ជាតិ
សង្គមជាតិ
និមិត្តសញ្ញាខេត្តក្រចេះ មានរូបគ្រុឌ នាគ និងបល្ល័ង្ក
× ភ្នំពេញ៖ និមិត្តសញ្ញាខេត្តក្រចេះ ដែលមានរូបគ្រុឌ នាគ និងបល្ល័ង្ក ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាមរយៈសេចក្តីប្រកាស នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។
រូបនីមួយៗនៅក្នុងនិមិត្តសញ្ញាខេត្តក្រចេះ មានដូចជា គ្រុឌ តំណាងឲ្យសភាវៈល្អ គ្រប់គ្រងដែនដី ក្លាហាន ការពារធម្មជាតិ និងខ្យល់ នាគ តំណាងឲ្យសភាវៈល្អ ភាពត្រជាក់ត្រជុំ គ្រប់គ្រងព្រះគង្គា ព្រះភិរុណ និងព្រះអគ្គី ហើយ បល្ល័ង្ក តំណាងឲ្យអរិយធម៌ជាតិ តាមរចនាប័ទ្មភ្នំដា ក្បាច់ត្របកឈូកអង្គរឆែក។
ដោយឡែក ពណ៌ផ្សេងៗដែលមាននៅក្នុងនិមិត្តសញ្ញាខេត្តក្រចេះនេះ គឺពណ៌មាស តំណាងឲ្យភាពសម្បូររុងរឿង ពណ៌ដីលែង តំណាងឲ្យធាតុរឹងមាំ និងពណ៌បៃតង តំណាងឲ្យការអភិវឌ្ឍ។ ចំណែក ទម្រង់រួមនៃនិមិត្តសញ្ញាខេត្តក្រចេះវិញ មានរាងត្របកឈូក តំណាងឲ្យអត្តសញ្ញាណជាតិ និងជាប្រទេសគោរពព្រះពុទ្ធសាសនា។
និមិត្តសញ្ញាខេត្តក្រចេះនេះ សម្រាប់ដាក់ឲ្យប្រើប្រាស់នៅកន្លែងធ្វើការ ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រ ប្រើប្រាស់ក្នុងពិធីនានាក្នុងរដ្ឋបាលខេត្តក្រចេះ និងប្រើប្រាស់ជាផ្លូវការក្នុងករណីផ្សេងៗទៀតដែលចាំបាច់៕
Tag:
មហាផ្ទៃ
និមិត្តសញ្ញា
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com