ភ្នំពេញ៖ បុគ្គលិកល្អ គឺជាផ្នែកមួយនៃការរីកចម្រើនរបស់ស្ថាប័នទាំងរដ្ឋ និងឯកជន។ ដូច្នេះ បានជាម្ចាស់ក្រុមហ៊ុន ឬប្រធានស្ថាប័ន តែងតែខិតខំជ្រើសរើសមនុស្សល្អ មកធ្វើជាបុគ្គលិក ដើម្បីជំរុញការងាររបស់ខ្លួន ឲ្យទទួលបានជោគជ័យ។ តើបុគ្គលិកល្អមានលក្ខណៈសម្បត្តិបែបណា? តើធ្វើដូចម្តេចដើម្បីជ្រើសរើសបានបុគ្គលិកល្អ?
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លន់ បូរី អ្នកជំនាញផ្នែកធនធានមនុស្ស និងអាជីវកម្មដូចតទៅ៖
លោក រ៉ឹម ភារី៖ តើធ្វើដូចម្តេចដើម្បីជ្រើសរើសបុគ្គលិកល្អសម្រាប់ជំរុញការងាររបស់ក្រុមហ៊ុនឲ្យរីកចម្រើន?
លោក លន់ បូរី៖ បុគ្គលិកល្អ គឺជាទ្រព្យដែលក្រុមហ៊ុនទាំងអស់តែងតែប្រាថ្នាចង់បាន។ មុននឹងត្រូវការជ្រើសរើសបុគ្គលិក យើងត្រូវប្រាកដថា យើងត្រូវការបុគ្គលដែលមានជំនាញ និងចរិតលក្ខណៈអ្វីខ្លះ? បន្ទាប់មក ចាំយើងសម្រួចក្នុងសំណួរពេលសម្ភាសជាក់ស្តែង។ ខ្ញុំឧទាហរណ៍ថា បងប្អូនចង់រើសបុគ្គលិកផ្នែកទីផ្សារ។ អ្នកហ្នឹង ទោះមិនមានបទពិសោធជាក់ស្តែង គាត់ក៏ត្រូវមានបរិញ្ញាបត្រផ្នែកអាជីវកម្ម ទីផ្សារ ឬអ្វីផ្សេងទៀត។ មួយវិញទៀត បើសិនបងប្អូនជ្រើសរើសបុគ្គលិកដែលមានបទពិសោធហើយស្រាប់ ពួកគេក៏ត្រូវតែជាមនុស្សពូកែនិយាយ មានយុទ្ធសាស្ត្រទីផ្សារ និងមានចរិតលក្ខណៈដែលមិនមែនស្ងៀមស្ងាត់ ឬខ្លាចមនុស្ស ពោលគឺជាបុគ្គលពូកែទំនាក់ទំនង មានអតិថិជននៅក្នុងដៃស្រាប់ ព្រមទាំងស្រលាញ់ក្រុមហ៊ុនរបស់បងប្អូន។ ផ្ទុយទៅវិញ បើសិនបងប្អូនចង់ជ្រើសរើសបុគ្គលិកល្អមកកាន់ផ្នែកទីផ្សារ តែបែរជារើសបុគ្គលដែលចូលចិត្តផ្នែកគណនេយ្យ ចូលចិត្តអង្គុយក្នុងការិយាល័យ មិនចូលចិត្តចេញក្រៅ គឺមិនចំគោលដៅនោះទេ។ កន្លែងនេះ មិនមែនពួកគេជាមនុស្សអាក្រក់ទេ គ្រាន់តែក្រុមហ៊ុន ឬផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនត្រូវប្រាកដថា ក្រុមហ៊ុនចង់បានអី? ទើបអាចជ្រើសរើសបុគ្គលិកចំតម្រូវការរបស់បងប្អូន។
លោក រ៉ឹម ភារី៖ តើបុគ្គលិកល្អ មានរបៀបធ្វើការដូចម្តេច?
