អន្តរជាតិ
ថៃ​៖ មី​យ៉ាន់​ម៉ាអាច​នឹង​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ស្ម័គ្រចិត្ត​ទៅ​មី​យ៉ាន់​ម៉ា​វិញ​
24, Jun 2019 , 10:20 am        
រូបភាព
ដោយ:
​ប្រមុខ​ការទូត​ថៃ លោក Don Pramudwinai បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អាច​នឹង​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ជាតិ​មួយ​ដល់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ជំរំ​ប្រទេស​បង់​ក្លា​ដែ​ស នៅពេលដែល​ពួកគេ ស្ម័គ្រចិត្ត​វិល​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ នេះ គឺជា​ដំណឹង​ល្អ​សម្រាប់​ជនភៀសខ្លួន ប្រសិនបើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពិតជា​អាចធ្វើ​បាន​មែន​នោះ​។​

 
​បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ លោក​រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai នៅ​ថ្ងៃទី​២៣ មិថុនា បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​អាស៊ាន បាន​ជជែក​ជាមួយគ្នា​លើ​ការធានា​ពី​សុវត្ថិភាព​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូង​ហ៊ីង​យ៉ា​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​រដ្ឋមន្ត្រី បាន​អះអាងថា ក្រៅពី​ជជែក​លើ​ការរៀប​បញ្ជូន​ជនភៀសខ្លួន ប្រមុខ​ការទូត​របស់​ប្រទេស​អាស៊ាន ក៏បាន​ពិភាក្សា​ពី​ការទទួលស្គាល់​ផ្លូវការ​លើ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​រស់នៅក្នុង​ស្ថាន​ភាពលំបាក​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ​។ តាម​លោក​រដ្ឋមន្ត្រី ជំហាន​ដំបូង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អាច​នឹង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​មួយ​សម្រាប់​ជនភៀសខ្លួន​។​
 
​គួរ​ជម្រាប​ថា គិត​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​បាន​ផ្ទុះឡើង​ចុងក្រោយ​នៅ​ចុងឆ្នាំ​២០១៧​មក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​បានផ្តល់​ដំណោះស្រាយ​សម្រាប់​ពួកគេ​នៅឡើយ​នោះទេ​។ កាន់តែ​ធ្ងន់ធ្ងរ​នោះ មី​យ៉ាន់​ម៉ា មិនអាច​ធ្វើ​ឲ្យ​ជនភៀសខ្លួន ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ជំរំរ​បស់បង់​ក្លា​ដែ​ស ប្រមាណ​៧០​ម៉ឺន​នាក់ មាន​អារម្មណ៍​សុវត្ថិភាព​សម្រាប់​ការវិល​ត្រលប់​ទៅកាន់​ប្រទេស​វិញ​ឡើយ​។​
 
​ជុំវិញ​ផែនការ នៃ​ការផ្តល់​អត្តសញ្ញាណ​ផ្លូវការ​សម្រាប់​ជនភៀសខ្លួន ដូចដែល​ប្រមុខ​ការទូត​ថៃ​បាន​បង្ហើប គឺជា​រឿង​វិជ្ជមាន​បំផុត​សម្រាប់​ពួកគេ​។ កន្លងមក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនដែល​ទទួលស្គាល់​ពួកគេ ជា​ប្រជាជន​ពេញសិទ្ធិ​នោះទេ ហើយ​ពួកគេ ក៏​ជានិច្ចកាល​ទទួលរង​ការរើសអើង​ពី​បណ្តា​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយចំនួន ជាពិសេស​នោះ​ពី​ក្រុម​ពុទ្ធសាសនិក​ជ្រុលនិយម​តែម្តង​៕  
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com