ជាតិ
កម្ពុជា នឹងអាចក្លាយជាសមាជិកកិច្ចព្រមព្រៀងពាក់ព័ន្ធការទប់ស្កាត់បទល្មើសនេសាទសមុទ្រ
× ភ្នំពេញ៖ កម្ពុជានឹងអាចក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងស្ដីពី«វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (illeagal Unreported and Unregulated Fishing, IUU " នៅពេលខាងមុខនេះ។ មកដល់ពេលនេះ សេចក្ដីព្រាងច្បាប់សម្រាប់អនុម័តលើកិច្ចព្រមព្រៀងនេះ បានមកដល់ដៃរដ្ឋសភា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅថ្ងៃទី២៤ខែមិថុនា បានដឹកនាំមន្ត្រីរបស់ខ្លួន ការពារសេចក្តីព្រាងច្បាប់ខាងលើនេះនៅមុខគណ:កម្មការទី៣ និងគណ:កម្មការទី៥ នៃរដ្ឋសភា។
ការចូលជាសមាជិកកិច្ចព្រមព្រៀងនេះ លោក វេង សាខុន អះអាងថា កម្ពុជានឹងទទូលបានផលប្រយោជន៍សំខាន់ៗ ដូចជា លើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់, ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ, កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជលផល, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ និងជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ។
លើសពីនេះ កម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ជាពិសេសអាចឲ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ។ នេះបើតាមលោក វេង សាខុន ដែលត្រូវបានស្រង់សំដីផ្សាយលើហ្វេសប៊ុកក្រសួងកសិកម្ម។
សេចក្តីព្រាងច្បាប់នេះមាន ១០ផ្នែក និង៣៧មាត្រា ដែលត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។
គួរបញ្ជាក់ កិច្ចព្រមព្រៀង IUU ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានប្រទេសជាសមាជិកចំនួន៦០ រួមទាំងសហភាពអឺរ៉ុប។ ក្នុងនោះប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍បានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ៕
Tag:
នេសាទសមុទ្រ
បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com