ក្រៅពី​មាន​ខុន​ដូ​បែប​អឺរ៉ុប អ្នកនាង ចន្ថា ងាក​មក​សង់ផ្ទះ​ខ្មែរ​បុរាណ សម្រាប់​ជួល​ឲ្យ​ភ្ញៀវទេសចរ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពី​មាន​ខុន​ដូ​បែប​អឺរ៉ុប អ្នកនាង ចន្ថា ងាក​មក​សង់ផ្ទះ​ខ្មែរ​បុរាណ សម្រាប់​ជួល​ឲ្យ​ភ្ញៀវទេសចរ​
23, Jun 2019 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ ស្ថិតនៅក្នុង​វ័យ​៣៦​ឆ្នាំ អ្នកនាង ស៊ន ចន្ថា ហៅ (​ម៉ា​យ៉ា​) អាចមាន​លទ្ធភាព​រក​ប្រាក់ចំណូល​ខ្ទង់ពាន់ដុល្លារ​ក្នុង​មួយខែ​។ លទ្ធភាព​ក្នុងការ​រកប្រាក់​ចំណូលច្រើនគួរសមនេះ កើតចេញពី​កូន​ចិត្ត​ជម្នះ​ភាពក្រីក្រ​របស់ ម៉ា​យ៉ា ដែល​ធ្លាប់​ឆ្លងកាត់​ការងារ​ជា​កម្មការិនី​រោងចក្រ មុននឹង​ក្លាយជា​អ្នករកស៊ី​ផ្នែក​អចលនទ្រព្យ​បច្ចុប្បន្ននេះ​។


​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
     


 
​ផ្ទះ​ឈើ​លក្ខណៈ​បែប​ខ្មែរ​ចំនួន​៤ ហើយ​មាន​ដើមឈើ សួនច្បារ និង​ដំណាំ​ស្ទើរ​ជុំជិត ស្ថិតនៅ​លើដី​ជិត​១​ហិកតា ដែលមាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​កំពង់ចម្លង​អរិយ​ក្សត្រ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ទីនេះ មាន​ឈ្មោះថា​«Maya Village» ដែល​ត្រូវបាន​កសាងឡើង​ដោយ​អ្នកនាង ស៊ន ចន្ថា ហៅ (​ម៉ា​យ៉ា​) ស្ត្រី​ខ្មែរ​មួយរូប ដែល​ចូលចិត្ត​ធម្មជាតិ និង​ស្រឡាញ់​របៀប​រស់នៅ​លក្ខណៈ​ជា​ខ្មែរ​។ មានកំណើត​នៅតាម​ដង​ទន្លេសាប​នៅ​ខេត្តកំពង់ឆ្នាំង ម៉ា​យ៉ា បាន​ដក់​ជាប់​នឹង​អារម្មណ៍​នៃ​ការរស់នៅ​បែប​ស្រុកកំណើត​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​នាង​ខិតខំ​សន្សំ​លុយ​ទិញ​ដី​ជិត​មួយ​ហិកតា​នៅ​ទីនោះ ដោយបាន​សាងសង់​ផ្ទះ​ឈើ​លក្ខណៈ​បែប​ខ្មែរ ដើម្បី​ស្នាក់នៅ​ខ្លួនឯង​ផង និង​ជួល​ឲ្យ​ភ្ញៀវ ដោយ​ទទួលបាន​ចំណូល​ខ្ទង់ពាន់​ដុល្លារ​នៅក្នុង​មួយខែៗ​។ ផ្ទះ​ឈើ​បែប​ខ្មែរ​ទាំង​៤​នេះ គឺ​អ្នកនាង ម៉ា​យ៉ា បាន​ទិញ​ផ្ទះ​ឈើ​ចាស់ៗ​របស់​ពលរដ្ឋ យកមក​រចនា​ឡើងវិញ​ដោយ​ខ្លួនឯង​។​


