិសុខ សង្គម-វប្បធម៌ និងសេដ្ឋកិច្ច ក្រុមអ្នកជំនាញអាស៊ាន បានផ្តល់អនុសាសន៍វិជ្ជមានច្រើនទៅលើទីម័រខាងកើតលើការក្លាយជាសមាជិករបស់អាស៊ាន។
ក៏ប៉ុន្តែលោកបានសង្កត់ថាសំណួរថា«តើគួរបញ្ចូលទីម័រខាងកើតជាសមាជិកផ្លូវការឬយ៉ាងណា?» នឹងមិនត្រូវបានជជែកនៅក្នុងឆ្នាំនេះនោះទេ ហើយអាស៊ាន ក៏មិនទាន់បានកំណត់ពេលជាក់លាក់សម្រាប់ការកំណត់ចុងក្រោយនៅឡើយផងដែរ។
គួររម្លឹកផងដែរ តាមលក្ខខណ្ឌភូមិសាស្ត្រ ទីម័រខាងកើត មិនមានអ្វីត្រូវបារម្ភនោះទេក្នុងការក្លាយជាសមាជិករបស់អាស៊ាន។ ប៉ុន្តែតាមលក្ខខណ្ឌបីរួមមានសេដ្ឋកិច្ច សង្គម-វប្បធម៌ និងនយោបាយ រដ្ឋក្មេងខ្ចីជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅមិនទាន់អាចធ្វើឲ្យមេដឹកនាំអាស៊ានទាំងអស់អាចទទួលយកបាននោះទេ។
ជាក់ស្តែងនោះ សិង្ហបុរី ដែលជាស្ថាបនិករបស់អាស៊ាន បានប្រកាសម្តងហើយម្តងទៀតថា ទីម័រខាងកើត នៅមិនទាន់រឹងមាំនៅឡើយនោះទេ ខណៈរដ្ឋសមាជិកអាស៊ានមួយចំនួនផ្សេងទៀតរួមមានឥណ្ឌូណេស៊ី និងកម្ពុជាផងដែរនោះ បានប្រកាសគាំទ្រ និងសន្យាពន្លឿនការបញ្ចូលទីម័រខាងកើតជាសមាជិករបស់អាស៊ាន៕