ជាតិ
សេដ្ឋកិច្ច
កូន​ក្រពើ​ធ្លាប់​លក់បាន​១​ក្បាល​៥០​ដុល្លារ តែ​ធ្លា​ក់មក​ត្រឹម​៧​ដុល្លារ ព្រោះ​ផ្អែក​តែ​លើ​ទីផ្សារ​វៀតណាម​
24, Jun 2019 , 8:39 am        
រូបភាព
លោក ណាំ សីហា ម្ខាស់កសិដ្ឋានចិញ្ខឹមក្រពើ ក្នុងស្រុកឯកភ្នំ​ខេត្តបាត់ដំបង
លោក ណាំ សីហា ម្ខាស់កសិដ្ឋានចិញ្ខឹមក្រពើ ក្នុងស្រុកឯកភ្នំ​ខេត្តបាត់ដំបង
​ភ្នំពេញ​៖  តម្លៃ​កូន​ក្រពើ ដែល​ឈ្មួញ​ប្រមូល​ទិញ​នៅតាម​កសិដ្ឋាន​នានា ដើម្បី​នាំចេញ​ទៅ​វៀតណាម​នៅតែ​បន្ត​ធា្ល​ក់​ចុះ​នៅត្រឹម​រង្វង់​៧​ដុល្លារ​ក្នុង​១​ក្បាល​។ បើតាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ទីផ្សារ​កូន​ក្រពើ​បាន​ធា្ល​ក់​ចុះ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​ក្នុង​ឆ្នាំ​២០១៩​នេះ​តែម្តង ហើយ​ក្រៅ​វៀតណាម គឺ​គ្មាន​ប្រទេស​បញ្ជា​ទិញ​ឡើយ​។​

 
​បន្ទាប់ពី​តម្លៃ​កូន​ក្រពើ​ចេះតែ​បន្ត​ធា្ល​ក់​ថ្លៃ​មក លោក ណាំ សីហា  អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់ ក្នុង​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​កាត់បន្ថយ​ការចិញ្ចឹម​ក្រពើ ដោយ​បច្ចុប្បន្ន ក្រពើ​របស់លោក នៅសល់តែ​ជិត​៥០​ក្បាល​ប៉ុណ្ណោះ​។ ក្នុងចំណោម​ក្រពើ​ទាំងនោះ មាន​មេ​សម្រាប់​បង្កើតកូន​យកទៅលក់​ត្រឹម​១០​ក្បាល​។ លោក ណាំ សីហា ប្រាប់​សារព័ត៌មាន ThmeyThmey ថា រាល់ថ្ងៃ​ទីផ្សារ​កូន​ក្រពើ​ដែល​ឈ្មួញ​មក​ចុះ​ទិញ​នៅ​ខេត្តបាត់ដំបង​យកទៅ​ប្រទេស​វៀតណាម មានតម្លៃ​ត្រឹម​៧​ដុល្លារ​ក្នុង​១​ក្បាល ដែល​តម្លៃ​នេះ​គិត​ត្រឹម​កូន​ក្រពើ​ញាស់​ចេញពី​សំបក​បាន​មួយ​សប្តាហ៍​។  
 
​លោក មានប្រសាសន៍​ដូច្នេះ​ថា «​មែនទែនទៅ​តម្លៃ​កូន​ក្រពើ​បាន​ធា្ល​ក់​ចុះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មកហើយ ប៉ុន្តែ​តម្លៃ​វា​បាន​នៅ​ជុំវិញ​១០​ដុល្លារ​ក្នុង​មួយ​ក្បាល ដែល​ទីផ្សារ​ឡើង​ចុះ​...​ឡើង​ចុះ​...​ទៅតាម​ឈ្មួញ​ដែល​ចុះមក​ទិញ​។ រហូតដល់​ឆ្នាំ​២០១៩​នេះ តម្លៃ​កូន​ក្រពើ​មួយ​ក្បាល​លក់បាន​ធ្លាក់​នៅត្រឹម​៦-៧​ដុល្លារ​។ តម្លៃ​កូន​ក្រពើ​ចេះតែ​ធ្លាក់ចុះ ប៉ុន្តែ​ចំណី​ដែល​ទិញ​ឱ្យ​ក្រពើ​ស៊ី គឺ​ចេះតែ​ឡើងថ្លៃ​»​។ 