 
​បើតាម ម៉ា​យ៉ា ផ្ទះ​ឈើ​ទាំង​៤​របស់​នាង មាន​ម៉ូដ​ផ្ទះប៉ិត ម៉ូដ​ផ្ទះកន្តាំង ម៉ូដ​ផ្ទះកន្តាំង​បុក ម៉ូដ​កន្តាំង​ក្រពើ​ហា​។  ផ្ទះ​នីមួយៗ​មាន​ច្រើន​ខ្នង ដោយ​ផ្ទះ​ទាំង​៤​មាន​បន្ទប់​គេង​សរុប​ចំនួន​៩ មាន​បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក ផ្ទះបាយ ហើយ​ផ្ទះ​នីមួយៗ​មាន​ទីធ្លា​ធំ​ទូលាយ​ដោយមាន​គម្លាត​ពីគ្នា​១០០​ម៉ែត្រ​។​
 
​សក់រួញ ភ្លែ​ក​តូច សម្បុរ​ខ្មៅ​ស្រអែម ម៉ា​យ៉ា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ហ្នឹង យើង​មានផ្ទះ​៤ ក្នុងផ្ទះ​នីមួយៗ​មានការ​រៀបចំ​ខុសគ្នា​ទាំងអស់ និង​ម៉ូដ​ខុសគ្នា​ទាំងអស់​។ មាន​បន្ទប់ទឹក ចង្ក្រាន​បាយ​…​។ ការធ្វើ​ផ្ទះ​នៅ​អរិយ​ក្សត្រ ដោយសារ​ខ្ញុំ​ស្រឡាញ់​ធម្មជាតិ និង​ដើមឈើ​នៅ​ហ្នឹង​កាលពី​៤​ឬ​៥​ឆ្នាំមុន​។ កាលនោះ ខ្ញុំ​មានផ្ទះ​តែមួយ​ទេ តែ​២​ឆ្នាំ​ចុង​ក្រោយនេះ យើង​ធ្វើ​ផ្ទះ​៣​ទៀត ហើយ​មិន​ធ្វើ​លក្ខណៈ​ប្រណិត​ទេ ព្រោះ​ខ្ញុំ​នៅ​ស្រឡាញ់​ស្ថាបត្យករ​ខ្មែរ ខ្ញុំ​ចង់​ថែរក្សា​ទ្រង់ទ្រាយ​ដើម​ទាំងអស់​។ ខ្មែរ​យើង​គេ​មានផ្ទះ​ផ្សេងគ្នា ដូចជា អ្នកភូមិ​ធូរធារ​គេ​ធ្វើ​ផ្ទះ​របៀប​ម៉េច​? អ្នកមាន​ឋានៈ​មធ្យម និង​អ្នករកស៊ី​គេ​ធ្វើ​ផ្ទះ​របៀប​ម៉េច​? មន្ត្រីរាជការ​គេ​ធ្វើ​ផ្ទះ​របៀប​ម៉េច​? ដូច្នេះ វា​មាន​ឋានៈ​ខុសៗ​គ្នា​»​។  


 
​ផ្ទះ​ឈើ​បែប​សាមញ្ញ តែ​វា​ពិតជា​មានតម្លៃ​ណាស់​សម្រាប់​ម៉ា​យ៉ា ដ្បិត​វា​បានធ្វើ​ឲ្យ​នាង​អាច​រស់នៅ​ជាមួយ​ផ្ទះ​បែប​ខ្មែរ និង​អាច​រកចំណូលបាន​ច្រើន​គួរសម​ពី​ការជួល​ឲ្យ​ភ្ញៀវ​ខ្មែរ និង​បរទេស​។ សម្រាប់​តម្លៃ​ជួល​វិញ ការ​ស្នាក់នៅ​ផ្ទះមួយ​យប់ មានតម្លៃ​ចន្លោះ​ពី​៥០​ទៅ​១០០​ដុល្លារ អាស្រ័យ​ចំនួន​មនុស្ស​តិច​ឬក៏​ច្រើន និង​មានតម្លៃ​ចន្លោះ​៥០​ដុល្លារ ទៅ​២៥០​ដុល្លារ សម្រាប់​ការជួល​ថត​ភាពយន្ត និង​ធ្វើ​កម្មវិធី​ផ្សេងៗ ដូចជា ប្រជុំ ឬ​សិក្ខាសាលា​ជាដើម​។ ខុសពី​ផ្ទះសំណាក់ និង​សណ្ឋាគារ​ដែល​តែងតែ​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​សព្វគ្រប់​នោះ តែ Maya Village មិន​ធ្វើ​ដូច្នេះ​ឡើយ ពោលគឺ​អ្វីៗ​ទាំងអស់ ភ្ញៀវ​ត្រូវធ្វើ​ដោយ​ខ្លួនឯង​។  
 
