ជាតិ
រលំអគារ៖ សាកសពទី២៦ត្រូវបានរកឃើញ នាវេលាម៉ោង៣រសៀលនេះ
× នាវេលាម៉ោង២ និង៥៨នាទី ក្រុមសង្គ្រោះរកឃើញសាកសពទី២៦ ដែលស្ថិតក្រោមគំនរបាក់បែកនៃអគារ៧ជាន់នៅខេត្តព្រះសីហនុ ដែលបានដួលរលំ។ ការរកឃើញបន្ថែមទៀតនេះ នាំឲ្យចំនួនអ្នកស្លាប់ឡើងដល់២៦នាក់ (ស្រី៤នាក់) និងរបួស២៤នាក់ (ស្រី២នាក់)។
សូមបញ្ជាក់ថា អគារ៧ជាន់ដែលស្ថិតនៅចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបាក់រលំ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ អគារដែលកំពុងស្ថិតក្រោមការសាងសង់នេះ មានម្ចាស់ជនជាតិចិនឈ្មោះ Chen Kun ដែលបានជួលដីពីឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ។ អគារនេះ ត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមានថៅកែ ឈ្មោះ Deng Xing Gui និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ Gao Yu ។ ក្រោយឧបទ្ទវហេតុ អ្នកទាំងនោះត្រូវបានចាប់ខ្លួន។
ក្រោយឧបទ្ទេវហេតុ រដ្ឋាភិបាលបានបង្កើតគណៈកម្មការពាក់ព័ន្ធជាច្រើន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីតាំងផ្ទាល់កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ពីរថ្ងៃក្រោយឧបទ្ទេវហេតុ លោកអភិបាលខេត្ត យន្ត មីន បានសុំលាលែងពីតំណែង ហើយសម្តេចបានឯកភាពតាមការស្នើសុំ ដោយដាក់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបច្ចុប្បន្នជំនួស។ តែទោះបីជាយ៉ាងណាក៏ដោយ លោក យន្ត មីន ត្រូវបានមុខងាររបស់ខ្លួន រហូតដល់ចប់បេសកកម្មរុករក។
ជាមួយគ្នាផងដែរ សម្តេច ហ៊ុន សែន បានសម្រេចដកលោក ញឹម វណ្ណដា ពីតំណែងអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយដាក់ជំនួសដោយ លោកទេសរដ្ឋមន្ត្រី គន់ គីម។ លោក ញឹម វណ្ណដា ត្រូវតែងជាទីប្រឹក្សារដ្ឋាភិបាលវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com