 
​ការ​ធា្ល​ក់​ថ្លៃ​នៃ​កូន​ក្រពើ​ទាំងនោះ បានធ្វើឱ្យ​លោក សីហា ស្ទើរ​ទាំង​បាត់បង់​ទឹកចិត្ត​ទាំងស្រុង​ក្នុងការ​ចិញ្ចឹម​ក្រពើ​បន្ត​ទៀត ព្រោះ​ម្ចាស់​កសិដ្ឋាន​ដែល​ធា្ល​ប់​មាន​ក្រពើ​រាប់រយ​ក្បាល​រូបនេះ បែរជា​នៅសល់​មិន​ត្រឹម​៥០​ក្បាល​ផង​នៅក្នុង​អាង​។ ក្នុងនោះ​មាន​មេ​ក្រពើ​ចិញ្ចឹម​យក​កូន នៅ​ជាង​១០​ក្បាល​ប៉ុណ្ណោះ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ពីមុន កូន​ក្រពើ​១​ក្បាល ខ្ញុំ​លក់បាន​៣០​ទៅ​៥០​ដុល្លារ​។ ត្រី​ដែលជា​ចំណី​ឱ្យ​ក្រពើ​ស៊ី​មានតម្លៃ​ត្រឹម​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម  តែ​ពេលនេះ ចំណី​ក្រពើ​ឡើង​១​គីឡូ​៥​ពាន់​រៀល បែរជា​តម្លៃ​កូន​ក្រពើ​លក់​មិនបាន​១០​ដុល្លារ​ផង​ក្នុង​១​ក្បាល​។  រាល់​ឆ្នាំ ខ្ញុំ​អាច​ចំណេញ​ប្រា​ក់បាន​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ឆ្នាំនេះ បើ​បាន​ត្រឹម​៥​ពាន់​ដុល្លារ គឺ​ល្អ​ហើយ​»​។ 
 
​ពីរ​-​បី​ឆ្នាំ​ចុងក្រោយ​នេះ កូន​ក្រពើ​ធ្លាក់​ថ្លៃ ដោយសារតែ​ឈ្មួញ​ប្រមូល​ទិញ​ទៅ​ប្រទេស​ថៃ បាន​ឈប់​បញ្ជា​ទិញ ជាមួយ​តម្លៃ​ស្បែក​ក្រពើ​ក៏​គ្មាន​ទីផ្សារ​ផងដែរ នាពេល​បច្ចុប្បន្ន​។ ក្រោយ​ប្រទេស​ថៃ​បាន​ឈប់​បញ្ជា​ទិញ មានតែ​ប្រទេស​វៀតណាម​តែមួយគត់ ជាទី​ផ្សារ​ធំ​នាំចូល​កូន​ក្រពើ​ចំនួន​រាប់សិប​ម៉ឺន​ក្បាល​ក្នុង​មួយឆ្នាំៗ​ពី​កម្ពុជា​។ ជាក់ស្តែង​វៀតណាម ជា​ប្រទេស​ដែល​បញ្ជា​ទិញ​កូន​ក្រពើ​ពី​កម្ពុជា សម្រាប់​ចិញ្ចឹម​យក​ស្បែក ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ស្បែក​ក្រពើ ពី​សំណាក់​ការបញ្ជាទិញ​របស់​បណ្តា​ប្រទេស ក្នុង​ពិភពលោក​។ ចំពោះ​តម្លៃ​កូន​ក្រពើ​នៅ​កម្ពុជា​ទាប​ឬ​ខ្ពស់ គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទីផ្សារ​របស់​វៀតណាម ថា​ស្បែក​ក្រពើ​របស់​វៀតណាម មាន​ការបញ្ជាទិញ​ពី​ប្រទេស​ច្រើន ឬ​អត់​។ ប្រសិនបើ​ទីផ្សារ​ស្បែក​ក្រពើ​នៅ​វៀតណាម​គ្មាន នោះ​តម្លៃ​កូន​ក្រពើ​នៅ​កម្ពុជា គឺ​ធា្ល​ក់​ទៅតាម​ហ្នឹង​ផងដែរ​។ នេះ​ជាស​ម្តី​របស់លោក ពែ​ក ឈុនលី ជា​អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់ទៀត នៅក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 


