រលំអគារ៖ រកឃើញជន​រងគ្រោះ៤នាក់​ទៀត ខណៈ២នាក់នៅ​រស់រានមានជីវិត
ជាតិ
រលំអគារ៖ រកឃើញជន​រងគ្រោះ៤នាក់​ទៀត ខណៈ២នាក់នៅ​រស់រានមានជីវិត
24, Jun 2019 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
នា​វេលាម៉ោង​៤រសៀល​នេះ ក្រុមប្រតិបត្តិ​បាន​រកឃើញជន​រងគ្រោះ៤នាក់បន្ថែមទៀត។ បើតាម​ទិដ្ឋភាពនៅ​កន្លែងកើតហេតុ ជនរងគ្រោះ​២នាក់​ក្នុងចំណោម​៤នាក់ រស់រានមានជីវិតនៅឡើយ។



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តាម​ដានផ្ទាល់​ប្រតិបត្តិការជួយសង្គ្រោះបុរសពីរនាក់ដែល​នៅ​រស់រានមានជីវិត​ ក្រោយជាប់ឃុំក្រោមគំនរបាក់បែកអស់រយៈ២យប់​៣ថ្ងៃ។

មកដល់ពេលនេះ ជនរងគ្រោះដែលទទួលមរណភាពឡើង២៨នាក់ ខណៈអ្នក​រងរបួសឡើង​២៦នាក់។

សូមបញ្ជាក់ថា អគារ​៧​ជាន់​ដែល​ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ អគារ​ដែល​កំពុងស្ថិត​ក្រោម​ការសាងសង់​នេះ មាន​ម្ចាស់​ជនជាតិ​ចិន​ឈ្មោះ Chen Kun  ដែល​បាន​ជួល​ដី​ពី​ឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ​។ អគារ​នេះ ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមាន​ថៅកែ ឈ្មោះ Deng Xing Gui និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ Gao Yu ។ ក្រោយ​ឧបទ្ទវហេតុ អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​។​



ក្រោយ​ឧ​ប​ទ្ទេវ​ហេតុ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ពាក់ព័ន្ធ​ជាច្រើន​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅដល់​ទីតាំង​ផ្ទាល់​កាលពី​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។ ពីរ​ថ្ងៃក្រោយ​ឧ​ប​ទ្ទេវ​ហេតុ លោក​អភិបាលខេត្ត យន្ត មីន បាន​សុំលាលែង​ពី​តំណែង ហើយ​សម្តេច​បាន​ឯកភាព​តាម​ការស្នើសុំ ដោយ​ដាក់​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បច្ចុប្បន្ន​ជំនួស​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក យន្ត មីន ត្រូវបាន​មុខងារ​របស់ខ្លួន រហូតដល់​ចប់​បេសកកម្ម​រុករក​។​

សូម​អញ្ជើញទស្សនាវីដេអូ៖ 
 
 
ជាមួយគ្នា​ផងដែរ សម្តេច ហ៊ុន សែន បានសម្រេច​ដក​លោក ញឹម វណ្ណដា ពី​តំណែង​អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​ដាក់ជំនួស​ដោយ លោក​ទេសរដ្ឋមន្ត្រី គន់ គីម​។ លោក ញឹម វណ្ណដា ត្រូវ​តែង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​វិញ​៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម