ជាតិ
លោក អ៊ុន ចាន់ដា នឹងធ្វើជាអភិបាលខេត្តកំពង់ចាម ​លោក ប្រាក់ សុវណ្ណ នឹងជាអភិបាលខេត្តព្រះវិហារ
24, Jun 2019 , 4:01 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក គួច ចំរើន លោក អ៊ុន ចាន់ដា និងលោក ប្រាក់ សុវណ្ណ
ពីឆ្វេងទៅស្តាំ៖ លោក គួច ចំរើន លោក អ៊ុន ចាន់ដា និងលោក ប្រាក់ សុវណ្ណ
ដោយ: ថ្មីៗ
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង នារសៀល​ថ្ងៃទី២៤ ខែ​មិថុនា បាន​ស្នើ​សុំ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរភារកិច្ច​ អ៊ុន ចាន់ដា ពីអភិបាល​ខេត្តព្រះវិហារ ទៅជាអភិបាល​ខេត្តកំពង់ចាម និង​លោក ប្រាក់ សុវណ្ណ ពីអភិបាល​រងខេត្ត​ស្វាយ​រៀងទៅជាអភិបាល​ខេត្តព្រះវិហារវិញ។



ក្នុង​លិខិត​របស់ខ្លួន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំ​យោបល់សម្តេច ហ៊ុន សែន លើការផ្គូរផ្គង​បេក្ខភាពអភិបាល​ខេត្តមួយចំនួន។ សម្តេច ស​ ខេង បានវាយតម្លៃពីបេក្ខភាព លោក គួច ចំរើន សម្រាប់តំណែងអភិបាល​ខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែល​ត្រូវ​ផ្ទេរភារកិច្ច​ឲ្យទៅ​បម្រើ​ការងារនៅ​ទីស្តីការក្រសួងមហាផ្ទៃ។ សម្តេច ស ខេង មើលឃើញពីចំណុចវិជ្ជមាន​របស់​លោក គួច ចំរើន កាលពីពេល​ដែល​លោក​នៅ​ជាអភិបាលខណ្ឌមានជ័យ ខណ្ឌ​ដួនពេញ និងខេត្តកំពង់ចាម។

សម្រាប់តំណែងអភិបាល​ខេត្តកំពង់ចាម សម្តេច ស ខេង បាន​មើលឃើញពីបេក្ខភាព​របស់​លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ សម្តេច ស ខេង បាន​មើលឃើញពីតួនាទីដ៏សក្តិសម​របស់​លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងបច្ចុប្បន្ន សម្រាប់តំណែងអភិបាល​ខេត្តព្រះវិហារ ដោយលោកមានបទពិសោធន៍ធ្វើជាអភិបាល​ស្រុក​កំចាយមារជិត១០​ឆ្នាំ។

«ដោយសារ​ករណីខាងលើជាបញ្ហារសើប ការផ្គួរផ្គង​បេក្ខភាព​ខាងលើ ខ្ញុំពុំបានពិភាក្សាជាមួយមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តពាក់ព័ន្ធឡើយ»។ នេះជាសំណេរ​របស់សម្តេច ស ខេង ដោយទទួលបានចំណារ​យល់ព្រមភ្លាមៗពីសម្តេច ហ៊ុន សែន នា​ថ្ងៃទី​២៤ ខែមិថុនា នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com