 
​ក្រៅពី​យក​កូន​ក្រពើ​ដែល​ខ្លួន​ចិញ្ចឹម​ផ្ទាល់ លោក ឈុនលី ក៏បាន​ប្រមូល​ទិញ​កូន​ក្រពើ និង​ស្បែក​ក្រពើ​ក្នុងស្រុក​មួយចំនួន​ទៅឱ្យ​លក់​នៅ​វៀតណាម​ផងដែរ​។ បច្ចុប្បន្ន​តម្លៃ​កូន​ក្រពើ​ដែល លោក ឈុនលី យកទៅឱ្យ​ឈ្មួញ​វៀតណាម គឺ​ចាប់ពី​៥​ដល់​៧,៨​ដុល្លារ ដែល​អាស្រ័យទៅលើ​គុណភាព និង​រូបរាង​កូន​ក្រពើ​ទាំងនេះ​។ 
 
​លោក ឈុនលី ដែលរ​កសី​ខាង​ចិញ្ចឹម​និង​លក់​ក្រពើ​ជាង​១០​ឆ្នាំ​មកហើយ​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​កូន​ក្រពើ​បាន​ធា្ល​ក់នៅ​ត្រឹម​តម្លៃ​នេះ ដោយសារតែ  ការផ្គត់ផ្គង់​កូន​ក្រពើ​កម្ពុជា ទៅ​វៀត​ណាត​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ អ្វីដែល​ធ្វើឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​នោះ គឺ​ទីផ្សារ​ស្បែក​ក្រពើ​ស្ងាត់​នៅ​វៀតណាម​គឺ​ស្ងាត់​តែម្តង​។ ស្បែក​ក្រពើ​ដែល​ខ្ញុំ​ប្រមូល​ទិញ​ក្នុងស្រុក​បាន​តិចតួច​យកទៅ​វៀតណាម គឺ​គេ​មិន​ទិញ​ទាល់តែសោះ​។ ដូច​ទីផ្សារ​ស្បែក​ក្រពើ​បច្ចុប្បន្ន ប្រទេស​ផ្សេងៗ​មិន​បញ្ជា​ទិញ​ពី​រៀ​ត​ណា​ម​អ​ច​អ៊ីចឹង​»​។ 


 
​លោក ឈុនលី ប្រាប់​សារព័ត៌មាន ThmeyThmey ថា ឆ្នាំ​២០១៩​នេះ តម្លៃ​កូន​ក្រពើ​ថោក  ហើយ​ក្រពើ​ដែល​កើត​ពង​មក​គឺ​ខូច​ច្រើនជាង​រាល់​ឆ្នាំ​ទៀត ព្រោះតែ​អាកាសធាតុ​ក្តៅ​ពេក​។ រីឯ​ចំណី​សម្រាប់​ឱ្យ​ក្រពើ​ស៊ី ក៏បាន​ឡើងថ្លៃ​ទៀត​។ លោក​បាន​បន្តថា នៅពេលដែល​កូន​ក្រពើ​លក់បាន​តម្លៃ​២០-៣០​ដុល្លារ​ក្នុង​១​ក្បាល គ្រាន់តែ​ញាស់​ពី​សំបក​ពង​បាន​ពីរ បី​ថ្ងៃ​គេ​យក​អស់ៗ​ហើយ​។ 
 
​ជាមួយគ្នានេះ តម្លៃ​កូន​ក្រពើ​នៅក្នុង​ទឹកដី​ខេត្តសៀមរាប ក៏​ស្ថិត​មិន​ឆ្ងាយ​ពី​តម្លៃ​កូន​ក្រពើ​នៅ​ខេត្តបាត់ដំបង​ដែរ​។ មូល​ហេតុដែល​ធ្វើឱ្យ​កូន​ក្រពើ​ធា្ល​ក់​ថ្លៃ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ លោក ណៅ ខូវ ក៏បាន​លើកឡើង​មិន​ខុសពី​អ្នក​ខាង​ប៉ុន្មាន​ទេ​។ ក្រៅពី​ចំនួន​ផ្គត់ផ្គង់​កូន​ក្រពើ​ទៅ​វៀតណាម​មាន​កាន់តែច្រើន និង​តម្រូវការ​ស្បែក​ក្រពើ​គ្មាន​ទីផ្សារ ធ្វើឱ្យ​តម្លៃ​កូន​ក្រពើ​ក្នុងស្រុក​ធ្លាក់​ថ្លៃ លោក ណៅ ខូវ បាន​ផ្តោត​ខ្លាំង​ទៅលើ​ប្រភព​នាំចេញ​កូន​ក្រពើ​របស់​កម្ពុជា គឺ​មានតែ​ទីផ្សារ​ប្រទេស​វៀតណាម​មួយគត់​។ 
 