​ម៉ា​យ៉ា ដែលមាន​ទម្លាប់​ធ្វើដំណើរ​ដោយ​ថ្មើរជើង និង​ជិះ​កង់ បាន​រៀបរាប់​បន្តថា​៖«​អ្នក​ជួល​ផ្ទះ​ខ្ញុំ ញ៉ាំ​បាយ​ខ្លួនឯង លាងចាន​ខ្លួនឯង ព្រោះ ខ្ញុំ​គិតថា មនុស្ស​រីករាយ​បំផុត​នៅពេល​បាន​ចែករំលែក​។ ញ៉ាំ​បាយ​ខ្លួនឯង​លាងចាន​ខ្លួនឯង​វា​ជា​រឿង​ធម្មតា​។ ខ្ញុំ​បង្កើត​កន្លែង​ឲ្យ​ភ្ញៀវ​ស្នាក់នៅ​សប្បាយចិត្ត ប៉ុន្តែ គាត់​ថែរក្សា​ការ​គេង និង​ញ៉ាំ​ដោយ​ខ្លួនឯង​ទាំងអស់​។ វា​លើកលែង​មួយ​សប្តាហ៍​មាន​អ្នក​សម្អាត​ម្តង​ទៅ​ពីរដង តែ​គាត់​អត់​លាងចាន និង​រៀប​កន្លែង​គេង​ទេ គ្រាន់តែ​សម្អាត​។ ចំណែក​ម្ហូប​! ខ្ញុំ​ឲ្យ​ពួកគេ​មាន​ជម្រើស ភាគច្រើន​ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវ​ធ្វើ​ម្ហូប​ខ្លួនឯង បើសិន​ភ្ញៀវ​មាន​តិច​។ តែបើ​ភ្ញៀវ​ច្រើន​ខ្ញុំ​ទទួល ម្ហូប និង​ទឹក ព្រោះ​ខ្ញុំ​អត់​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក​ក្នុងផ្ទះ​ខ្ញុំ​។ យើង​ព្យាយាម​មិន​ប្រើ​ប្លា​ស្លិ​ក​។  ពួកគេ​ញ៉ាំ​នៅផ្ទះ​ខ្ញុំ យើង​មាន​ចានឆ្នាំង កែវ​គ្រប់​ទាំងអស់ និង​ប្រើ​ស្លឹក​ឈូក និង​ស្លឹកចេក​អ៊ីចឹងទៅ​»​។​


 
​ជា​សិស្ស​ធ្លាក់​បាក់​ឌុប តែ​ម៉ា​យ៉ា បាន​ចាក​ចេញពី​ស្រុកកំណើត​ដោយ​តស៊ូ​ធ្វើជា​កម្មការិនី​រោងចក្រ ដើម្បី​សន្សំ​លុយ​ចូលរៀន​បញ្ញា​ប​ត្រ​រង និង​បរិញ្ញាបត្រ​។ វ័យ​៣៦​ឆ្នាំ ម៉ា​យ៉ា មិនមែនជា​អ្នកជំនាញ​ផ្នែក​ស្ថាបត្យកម្ម​នោះឡើយ តែ​កូនច្បង​ក្នុងចំណោម​បងប្អូន​៤​រូបនេះ បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​អាល្លឺម៉ង់​។ ក្រោយ​បញ្ចប់​ការសិក្សា ម៉ា​យ៉ា ដែល​ចេះ​ភាសា​អង់គ្លេស​ច្បាស់លាស់ បានធ្វើ​ការងារ​១០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង់គ្លេស​មួយ ដែល​ទទួលបាន​ប្រាក់ខែ​ជិត​៥​ពាន់​ដុល្លារ​ក្នុង​មួយខែ​។  
 
