ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖ តួនាទី និងភាពទទួលខុសត្រូវរបស់យុវជន នឹងសម្រេចបានការអភិវឌ្ឍប្រទេសនៅឆ្នាំ២០៣០
× ភ្នំពេញ៖ តួនាទី និងភាពទទួលខុសត្រូវរបស់យុវជន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆក់យកឱកាសចូលរួមចំណែក ដើម្បីសម្រេចការអភិវឌ្ឍប្រទេសជាតិនៅឆ្នាំ២០៣០ និងឆ្ពោះទៅកាន់ឆ្នាំ២០៥០។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា អ្វីៗក៏ដោយគឺត្រូវការយុវជនចូលរួម និងឈ្វេងយល់ពីអ្វីដែលជាការប្រឹងប្រែងរបស់រដ្ឋាភិបាលមកដល់ថ្ងៃនេះ និងបន្តធ្វើទៅមុខថែមទៀត។
លោក ហ៊ុន ម៉ានី បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ក្រោយកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ ស.ស.យ.ក នៅខេត្តសៀមរាប នាថ្ងៃទី២៣ មិថុនា ថា ស.ស.យ.ក ពីមួយឆ្នាំទៅមួយឆ្នាំ បានក្លាយជាវេទិកាមួយរីកលូតលាស់បន្ថែម ព្រោះវេទិកានេះ អាចផ្តល់ឱកាសដល់យុវជន យុវនារីចូលរួម និងលះបង់អ្វីៗ ដោយស្ម័គ្រចិត្តរបស់ខ្លួនជូនដល់សង្គមជាតិ។
ប្រធានស.ស.យ.ក រូបនេះ បាននិយាយដូច្នេះ៖«ពេលមានការចូលរួមស្ម័គ្រចិត្តពីយុវជន ជាបន្តបន្ទាប់ គឺវាបានក្លាយជាវេទិកាមួយដែលឱ្យយុវជន ដែលមានចិត្ត ឆន្ទៈ បេះដូង និងការលះបង់ ដើម្បីសង្គមជាតិ។ ខ្ញុំសូមកញ្ជាក់ថា ការចូលរួមចំណែកនេះ គឺយុវជនអាចហ្វឹកហាត់ខ្លួនឯង អាចសាកល្បងថា តើខ្លួនអត់ធន់ប៉ុនណា... អាចលះបង់ពេលវេលាខ្លួនឯងប៉ុនណា...មានឆន្ទៈប៉ុនណាជូនសង្គមយ៉ាណា....ធ្វើការងារសង្គមយ៉ាងណា ការធ្វើការងារជាក្រុមយ៉ាងណា ទាំងនេះគឺជាមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលខ្លួនឯងឱ្យក្លាយជាអ្នកដឹកនាំ ក្នុងកម្រិតណាមួយនាពេលអនាគត»។
តាមរយៈមូលដ្ឋានទាំងនេះ ស.ស.យ.ក ផ្តល់ឱកាស និងបំផុសស្មារតីដល់យុវជន ចូលរួម និងចេះទទួលខុសត្រូវ និងចេះចូលរួមផ្តល់ជាកម្លាំងចិត្តដែលជាដំណោះស្រាយដែល ស.ស.យ.ក ចង់ធ្វើ និងចង់បាន នាពេលអនាគត។ នេះជាការបន្ថែមរបស់លោក ហ៊ុន ម៉ានី៕
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ប្រភពរូបបានពីទំព័រហ្វេសប៊ុកស.ស.យ.ក៕
© រក្សាសិទ្ធិដោយ thmeythmey.com