ជាតិ
រលំ​អគារ​៖ ទូត​ចិន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល និង​គាំទ្រ​ចំណាត់ការ​អាជ្ញាធរ​លើ​អ្នកពាក់ព័ន្ធ​
23, Jun 2019 , 10:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា នេះ បានបង្ហាញ​នូវ​អារម្មណ៍​ក្ដុកក្ដួល​អំពី​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ នាពេល​ទៀបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា​។ អគារ​នោះ សាងសង់​ដោយ​ជនជាតិ​ចិន​។​



«​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​អារម្មណ៍​ក្ដុកក្ដួល​សោកស្ដាយ​ជា​ពន់ពេក និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់បង់​ជិវិត​បាន​ទៅកាន់​សុគតិភព សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​ផង​។ ជាមួយគ្នានេះដែរ សូម​ជូនពរ​ឲ្យ​ជនរងគ្រោះ​ដែល​កំពុង​ទទួល​ការព្យាបាល​បានជា​សះស្បើយ​ក្នុងពេល​ឆាប់ៗ​»​។ នេះ​សារ​របស់​ស្ថានទូត​ចិន​ជា​ភាសា​ខ្មែរ អមដោយ​ភាសា​អង់គ្លេស និង​ភាសា​ចិន​។​

​ទូត​ចិន​បាន​អះអាងថា ខ្លួន​បាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​សហគ្រាស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​រៀបចំ​កម្លាំង​ជំនួយ និង​សម្ភារ ចាត់ចែង​គ្រឿងចក្រ​អេ​ស្កា​ទ័​រ​ខ្នាត​ធំ​ជាដើម ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​ឲ្យ​បាន​ទាន់ពេល​។

​បច្ចុប្បន្ន ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ឧ​ប​ទ្ទេវ​ហេតុ​លើក​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​បាន​ហើយ ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​បើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ និង​គាំទ្រ​ទាំងស្រុង​ចំពោះ​ភាគី​កម្ពុជា​ដើម្បី​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ទៅលើ​ជនល្មើស​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​លើក​នេះ​៕




Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com