ជាតិ
ប្រណាំង​ស៊ីក្លូ​ឆ្នាំ​២០១៩៖ ជ័យលាភី​លេខ​១, លេខ​២ បាន​ទៅ​អ្នក​ព្រៃវែង លេខ​៣​ស្វាយរៀង​
23, Jun 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ​លើក​ទី​៣​ឆ្នាំ​២០១៩ ដែលមាន​បេក្ខជន​ប្រកួតប្រជែង​ចំនួន ១៣០​រូប​ចូលរួម បាន​រកឃើញ​ជ័យលាភី​ពី​លេខ​១​ដល់​លេខ​៣​ហើយ​។ អ្នកទទួល​ជ័យលាភី​លេខ​មួយ​១​និង​លេខ​២​មកពី​ខេត្តព្រៃវែង និង​ជ័យលាភី​លេខ​៣​មកពី​ស្វាយរៀង​។


 
​ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩​នេះ ដែល​បាន​ធ្វើឡើង​នៅ​សង្កាត់​ជ្រោយចង្វារ តាម​បណ្ដោយ​មាត់ទន្លេ​ជិត​សណ្ឋាគារ​សុខា​ត្រើយ​ខាងកើត ដែលមាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​១៣០​នាក់ បាន​រកឃើញ​ជ័យលាភី​៣​រូប​ហើយ​។  ជ័យលាភី​លេខ​១ បាន​ទៅលើ​លោក រន់ ចក់ មកពី​ខេត្តព្រៃវែង ដែល​ពាក់​ស្លាក​លេខ ១១៧​។ ចំណែក​ជ័យលាភី​លេខ​២​បាន​ទៅលើ​លោក អ៊ឹម ជឿន មកពី​ខេត្តព្រៃវែង ដែល​ពាក់​ស្លាក់​លេខ ៤៤​។ និង​ជ័យលាភី​លេខ​៣ បាន​ទៅលើ​លោក នូ សារឿន មកពី​ខេត្តស្វាយរៀង ដែល​ពាក់​ស្លាក​លេខ​១២០​។​
 
​ក្នុងនោះ​ជ័យលាភី​លេខ​១ ទទួលបាន​មេដាយ​១ និង​ប្រាក់រង្វាន់​ចំនួន ៤០០,០០០​រៀល ជ័យលាភី​លេខ​២ ទទួលបាន​មេដាយ​១ និង​ប្រាក់រង្វាន់​ចំនួន ៣២០,០០០ រៀល និង​ជ័យលាភី​លេខ​៣ ទទួលបាន​មេដាយ​១ និង​ប្រាក់រង្វាន់​ចំនួន ២៤០,០០០​រៀល​។​


 
​ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ​នេះ មានការ​ចូលរួម​ជា​អធិបតី​ពី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក ខួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​អធិបតី​។​
 
​សូមបញ្ជាក់ថា​នៅ​ល្ងាច​ថ្ងៃទី​២៣​ខែមិថុនា​នេះ ក៏មាន​កម្មវិធី​ជិះ​ស៊ីក្លូ និង​ធាក់​ស៊ីក្លូ​កម្សាន្ត សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ព្រមទាំង​មានការ​សម្ដែង​សិល្បៈ​ជាច្រើន​ផងដែរ​។​
 
​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ​នៅ​រាជធានី​ភ្នំពេញ ដែល​លើក​ទី​១​ធ្វើឡើង​នៅ​ឆ្នាំ​១៩៩៣ ដោយមាន​ស៊ីក្លូ​ចូលរួម​ចំនួន​១០០​ស៊ីក្លូ​។ លើក​ទី​២​នៅ​ឆ្នាំ​១៩៩៥ មាន​ស៊ីក្លូ​ចូលរួម​ប្រកួត​ចំនួន ៣០០ ស៊ីក្លូ និង​លើក​ទី​៣ ធ្វើ​នៅ​ឆ្នាំ​២០១៩​នេះ មាន​ស៊ីក្លូ​ចូលរួម​ចំនួន ១៣០​ស៊ីក្លូ​។​
 
​ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ​ដែល​ធ្វើ​នៅ​ឆ្នាំ​២០១៩​នេះ រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍ កម្ពុជា រួមសហការ​ណ៍​ជាមួយ​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរ​របរ​ក្រៅ​ប្រព័ន្ធ ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ទេសចរណ៍ PTM ៕

Tag:
 ស៊ីក្លូ​
  ព្រឹត្តិការណ៍​ប្រណាំង​ស៊ីក្លូ
© រក្សាសិទ្ធិដោយ thmeythmey.com