​លោក  ណៅ ខូវ បានលើកឡើង​បែបនេះ​ថា​៖«​សព្វថ្ងៃ​គ្មាន​ប្រទេស​ណា​ក្រៅពី​វៀតណាម មក​បញ្ជា​ទិញ​កូន​ក្រពើ​ពី​យើង​នោះទេ សូម្បីតែ​ថៃ​ក៏​លែង​ទិញ​កូន​ក្រពើ​ពី​យើង​ដែរ​។ ដូច្នេះ យើង​ពឹងផ្អែក​ទាំងស្រុង​លើ​ទីផ្សារ​វៀតណាម​។ បើ​ទីផ្សារ​ស្បែក​ក្រពើ​គេ​គ្មាន​ហាងឆេង ចង់​មិន​ចង់​តម្លៃ​កូន​ក្រពើ​យើង​គឺ​ចុះថោក​ទៅតាម​គេ​ហើយ​។ បើ​យើង​មិន​ព្រម​លក់​ក្នុងតម្លៃ​ទាំងនេះ  ក្រពើ​កាន់តែ​ធំ យើង​ចំណាយ​កាន់តែច្រើន ទាំង​ការទិញ​ចំណី​ឱ្យ​ក្រពើ​ស៊ី ការថែទាំ និង​ការធ្វើ​អាង​សម្រាប់​បំ​បែប​ក្រពើ​ជាដើម ខណៈ​ទីផ្សារ​ស្បែក​ក្រពើ​គ្មាន​លំនឹង​បែបនេះ គឺ​យើង​មិន​ទុក​កូន​ក្រពើ​ទាំង​នោះទេ​»​។​


 
​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ជាង​២០​ឆ្នាំ​រូបនេះ បន្តថា ក្នុង​មួយឆ្នាំ អាច​នាំចេញ​កូន​ក្រពើ​បាន​៦​ទៅ​៧​ម៉ឺន​ក្បាល ទៅ​ប្រទេស​វៀតណាម​។ ដោយឡែក​ចំពោះ​កូន​ក្រពើ​កាល​ឆ្នាំ​២០១៨ បាន​ឡើង​ចុះៗ ដែល​ធា្ល​ក់នៅ​តម្លៃ​ទាប​បំផុត​៩​ដុល្លារ ក្នុង​១​ក្បាល​។ 
 
​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ទាំងនេះ បាន​អះអាងថា កូន​ក្រពើ​ធ្លាក់​ថ្លៃ​ក៏ពិតមែន ប៉ុន្តែ​ពួកគាត់​នៅតែ​ចំណេញ គ្រាន់តែ​តិចតួច​។ 
 
​ពាក់ព័ន្ធ​នឹង​តម្លៃ​កូន​ក្រពើ​ធា្ល​ក់​ថ្លៃ​នេះ លោក អេង ជា​សាន ប្រធាន​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​យ៉ាងខ្លី​ថា​៖« ការ​ធា្ល​ក់​ថ្លៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ គឺ​មិនមែន​តែ​កម្ពុជា​នោះទេ សូម្បីតែ វៀតណាម និង​ថៃ ក៏​ធ្លាក់​ថ្លៃ​ផងដែរ​»​។​
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ថ្លែង​កាលពី​ខែមករា ឆ្នាំ​២០១៩ ថា កម្ពុជា បាន​នាំចេញ​កូន​ក្រពើ​ប្រមាណ​៣២​ម៉ឺន​ក្បាល​ក្នុង​មួយឆ្នាំៗ ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ និង​វៀតណាម​៕ 




 

Tag:
 ក្រពើ​
  បាត់ដំបង​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com