​ប្រាក់​សន្សំ​នេះហើយ គឺជា​ដើមទុន​ក្នុង​ការបើក​ក្រុមហ៊ុន​ទេសចរណ៍ និង​ក្រុមហ៊ុន​អចលនទ្រព្យ​។ បន្ទាប់ពី​មាន​ទុន​ក្រាស់ក្រែល​ហើយ ម៉ា​យ៉ា បាន​លក់​ក្រុមហ៊ុន​ទាំងពីរ​នោះ ហើយ​បាន​ផ្តោតលើ​ការសង់​ខុន​ដូ​បែប​អឺរ៉ុប​ដែលមាន​កម្ពស់​៤​ជាន់ និង​៨​យូ​នី​ត​នៅ​ខណ្ឌទួលគោក ដើម្បី​ដាក់​ជួល​ដែលមាន​ដំណើរ​យ៉ាង​រលូន​រហូតមកដល់​បច្ចុប្បន្ន​។ ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​គម្រោង Maya Apartment ស្ត្រី​មាឌ​ល្អិត​តែ​ចិត្តធំ​រូបនេះ បាន​បង្កើត​គម្រោង Maya Village នេះ​ឡើង ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន ដែល​ស្រឡាញ់​ការរស់នៅ​តាមបែប​ធម្ម​ជាតិ និង​មនុស្ស​ដែលមាន​ចំណង់​ចំណូលចិត្ត​ប្រហាក់ប្រហែល​នាង​។​


  
​ម៉ា​យ៉ា​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​បើកទ្វារ​ព្រលឹម​ឡើង នៅផ្ទះ​ខ្ញុំ​ហ្នឹង មាន​ដើមឈើ​ខៀវ​ងងឹត​។ យើង​រក​ពេល​ពិបាកចិត្ត​អត់​ឃើញ ព្រោះ​ធម្មជាតិ និង​រុក្ខជាតិ​នៅ​ជុំវិញ​ផ្ទះ វា​រស់​រវើក​។ រុក្ខជាតិ​នៅ​ជុំវិញ​ផ្ទះ ជួយ​អបអរ​ជីវិត​របស់​យើង​ឲ្យ​ស្រស់បំព្រង​រាល់ថ្ងៃ​។ ដូច​ផ្ទះ​ទើប​ធ្វើ​ហើយ​អ៊ីចឹង ដើម​ក្ងោក​ដុះ​មក​ចូលក្នុង​ផ្ទះ ជួនកាល​យើង​គេង​អាន​សៀវភៅ​នៅក្នុង​ផ្ទះ មែក​ស្វាយ​នៅក្នុង​ហ្នឹង​មាន​ចាប​មក​ធ្វើ​សម្បុក គឺមាន​សុភមង្គល​មែនទែន​។ យើង​រស់នៅ​ជាមួយ​ធម្មជាតិ យើង​គោរព​គ្នា​ទៅវិញទៅមក​។ ដូច្នេះ បានជា​ខ្ញុំ​អត់​ញ៉ាំ​សាច់​ទេ ព្រោះ​ខ្ញុំ​ឃើញ​សត្វ​ទាំងអស់ ជួល​កាល​ដង្កូវ​វារ​លើ​ដៃ​យើង វា​អត់​ខ្លាច​យើង​ទេ តែបើ​យើង​ធ្វើបាប​វា វា​នឹង​ធ្វើបាប​យើង​វិញ​។ អ៊ីចឹង ជីវិត​យើង​ពឹងពាក់​លើ​គាត់ ជីវិត​ធម្មជាតិ​ទាំងអស់​ហ្នឹង​ក៏​ពឹងពាក់​លើ​យើង​។ ដូច្នេះ យើង​រស់នៅ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក​»​។ 
 
​ខុសពី​បុរី ខុន​ដូ ឬ​រមណីយដ្ឋាន​ប្រណិតៗ​នៅ​ភ្នំពេញ ដែលមាន​របង​ខ្ពស់ៗ សន្តិសុខ​យាម​២៤​ម៉ោង​នោះ ប៉ុន្តែ Maya Village ពុំមាន​សេវា​ទាំងនេះ​ទេ​។ បើតាម​ម៉ា​យ៉ា ផ្ទះ​នីមួយៗ​របស់ខ្លួន​គ្មាន​របង គ្មាន​សន្តិសុខ ដូច​ផ្ទះ​អ្នកភូមិ​នៅតាម​ជនបទ​ដូច្នោះ​ដែរ​។ នាង​ពន្យល់ថា ការធ្វើ​បែបនេះ គឺ​នាង​ចង់​ឲ្យ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅទីនេះ រស់នៅ​លក្ខណៈសាមញ្ញ​ដូច​ប្រជាជន​នៅ​ជនបទ តែ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​ឡើយ​។​


