ជាតិ
អាជ្ញាធរ​បិទ​ការដ្ឋាន​ជីក​យក​អាចម៍ដី​ដែល​គ្មាន​អាជ្ញាប័ណ្ណ​មួយកន្លែង នៅ​ស្រុក​ប្រាសាទបាគង
25, Jun 2019 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តសៀម​រាប
រូបភាពពីរដ្ឋបាលខេត្តសៀម​រាប
​ភ្នំពេញ​៖ អាជ្ញាធរ​បាន​ចុះ​បិទ​ការដ្ឋាន​ជីកដី ពុំមាន​អាជ្ញាប័ណ្ណ​មួយកន្លែង​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​បញ្ជាក់ថា ការដ្ឋាន​នេះ​បាន​ជីកដី​លើស​ជម្រៅ​កំណត់ នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។


 
​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក សុខ ថុល បាន​ដឹកនាំ​ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជីកដី​នៅ​ទីតាំង​ខាងលើនេះ កាលពី​ថ្ងៃទី​២២​មិថុនា ឆ្នាំ​២០១៩​។ អាជ្ញាធរ​បាន​រកឃើញ​ថា ការជីក​រណ្ដៅ​ដី​នេះ គឺ​គ្មាន​អាជ្ញាប័ណ្ណ​ឬ​លិខិតអនុញ្ញាត ជីក​លើស​ជម្រៅ​កំណត់ និង​ពុំបាន​ព័ទ្ធរបង​ជុំវិញ​រណ្តៅ​ដី​នៃ​ការដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​។ ការដ្ឋាន​ខាងលើនេះ បាន​ដឹកជញ្ជូន​ដី ដោយ​មិន​គ្រប​តង់​កៅស៊ូ​ឲ្យ​បាន​ត្រឹមត្រូវ រីឯ​ច្រកចេញចូល​ការដ្ឋាន​ក៏​ពុំ​មានការ​ស្រោច​ទឹក ដែល​បង្កឱ្យមាន​ការរំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ 
 
​អាជ្ញាធរ​បានសម្រេច​បិទ​ការដ្ឋាន​ជីករណ្តៅ​ដី​ខាងលើ​។ សាលាខេត្ត​បញ្ជាក់ថា ក្នុងករណី​ម្ចាស់​ការដ្ឋាន​មិន​អនុវត្តតាម​សេចក្តីសម្រេច​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​នីតិវិធី ច្បាប់​៕

រូបភាពពីរដ្ឋបាលខេត្តសៀម​រាប


Tag:
 ជីករណ្ដៅ​ដី​
  មិនមាន​អាជ្ញាប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com