អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម​រិះគន់​លោក លី សៀន​ឡុង ដែលថា វៀតណាម​ឈ្លានពាន​កម្ពុជា
24, Jun 2019 , 11:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក ជួបជាមួយសមភាគីសិង្ហបុរី លី សៀនឡុង នៅបាងកក។ រូបភាព VGP
នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក ជួបជាមួយសមភាគីសិង្ហបុរី លី សៀនឡុង នៅបាងកក។ រូបភាព VGP
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) បាន​រិះគន់​ចំៗ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ដែលថា វៀតណាម​ឈ្លានពាន​កម្ពុជា​។ នា​ជំនួប​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​២២ ខែមិថុនា លោក ង្វៀន សួន​ហ្វ៊ុ​ក ប្រា​ប់លោក លី ដោយ​ត្រង់​ថា ការនិយាយ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា និង​វៀតណាម​។ ប៉ុន្តែ​លោក លី និយាយថា លោក​មិន​រំ​ពឺ​ង​វៀតណាម និង​កម្ពុជា​ផ្លាស់ប្ដូរ​ទស្សនៈ​របស់ខ្លួន​លើ​បញ្ហា​ឈឺចាប់​នេះឡើយ​។​

 
​នាយ​កក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​សម​ភាគី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក បាន​ឆ្លៀត​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​នៅ​ប្រទេស​ថៃ​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ​។ សារព័ត៌មាន​សិង្ហ​បុរី Straits Times ផ្សាយ​ថា ជំនួប​នេះ ត្រូវបាន​ស្នើ​ដោយ​លោក លី ផ្ទាល់​ដើម្បី​ជជែក​ពី​បញ្ហា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដែល​កើតឡើង​នៅពេល​ថ្មីៗ​នេះដែរ​។ នោះ គឺ​ការលើកឡើង​របស់លោក លី ដែលថា វៀតណាម​ឈ្លានពាន​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ។​
 
​នា​ជំនួប​ដែល​ធ្វើឡើង​មុន​ជំនួប​មេដឹកនាំ​អាស៊ាន​នៅ​ថ្ងៃទី​២២ ខែមិថុនា លោក ង្វៀន សួន​ហ្វ៊ុ​ក បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សម្ដី​លោក លី ។ សារព័ត៌មាន​វៀតណាម VN Express បាន​ស្រង់​សម្ដី​លោក ង្វៀន ថា ប្រវត្តិសាស្ត្រ បញ្ជាក់​ហើយ​ថា ការលើកឡើង​របស់លោក លី ជុំវិញ​លើ​ការធ្វើ​សង្គ្រាម​ជាមួយ​ខ្មែរក្រហម​ជា​រឿង​មិន​ពិត​ឡើយ ហើយ​ការនិយាយ​លំអៀង​បែបនេះ មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​កម្ពុជា និង​វៀតណាម ពិសេស​គ្រួសារ​កម្លាំង​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ជួយ​កម្ពុជា​។​
 
អត្ថបទទាក់ទង
 
 
​មិនមែន​តែ​មេដឹកនាំ​វៀតណាម​ឡើយ លោក លី ក៏​ឆ្លៀត​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ដើម្បី​ជជែក​ពី​បញ្ហា​នេះដែរ​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ត្រូវបាន​ស្រង់​សម្ដី​ដោយ Strait Times ដូចនេះ​ថា​៖ «​ខ្ញុំ​បានបង្ហាញ​ពី​ជំហរ​របស់ខ្ញុំ ហើយ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​និយាយ​ពី​សង្គ្រាម​នៅ​កម្ពុជា និង​ទស្សនៈ​យល់ឃើញ​របស់​សិង្ហ​បុរី​លើ​បញ្ហា​នេះ​។​» 
 
​លោក លី បន្តទៀតថា ជា​រឿង​ធម្មជាតិ ដែល​ជំហរ​ទាំងពីរ​នេះ​ខុសគ្នា តែ​សិង្ហ​បុរី​មិន​រំពឹងថា ពួកគេ (​វៀតណាម​និង​កម្ពុជា​) ផ្លាស់​គំនិត​ពួកគេ​ឡើយ ហើយ​ពួកគេ​ក៏​មិន​រំពឹងថា សិង្ហ​បុរី​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​របស់ខ្លួន​លើ​បញ្ហា​នេះដែរ​។ លោក​បន្ថែមថា ភាគី​ទាំងអស់ បាន​ដើរទៅ​ហួស​ពី​បញ្ហា​នោះ និង​ក្លាយជា​មិត្តភក្តិ និង​ដៃគូ ហើយ​ផ្លូវ​ដែល​ល្អ​ជាងគេ​ក្នុងការ​បោះជំហាន​ទៅមុខ គឺ​ការនិយាយ​ដោយស្មោះ​ត្រង់​ពី​អតីតកាល​។ ដូចនេះ ភាគី​ទាំងអស់​អាចបង្កើត​ការទុកចិត្ត​គ្នា និង​ធ្វើការ​ជាមួយគ្នា​កាន់តែ​ជិតដិត​។​
 
​សម្រាប់​ជំនួប​នៅ​បាងកក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​វៀតណាម និយាយថា បាន​ជួយ​ឲ្យ​ភាគី​ទាំងពីរ​យល់ដឹង​ពីគ្នា​កាន់តែ​ប្រសើរ ហើយ​ក៏បាន​យល់ព្រម​បន្ត​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ពង្រឹង និង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​គ្រប់​វិស័យ​៕ 

Tag:
 ​វៀតណាម​
  សិង្ហ​បុរី​
  កម្ពុជា​
  លី សៀន​ឡុង​
  ង្វៀន សួន​ហ្វ៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com