លោក លន់ បូរី៖ បុគ្គលិកល្អ បានជំរុញការងារដែលធ្វើឲ្យក្រុមហ៊ុនមានលទ្ធផលល្អ តែបុគ្គលិកមិនល្អ បានជះឥទ្ធិពលដល់ដំណើរនៃការរីកចម្រើនរបស់ក្រុមហ៊ុន ដូចពាក្យមួយដែលយើងធ្លាប់ឮ គឺបុគ្គលិកល្អ គឺជាទ្រព្យ តែបុគ្គលិកមិនល្អ គឺជាបំណុល។ តើធ្វើម៉េចដើម្បីធ្វើឲ្យបុគ្គលិករបស់បងប្អូនសុទ្ធតែល្អ និងពូកែ? យើងត្រូវចាប់ផ្តើមតាំងពីការជ្រើសរើសបុគ្គលិកមក តើពួកគេបានយល់ពីទស្សនវិស័យ និងបេសសកម្មរបស់ក្រុមហ៊ុនរបស់បងប្អូនដែរទេ? បើសិនពួកគេយល់ពីទស្សនវិស័យ និងបេសសកម្មរបស់ក្រុមហ៊ុន ពួកគាត់នឹងចូលមកក្នុងទូកតែមួយ ដើម្បីជំរុញក្រុមហ៊ុនឲ្យរីកចម្រើន។ សម្រាប់បុគ្គលិកល្អ គាត់យល់យ៉ាងច្បាស់ពីតួនាទី និងការទទួលខុសត្រូវ មាននន័យថា គាត់ត្រូវមានភាពជាម្ចាស់។ បងប្អូនធ្លាប់លឺថា ឲ្យតែបុគ្គលិកមានឆន្ទៈ អាចធ្វើការបានហើយ ប៉ុន្តែ ពាក្យថាឆន្ទៈ ដូចជាទឹកសមុទ្រនាច ឬទឹកជោរអ៊ីចឹង វាមិនអាចវាស់វែងបានទេ។ ដូច្នេះ ក្នុងអាជីវកម្ម បើយើងមិនអាចវាស់វែងបាន វាជាបញ្ហាក្នុងនាមជាម្ចាស់អាជីវកម្ម។ នៅពេលបុគ្គលិកល្អ ពូកែ យល់ពីតួនាទី និងមានភាពម្ចាស់ការ នៅពេលធ្វើការ គាត់ចង់ឃើញការងាររបស់គាត់ជោគជ័យ និងមានភាពរីកចម្រើន ហើយពេលគាត់ជោគជ័យ វាជះឥទ្ធិពលដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។ ជាងនេះទៅទៀត បុគ្គលិកល្អ គាត់ឃើញឱកាស គឺជាឱកាស គាត់ឃើញបញ្ហា គឺអត់រត់ចេញទេ តែគាត់ព្យាយាមសម្របសម្រួល និងធ្វើការជាក្រុមដើម្បីប្រែក្លាយជាឱកាស។ ហើយចរិតបុគ្គលិកលក្ខណៈបែបហ្នឹង ទាំងនៅកម្ពុជា និងអាស៊ាន ពិបាករកណាស់។
ផ្ទុយទៅវិញ បើសិនបុគ្គលិករបស់បងប្អូនមិនល្អ យើងត្រូវសម្លឹងទៅមើលប្រធានផ្នែក ឬប្រធានក្រុមវិញ។ តើប្រធានផ្នែក ឬប្រធានក្រុមល្អឬអត់? បើសិនប្រធានផ្នែកល្អ គាត់ច្បាស់ជាអាចកែប្រែបុគ្គលិកមិនល្អ ឲ្យទៅជាល្អវិញ ប៉ុន្តែ បើសិនជាប្រធានផ្នែកមិនល្អ ទោះបុគ្គលិកល្អ បងប្អូនប្រាកដជាឈឺក្បាលហើយ ព្រោះ បើបុគ្គលិកមិនល្អម្នាក់ គឺម្នាក់ តែបើប្រធានផ្នែកម្នាក់មិនល្អ គឺជះឥទ្ធិពលដល់បុគ្គលិកច្រើននាក់។
លោក រ៉ឹម ភារី៖ តើបុគ្គលិកខ្មែរ បានប្រឹងប្រែងធ្វើការកម្រិតណា បើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន?
