អន្តរជាតិ
សំបុត្រ​មួយច្បាប់​របស់លោក ត្រាំ ឲ្យ​លោក គីម អាច​បន្ត​ក្ដីសង្ឃឹម​ដល់​ការចរចា​?
24, Jun 2019 , 3:01 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងអានសំបុត្ររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងអានសំបុត្ររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព KCNA
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានទទួល​លិខិត​មួយច្បាប់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ថា លោក គីម ពេញចិត្ត​នឹង​សំបុត្រ​របស់លោក ត្រាំ ។ នៅ​ថ្ងៃ​ដដែល​នេះ ប្រមុខ​ការទូត​អាមេរិក និង​ជាម​ន្ត្រី​ចរចា​ជាមួយ​កូរ៉េខាងជើង ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​ប្រកាសថា វ៉ាស៊ីនតោន​ត្រៀម​ចរចា​ជាមួយ​ព្យុងយ៉ាង ទោះជា​ជំនួប​រៀបចំ​ទាន់ហន់​អ្វី​ក៏ដោយ​។ សំបុត្រ​របស់លោក ត្រាំ អាចជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការចរចា​ដែល​ជាប់គាំង​?

 
​ខណៈដំណើរ​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​មិនមាន​ដំណើរការ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​ផ្ញើ​សំបុត្រ​ផ្ទាល់ខ្លួន​មួយច្បាប់​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ គេ​មិនដឹងថា សំបុត្រ លោក ត្រាំ ទៅដល់​ដៃ​លោក គីម តាមផ្លូវ​ណា​ឡើយ ខណៈ​អាមេរិក និង​កូរ៉េខាងជើង​គ្មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើយ​។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្សាយ​ថា លោក គីម រីករាយ​នឹង​អត្ថន័យ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សំបុត្រ​នេះ​។​
 
​បើតាម KCNA លោក គីម បាន​កោតសរសើរ​សេច​ក្ដី​ក្លាហាន​ដ៏​មោះមុត​របស់លោក ត្រាំ ហើយ​ថា នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​ពី​មាតិកា​លម្អិត​ក្នុង​សំបុត្រ​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ដដែល​នេះ មិនបាន​បញ្ចេញ​អត្ថន័យ​ក្នុង​សំបុត្រ​ឡើយ​។ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders មិន​និយាយ​អ្វី​ច្រើន​ឡើយ ដោយបាន​ត្រឹម​បញ្ជាក់​ពី​ការផ្លាស់ប្ដូរ​សំបុត្រ​រវាង​លោក ត្រាំ និង​លោក គីម តែប៉ុណ្ណោះ​។​
 
​សំបុត្រ​លោក ត្រាំ នេះ ទំនងជា​សរសេរ​តប​នឹង​សំបុត្រ​លោក គីម ដែល​បាន​ផ្ញើ​ឲ្យ​លោក​នៅមុន​ខួប​មួយឆ្នាំ​នៃ​ជំនួប​លើកដំបូង​នៅ​សិង្ហ​បុរី​ខែមិថុនា ឆ្នាំ​២០១៨ ។ ក្រោយ​ទទួល​សំបុត្រ​ដ៏​ស្រស់ស្អាត​នោះ​ហើយ លោក ត្រាំ និយាយថា ទំនាក់ទំនង​ជាមួយ​លោក គីម នៅតែ​រឹងមាំ​ដដែល ហើយ​រឿង​វិជ្ជមាន​នឹង​កើតមានឡើង​ឆាប់ៗ​ផងដែរ​។  
 
​សំបុត្រ​របស់លោក ត្រាំ អាចជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការចរចា​ដែល​ជាប់គាំង​? ការផ្លាស់ប្ដូរ​សំបុត្រ​នេះ បានផ្ដល់​ក្ដីសង្ឃឹម​ជាថ្មី​ដល់​ការចាប់ផ្ដើម​ការចរចា​ឈានទៅ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង បន្ទាប់ពី​ការខកចិត្ត​នៅឯ​ជំនួប​នៅ​វៀតណាម​កាលពី​ខែកុម្ភៈ​។ ការរីករាយ​របស់លោក គីម ក្រោយ​អានសំបុត្រ​របស់លោក ត្រាំ អាចជា​សញ្ញា​បង្ហាញថា លោក​ទទួលបាន​ការធានា​អ្វី​ម្យ៉ាង​ពី​មេដឹកនាំ​អាមេរិក​ជុំវិញ​លក្ខខណ្ឌ​ដែល​កូរ៉េខាងជើង​ចង់បាន​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​។ លោក ត្រាំ ក៏​ទំនងជា​ដាក់សំណើ​អ្វីមួយ​ដែរ​ទៅ​ឲ្យ​លោក គីម ដើម្បី​ពិចារណា ឬក៏​ជា​សំណើ​រៀបចំ​ជំនួប​លើក​ទី​បី​ក៏​ថា​បាន​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២៤ ខែមិថុនា លើកឡើង​ពី​លទ្ធភាព​ដ៏​ជាក់ច្បាស់​មួយ​ជុំវិញ​ការចាប់ផ្ដើម​ឡើងវិញ​ជំនួប​ក្រុមការងារ​ប្រទេស​ទាំងពីរ​ក្រោយ​ការផ្លាស់ប្ដូរ​សំបុត្រ​មេដឹកនាំ​។ លោក ប៉ុ​ម​ប៉េ​អូ និយាយ​ដែរ​ថា អាមេរិក​ត្រៀម​ចរចា​ជាមួយ​កូរ៉េខាងជើង​នៅពេលណា​ក៏បាន​ដែរ​ឲ្យ​តែ​កូរ៉េខាងជើង​ច្បាស់​ថា ត្រៀមខ្លួន​រួចស្រេច​ដែរនោះ​។​
 
​ទីក្រុង​សេ​អ៊ូ​ល ក៏​បង្ហាញ​ជំហរ​វិជ្ជមាន​ចំពោះ​ការដោះដូរ​សំបុត្រ​រវាង​លោក ត្រាំ និង​លោក គីម ដែរ​។ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាត់ទុក​សកម្មភាព​នេះ ជាការ​រក្សា​ស្ថិរភាព​នៃ​ដំណើរ​ការចរចា​ជារួម និង​ជាការ​ការពារ​បរិយាកាស​ល្អ​សម្រាប់​ការបន្ត​កិច្ចសន្ទនា​ផងដែរ​៕
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com