រថយន្ត
អន្តរជាតិ
កុមារអាមេរិកស្លាប់ដោយសារឪពុកម្តាយទុកចោលក្នុងរថយន្តដែលស្ថិតក្រោមធាតុអាកាសក្តៅខ្លាំង
× កុមារយ៉ាងហោចណាស់២នាក់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានស្លាប់ ដោយសារឪពុកភ្លេចខ្លួន និងទុកចោលក្នុងរថយន្តដែលមានកំដៅក្តៅ កាលពីចុងសប្តាហ៍កន្លងមក។ នេះបើតាមការផ្សាយរបស់ ABC News។
កុមារអាយុ១ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅក្រុង Galveston ពីថ្ងៃសៅរ៍ បន្ទាប់ពីឪពុករបស់គេទុកចោលក្នុងរថយន្តអស់ប្រមាណ៥ម៉ោង ដោយសារជាប់បំពេញការងារ។ លោក Abner Pena ban អះអាងលោកបានចូលបម្រើការនៅភោជនីយដ្ឋានម៉ិកស៊ិក ប្រហែលម៉ោង១១ព្រឹក ហើយត្រឡប់ទៅរថយន្តវិញនាវេលាម៉ោង៤រសៀល ប៉ុន្តែពេលទៅដល់រថយន្តស្រាប់តែឃើញកូនគេងស្តូកស្តឹង។
ប៉ូលិសប្រចាំតំបន់ Galveston បានអះអាងថា អាកាសធាតុខាងក្រៅ ក្តៅរហូតដល់ជាង៣៣អង្សារ ដែលធ្វើឲ្យកុមារតូចពិបាកទ្រាំយ៉ាងខ្លាំង។ ទារករូបនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅ University of Texas Medical Branch ប៉ុន្តែគេបានស្លាប់តាមផ្លូវទៅហើយ។
មិនទាន់មានការចោទប្រកាន់ផ្លូវការណាមួយនោះឡើយលើឪពុកម្តាយទារក ប៉ុន្តែអាជ្ញាធរប៉ូលិសកំពុងបើកការស៊ើបអង្កេត។
រឿងដាច់ដោយឡែកមួយទៀត កុមារអាយុ៤ឆ្នាំម្នាក់ ក៏បានស្លាប់នៅភាគខាងជើងក្រុង Dallas ផងដែរ។ កុមារនោះ ត្រូវបានគេរកឃើញក្នុងរថយន្ត ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅ Children’s Medical Center ប៉ុន្តែត្រូវស្លាប់នៅមន្ទីរពេទ្យតែម្តង។
តាមការផ្សាយរបស់ Dallas Morning News កុមាររូបនោះ ស្លាប់ក្នុងរថយន្ត ខណៈអាកាសធាតុខាងក្រៅក្តៅរហូតដល់ជាង៣៧អង្សារ ប៉ុន្តែគេមិនដឹងថា កុមារស្ថិតនៅក្នុងរថយន្តប៉ុន្មានម៉ោងនោះឡើយ។ ដូចករណីមុនដែរ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត។
របាយការណ៍កន្លងមក បានបង្ហាញថា កុមារស្លាប់ក្នុងរថយន្តដែលមានកំដៅក្តៅ មានប្រមាណ៣៨ករណីជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ អ្នកជំនាញបានពិសោធន៍រួចហើយថា ការទុករថយន្តចោលដោយមិនបើកម៉ាស៊ីនត្រជាក់ វាចាប់ផ្តើមឡើងកំដៅក្នុងរង្វង់១០នាទី។ កុមារមិនអាចទ្រាំទ្របាននោះឡើយ ដូច្នេះឪពុកម្តាយកុំធ្វេសប្រហែសឲ្យសោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com