អន្តរជាតិ
វៀតណាម ហៅ​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​មកជួយ​រក្សា​សព​លោក ហូ ជី​មិញ​
24, Jun 2019 , 9:19 pm        
រូបភាព
ទិដ្ឋភាពក្នុងពិធីបុណ្យសពមេបដិវត្តន៍វៀតណាម ហូ ជីមីញ ក្នុងឆ្នាំ១៩៦៩ (ប្រភពរូប៖ AFP)
ទិដ្ឋភាពក្នុងពិធីបុណ្យសពមេបដិវត្តន៍វៀតណាម ហូ ជីមីញ ក្នុងឆ្នាំ១៩៦៩ (ប្រភពរូប៖ AFP)
ដោយ:
​វៀតណាម បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដែល​ប្រមូលផ្តុំ​អ្នកជំនាញ​ជាច្រើន ដោយ​ក្នុងនោះ​ក៏មាន​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​រុស្ស៊ី ៤​នាក់​ផងដែរ​មកពី «​មន្ទីរពិសោធន៍ ឡេ​នី​ន​»  ។ ក្រុម​អ្នកជំនាញ​ពិសេស​នេះ បង្កើតឡើង​ក្នុង​គោលដៅ​រក្សា​សាកសព​របស់​មេដឹកនាំ​បដិវត្តន៍​វៀតណាម ហូ ជី​មិញ ទុក​កុំ​ឲ្យ​រលួយ​។​

 
​តាមរយៈ​ការសម្រេច​ជា​ផ្លូវការ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃទី ២១ មិថុនា ក្រុមប្រឹក្សា​នេះ មាន​កាតព្វកិច្ច​ចម្បង​ក្នុងការ​បង្កើត​គម្រោង និង​វិធានការ​ចាំបាច់​នានា ដើម្បី​រក្សា និង​ការពារ​សុវត្ថិភាព​នៃ​សាកសព​របស់​មេដឹកនាំ​បដិវត្តន៍ ហូ ជី​មិញ សម្រាប់​រយៈពេល​វែង​។ 
 
​ក្រុមប្រឹក្សា​ពិសេស​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​សាកសព​របស់ ហូ ជី​មិញ ដែល​ត្រូវបាន​រក្សា​សព​ទុក​កុំ​ឲ្យ​រលួយ​ជា​លើកដំបូង​ជិត ៥០​ឆ្នាំមុន ។ វា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ នា​ខែកក្កដា ឆ្នាំ​២០១៩​តទៅ​។ 
 
​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក រួមមាន ចិន កូរ៉េខាងជើង និង​វៀតណាម បាន​អប់​សាកសព​មេដឹកនាំ​ស្ថាបនិក​របស់​ពួកគេ ដោយមាន​ជំនួយ​ពី​មន្ទីរពិសោធន៍ ឡេ​នី​ន របស់​អតីត​សហភាពសូវៀត ។ មន្ទីរពិសោធន៍​នេះ មាន​ភាពល្បីល្បាញ​ដោយសារ​ការរក្សា​សាកសព​របស់ វ្ល៉ា​ឌី​មៀ ឡេ​នី​ន ភ្លាមៗ​ក្រោយពី​ការស្លាប់​របស់លោក ក្នុង​ឆ្នាំ​១៩២៤​។ ម្យ៉ាងវិញទៀត សាកសព​ទាំងអស់នេះ ទាមទារ​ការថែទាំ​ជា​ទៀងទាត់ និង​តម្លៃ​ថ្លៃ ដើម្បី​រក្សា​ស្ថានភាព​ឲ្យ​ល្អ​។ 
 
​សាកសព​របស់​អតីត​មេ​បដិវត្តន៍​វៀតណាម ដែល​ស្គាល់​ថា «​ពូ​ហូ​» ក្នុងប្រទេស​វៀតណាម ត្រូវបាន​គេ​រក្សាទុក​នៅក្នុង​ស្តូប​តម្កល់​ដ៏​ធំ​មួយ ដែល​សាងសង់​ដោយ​សហភាព​សូ​វៀតណាម ក្នុង​រដ្ឋធានី ហាណូយ ។ នៅ​ទីនោះ ហូ ជី​មិញ ត្រូវបាន​គេ​ដាក់តាំង ក្នុង​មឈូស​កញ្ចក់ ។ ទីតាំង​នេះ ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ទៅ​ទស្សនា​ជា​រៀងរាល់ឆ្នាំ​។ 
 
​នៅពេល​សហភាពសូវៀត បាន​ដួល​រំលំ​ក្នុង​ឆ្នាំ​១៩៩១ រុស្ស៊ី បានចាប់ផ្តើម​គិតថ្លៃ សម្រាប់​ការផ្គត់ផ្គង់​សារធាតុ​គីមី ដែល​លាយ​រួច​ស្រាច់ សម្រាប់​ចាក់​បញ្ចូល​ក្នុង​សាកសព ហូ ជី​មិញ ។ ក្នុង​ឆ្នាំ​២០០៣ វៀតណាម ធ្លាក់​បានស្នើ​រុស្ស៊ី សើរើ​ផលិតកម្ម​សារធាតុ​គី​មួយ​នេះ​ទៅកាន់​ប្រទេស​ខ្លួន ព្រមទាំង​បាន​បញ្ជូន​អ្នកវិទ្យាសាស្ត្រ​ទៅកាន់​ទីក្រុង​មូ​ស្គូ ដើម្បី​រៀនសូត្រ​ពី​រូបមន្ត​សម្ងាត់​របស់​មន្ទីរពិសោធន៍ ឡេ​នី​ន ។​
 
​ប្រាប់​សារព័ត៌មាន​រដ្ឋ​វៀតណាម ក្នុង​ខែមេសា ឆ្នាំ​២០១៩ មន្ត្រី​បម្រើការ​ក្នុង​សារមន្ទីរ ដែល​ដាក់តាំង​សាកសព ហូ ជី​មិញ ឈ្មោះថា Cao Dinh Kiem អះអាងថា អ្នកជំនាញ​ជនជាតិ​រុស្ស៊ី ផលិត​សារធាតុ​គីមី ដើម្បី​រក្សា​សាកសព ដោយ​សម្ងាត់ ។ លោក បន្តថា​៖ «​កាលនោះ ពួកគេ បានបញ្ចប់​ការផលិត​នោះ កម្មករ​ជនជាតិ​វៀតណាម ត្រូវ​បានដាក់​ការងារ​ឲ្យ​បោសសម្អាត​ទីតាំង​ផលិត​នោះ ហើយ​ពេលនោះ​ហើយ​ដែល យើង​មានឱកាស​សិក្សា​អំពី​រូបធាតុ​ផ្សំ​ដែល​នៅ​សេសសល់​»​។ 
 
​ទោះបីជា​អ្នកវិទ្យាសាស្ត្រ​វៀតណាម សព្វថ្ងៃនេះ ចេះដឹង​ច្បាស់​អំពី​របៀប​នៃ​ការរក្សា​សាកសព​ក៏ដោយ​ក្តី ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី នៅតែ​បន្ត ត្រូវបាន​ហៅ​ដោយ​ភាគី​វៀតណាម​ឲ្យ​មកជួយ​រក្សា​សាកសព​របស់​ហូ ជី​មិញ ជាប្រចាំ​ដដែល​៕
 

Tag:
 វៀតណាម​
  រុស្ស៊ី​
  ហូជីមិញ​
  Lenin Lab
© រក្សាសិទ្ធិដោយ thmeythmey.com