សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ាន ឯកភាពគ្នាសម្រេចឲ្យបាន«កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP» នៅត្រឹមចុងឆ្នាំនេះ
× នៅទីបំផុតរដ្ឋសមាជិករបស់អាស៊ាន បានឯកភាពគ្នាលើចំណុចជាច្រើននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម«ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)» ដែលបានជាប់គាំងមិនទៅមុខអស់រយៈពេលលច្រើនឆ្នាំហើយនោះ។ រដ្ឋសមាជិក ថែមទាំងបានបង្ហើបពីផែនការនៃការចង់បញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅត្រឹមចុងឆ្នាំនេះទៀតផង។
«តាមរយៈកិច្ចប្រជុំពិសេសស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន រដ្ឋសមាជិកអាស៊ាន បានឯកភាពគ្នាលើសារៈសំខាន់នៃការបញ្ចប់ការចរចាលើ RCEP នៅត្រឹមចុងឆ្នាំនេះ»។ នេះ គឺជាការអះអាងរបស់លោក Chan Chun Sing រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅទីនោះតាមគណនីហ្វេសប៊ុករបស់លោក។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ក្នុងកិច្ចប្រជុំពិសេសនេះ រដ្ឋសមាជិកអាស៊ាន បានឯកភាពគ្នាលើចំណុចរួមចំនួន ៧ ជំពូក ក្នុងចំណោមជំពូកសរុបទាំង២០ ពោលគឺបេសកកម្មបន្ទាប់សម្រាប់រដ្ឋសមាជិក គឺបន្តកិច្ចសន្ទនា និងការចចារលើ១៣ជំពូកសេសសល់ ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន និងផ្តើមស្នើឡើងជាផ្លូវការក្នុងឆ្នាំ២០១២ ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ។
ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង នូវែលសេឡង់។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើប្រការដែលត្រូវបញ្ញត្តិរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com