កុមារ​អាមេរិក​ស្លាប់​ដោយសារ​ឪពុកម្តាយ​ទុកចោល​ក្នុង​រថយន្ត​ដែល​ស្ថិតក្រោម​ធាតុអាកាស​ក្តៅ​ខ្លាំង​
រថយន្ត
អន្តរជាតិ
កុមារ​អាមេរិក​ស្លាប់​ដោយសារ​ឪពុកម្តាយ​ទុកចោល​ក្នុង​រថយន្ត​ដែល​ស្ថិតក្រោម​ធាតុអាកាស​ក្តៅ​ខ្លាំង​
24, Jun 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
​កុមារ​យ៉ាងហោចណាស់​២​នាក់​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បាន​ស្លាប់ ដោយសារ​ឪពុក​ភ្លេចខ្លួន និង​ទុកចោល​ក្នុង​រថយន្ត​ដែលមាន​កំដៅ​ក្តៅ កាលពី​ចុង​សប្តាហ៍​កន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់ ABC News​។​

 
​កុមារ​អាយុ​១​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្រុង Galveston ពីថ្ងៃ​សៅរ៍ បន្ទាប់ពី​ឪពុក​របស់គេ​ទុកចោល​ក្នុង​រថយន្ត​អស់​ប្រមាណ​៥​ម៉ោង ដោយសារ​ជាប់​បំពេញការងារ​។ លោក Abner Pena ban អះអាង​លោក​បាន​ចូល​បម្រើការ​នៅ​ភោជនីយដ្ឋាន​ម៉ិ​ក​ស៊ិ​ក ប្រហែល​ម៉ោង​១១​ព្រឹក ហើយ​ត្រឡប់​ទៅ​រថយន្ត​វិញ​នា​វេលា​ម៉ោង​៤​រសៀល ប៉ុន្តែ​ពេលទៅដល់​រថយន្ត​ស្រាប់តែ​ឃើញ​កូន​គេង​ស្តូកស្តឹង​។​
 
​ប៉ូលិស​ប្រចាំ​តំបន់ Galveston បាន​អះអាងថា អាកាសធាតុ​ខាងក្រៅ ក្តៅ​រហូតដល់​ជាង​៣៣​អង្សារ ដែល​ធ្វើ​ឲ្យ​កុមារ​តូច​ពិបាក​ទ្រាំ​យ៉ាងខ្លាំង​។ ទារក​រូបនោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ University of Texas Medical Branch ប៉ុន្តែ​គេ​បាន​ស្លាប់​តាមផ្លូវ​ទៅហើយ​។​
 
​មិនទាន់មាន​ការចោទប្រកាន់​ផ្លូវការ​ណាមួយ​នោះឡើយ​លើ​ឪពុកម្តាយ​ទារក ប៉ុន្តែ​អាជ្ញាធរ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​។​
 
​រឿង​ដាច់ដោយឡែក​មួយទៀត កុមារ​អាយុ​៤​ឆ្នាំ​ម្នាក់ ក៏បាន​ស្លាប់​នៅ​ភាគ​ខាងជើង​ក្រុង Dallas ផងដែរ​។ កុមារ​នោះ ត្រូវបាន​គេ​រកឃើញ​ក្នុង​រថយន្ត ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ Children’s Medical Center ប៉ុន្តែ​ត្រូវស្លាប់​នៅ​មន្ទីរពេទ្យ​តែម្តង​។​
 
​តាម​ការផ្សាយ​របស់ Dallas Morning News កុមារ​រូបនោះ ស្លាប់​ក្នុង​រថយន្ត ខណៈ​អាកាសធាតុ​ខាងក្រៅ​ក្តៅ​រហូតដល់​ជាង​៣៧​អង្សារ ប៉ុន្តែ​គេ​មិនដឹងថា កុមារ​ស្ថិតនៅក្នុង​រថយន្ត​ប៉ុន្មាន​ម៉ោង​នោះឡើយ​។ ដូច​ករណី​មុន​ដែរ សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​។​
 
​របាយការណ៍​កន្លងមក បាន​បង្ហាញថា កុមារ​ស្លាប់​ក្នុង​រថយន្ត​ដែលមាន​កំដៅ​ក្តៅ មាន​ប្រមាណ​៣៨​ករណី​ជា​រៀងរាល់ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​។ អ្នកជំនាញ​បាន​ពិសោធន៍​រួចហើយ​ថា ការ​ទុក​រថយន្ត​ចោល​ដោយ​មិន​បើក​ម៉ាស៊ីនត្រជាក់ វា​ចាប់ផ្តើម​ឡើង​កំដៅ​ក្នុង​រង្វង់​១០​នាទី​។ កុមារ​មិនអាច​ទ្រាំទ្រ​បាន​នោះឡើយ ដូច្នេះ​ឪពុកម្តាយ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com