   
​ទោះ​ម៉ា​យ៉ា​ចូលចិត្ត​រស់នៅ​ស្ងប់ស្ងាត់​មែន តែ​នាង​មិន​ចង់​រស់នៅ​តែម្នាក់ឯង​នោះទេ​។ បច្ចុប្បន្ន ផ្ទះ​ដែល​ម៉ា​យ៉ា​កំពុង​រស់នៅ ហើយ​មាន​បន្ទប់​ដែល​នៅសល់​នោះ នាង​បានដាក់​ជួល​ឲ្យ​មិត្តភក្តិ​របស់​នាង​ដែរ​។ ញញឹម​ថ្ពាល់ខួច ម៉ា​យ៉ា ដែលមាន​ឫកពា​សាមញ្ញ និង​តុបតែង​ខ្លួន​ស្រដៀង​ជនជាតិដើម​ភាគតិច បាន​អត្ថាធិប្បាយ​ថា​៖«​ផ្ទះ​ដែល​ខ្ញុំ​រស់នៅ​ផ្ទាល់ ខ្ញុំ​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​ខ្ញុំ​នៅ​ហ្នឹង​ម្នាក់ឯង តែ​ខ្ញុំ​សល់​បន្ទប់​គេង​៣ ដូច្នេះ ខ្ញុំ​ជួល​ឲ្យ​មិត្តភក្តិ​២​នាក់​ទៀត​រស់នៅ​ជាមួយ​ខ្ញុំ​។ ជា​ភាសា​អង់គ្លេស គេ​ហៅថា Sharing House​។ គេ​បង់លុយ​ឲ្យ​យើង ហើយ​គេ​នៅ​ជាមួយ​យើង​។ គេ​នៅតែ​គេ យើង​នៅតែ​យើង ប៉ុន្តែ​ពេលខ្លះ​យើង​ញ៉ាំ​បាយ​ជុំគ្នា​។ យើង​រស់នៅ​លក្ខណៈ​ដូច​មិត្តភក្តិ តែ​យើង​រក​ចំណូល​ពី​ផ្ទះ​ហ្នឹង​បាន​»​។ 


 
​ក្រៅពី​សេវា​ជួល​ផ្ទះ បច្ចុប្បន្ន Maya Village ក៏មាន​កន្លែង​តាំង និង​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​ធ្វើ​ដោយ​ដៃ ដូចជា កញ្ជើ ស្មុគ កញ្ច្រែង និង​កាបូប​ជាដើម ដែល​ផលិតផល​ទាំងអស់នេះ គឺ​ស្នាដៃ​របស់​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​រួមមាន​៖ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និង​កែប​។ បើតាម​ម៉ា​យ៉ា ការបង្កើត​កន្លែង​តាំង និង​លក់​វត្ថុ​ស្សាវ​រី​យ៍ ព្រោះតែ​នាង​ស្រឡាញ់​សម្ភារៈ​ដែល​ធ្វើ​ដោយ​ដៃ និង​ចង់​បង្កើត​ការងារ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ 
 
​មិន​ត្រឹម​តែមាន​គម្រោង​ពង្រីក​ការតាំង និង​លក់​វត្ថុ​អនុស្សាវរីយ៍​នោះទេ ម៉ា​យ៉ា ក៏​គ្រោង​បង្កើត​សារមន្ទីរ​តូច​មួយ​សម្រាប់​ដាក់តាំង​វត្ថុ​ចាស់ៗ ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់បាន​ប្រើ ដើម្បី​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​ពី​ជីវភាព និង​ការរស់នៅ​របស់​ដូនតា​ផងដែរ​៕      




 

Tag:
 ស៊ន ចន្ថា​
 ​សហគ្រិន​
 ​ផ្ទះ​បុរាណ​
 ​ស្ថាបត្យកម្ម​
 ​អរិយ​ក្សត្រ​
 ​កណ្តាល​
  Maya Village
© រក្សាសិទ្ធិដោយ thmeythmey.com