លោក លន់ បូរី៖ បើនៅអឺរ៉ុប កម្រិតនៃការខិតខំប្រឹងប្រែងរបស់ពួកគាត់ គឺខ្លាំងរួចជាស្រេចទៅហើយ។ បើមើលមកបរិបទស្រុកខ្មែរ ឬអាស៊ាន ប្រទេសមួយចំនួន ពួកគាត់មិនទាន់មានតម្រូវការជាមូលដ្ឋានគ្រប់គ្រាន់នៅឡើយទេ។ បើសិនពួកគេមិនទាន់មានតម្រូវការជាមូលដ្ឋានគ្រប់គ្រាន់ ពួកគាត់នឹងសម្លឹងថា ធ្វើម៉េចឲ្យរស់នៅស្រួល និងហូបគ្រប់គ្រាន់? បើសិនខ្ញុំបានប្រាក់ខែច្រើន ខ្ញុំប្រឹង តែបើបានប្រាក់ខែតិច ខ្ញុំមិនបាច់ប្រឹងទេ ខ្ញុំទៅធ្វើអ្វីផ្សេង។ ដូច្នេះ គ្រាន់តែភាសាមួយមាត់នេះ បានបញ្ជាក់ពីការខិតខំប្រឹងប្រែង ឬមិនខំប្រឹងប្រែងបាត់ទៅហើយ។ វាជះឥទ្ធិពលមកពីតម្រូវការជាមូលដ្ឋាន។ សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិតជាមានការខិតខំប្រឹងប្រែង យើងចង់ឲ្យក្រុមហ៊ុន ឬប្រទេសរីកចម្រើន បើធៀបនឹងប្រទេសអាស៊ាន។ យើងក៏មិនអាចដាក់បន្ទុកទៅលើបុគ្គលិកតែមួយមុខនោះទេ។ យើងត្រូវសម្លឹងមើលក្រុមហ៊ុនដែរ បើសិនបងប្អូនជាម្ចាស់ ឬប្រធានក្រុមហ៊ុន តើការផ្តល់ឱ្យរបស់បងប្អូន បានជួយជំរុញការខិតខំប្រឹងប្រែងរបស់ពួកគាត់ដែរអត់? ជាជាងយើងនិយាយថា គាត់អាក្រក់ ឬល្អ ព្រោះប្រជាជនខ្មែរយើង មាន១៦លាននាក់ ពួកគាត់មានកម្រិតពាក់ព័ន្ធនឹងបញ្ហាតម្រូវការជាមូលដ្ឋានជាច្រើន។ ដូច្នេះ គាត់ ផ្តោតលើតម្រូវការជាមូលដ្ឋានច្រើនជាងតម្លៃការងារ។ ដូច្នេះ បងប្អូនក្រឡេកមើលថា តើអ្វីដែលពួកគាត់កំពុងទទួលបាន គាត់រស់នៅបានអត់? គាត់មិនបារម្ភពីរឿងហូបចុក និងស្នាក់នៅហើយឬនៅ? មុននឹងបងប្អូននិយាយពីឆន្ទៈ ចំណុចល្អ ឬមិនល្អ។ ចំណុចមួយទៀត បងប្អូន ត្រូវប្រាកដថា យើងត្រូវការបុគ្គលិកទាំងអស់ ពិតជាចូលរួមជាមួយបងប្អូនទាំងអស់គ្នា នៅពេលក្រុមហ៊ុនមានបញ្ហា ព្រោះបុគ្គលិកខ្លះ ពេលដឹងថាក្រុមហ៊ុនមានបញ្ហា គាត់អត់ខ្វល់ ហើយរត់ចេញ ទៅរកក្រុមហ៊ុនដែលមិនមានបញ្ហា ហើយចាប់ផ្តើមធ្វើការជាមួយគេ។ ដូច្នេះក្នុងនាមជានាយក ឬអគ្គនាយកក្រុមហ៊ុន ឬប្រធានផ្នែក ត្រូវធ្វើម៉េចឲ្យពួកគាត់មើលឃើញ ពីទស្សនវិស័យរបស់ក្រុមហ៊ុន ដើម្បីជាផ្នែកមួយជំរុញក្រុមហ៊ុនឲ្យរីកចម្រើន។
លោក រ៉ឹម ភារី៖ សំណួរចុងក្រោយ តើលោក លន់ បូរី មានសារអ្វីដើម្បីជំរុញទឹកចិត្តដល់បុគ្គលិកឲ្យខិតខំធ្វើការ?
លោក លន់ បូរី៖ បើទោះបីបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើន មធ្យម ឬតិចក្តី នៅធ្វើការជាមួយក្រុមហ៊ុនដែលមានប្រព័ន្ធ ឬគ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ក្តី សូមបងប្អូនត្រូវប្រយ័ត្ន ពាក្យមួយមាត់ថា «ស្តង់ដារការងារ» មានន័យថា បើបងប្អូនធ្លាប់ធ្វើការងារល្អ ក្រោយមកទម្លាក់ស្តង់ដារការងារទៅជាអត់ល្អ នៅពេលខាងមុខ បងប្អូននឹងមានទម្លាប់អាក្រក់ធ្វើការមិនល្អ។ ក្នុងន័យនេះ មិនមែនតែសម្រាប់បងប្អូនដែលកំពុងធ្វើការ គឺសម្រាប់ប្អូនទាំងអស់នៅស្រុកខ្មែរ គឺគួរតែកំណត់ស្តង់ដារការងារដែលល្អ មានភាពជាម្ចាស់ ការទទួលខុសត្រូវ និងមានវិន័យ។ បើសិនបងប្អូនមានស្តង់ដារការងារហើយ តែគ្មានវិន័យសម្រាប់ខ្លួនឯង បងប្អូននឹងមិនអាចថែរក្សាស្តង់ដារការងារនោះបានទេ៕