ការរបកស្បែកនៅប្រអប់ដៃច្រើនតែកើតឡើងជាញឹកញាប់តាមរយៈការប៉ះពាល់នឹងសារធាតុជាច្រើនក្នុងមជ្ឈដ្ឋានរស់នៅ។ វាក៏អាចជាសញ្ញាមួយដែលបញ្ជាក់ថា មានជំងឺណាមួយក្នុងខ្លួនផងដែរ។
ជាធម្មតា ការប៉ះពាល់នឹងសារធាតុអ្វីមួយច្រើនអាចធ្វើឲ្យរបកស្បែកនៅប្រអប់ដៃ ហើយវាអាចជា៖
• ពន្លឺព្រះអាទិត្យ៖ រឿងនេះច្រើនតែកើតឡើងនៅខ្នងប្រអប់ដៃ ដែលបណ្តាលឲ្យក្រហម និងឈឺចាប់ខ្លាំង ឬក្តៅ។ នៅពេលស្រទាប់ស្បែកដែលប៉ះពាល់នេះខូចខាង វានឹងបង្កជាការរបកស្បែកតែម្តង។
• អាកាសធាតុ៖ ភាពក្តៅ ខ្យល់ច្រើន ឬសីតុណ្ហភាពខ្លាំង ឬខ្ពស់សុទ្ធតែអាចប៉ះពាល់ដល់ស្បែកប្រអប់ដៃទាំងអស់។ ខ្យល់អាកាសក្តៅអាចធ្វើឲ្យស្បែកទៅជាស្ងួត ប្រេះ និងរបកបាន។
• សារធាតុគីមី៖ សារធាតុគីមីជាច្រើនដូចជា សាប៊ូដុំដុសខ្លួន សាប៊ូកក់សក់ និងផ្តល់សំណើម អាចធ្វើឲ្យរលាកស្បែកនៅប្រអប់ដៃបាន។ ក្រោយមក វានឹងបង្កជាផលវិបាកជាការរបកស្បែកទៀត។
• លាងសម្អាតដៃច្រើនជ្រុល៖ ការលាងសម្អាតដៃគឺជាទម្លាប់ដ៏ល្អ ប៉ុន្តែបើសិនជាលាងសម្អាតច្រើនជ្រុលអាចបង្កជាការរលាក និងរបកស្បែកបាន។
យ៉ាងណាមិញ ការរបកស្បែកនៅប្រអប់ដៃក៏អាចជាអាការៈមួយនៃជំងឺណាមួយក្នុងខ្លួនដែរដូចជា៖
• ប្រតិកម្មអាឡែហ្ស៊ី
• ជំងឺ Exfoliative Keratolysis៖ ដែលយើងអាចសម្គាល់ដឹងជា ការរបកស្បែកលើបាតដៃ និងពេលខ្លះកើតឡើងនៅបាតជើងទៀតផង។
• ជំងឺស្រែង
បើសិនជាការរបកស្បែកនៅប្រអប់ដៃបង្កឡើងដោយបញ្ហាក្នុងមជ្ឈដ្ឋានរស់នៅដែលអាចគ្រប់គ្រងបានដូចជា ពន្លឺព្រះអាទិត្យ ឬការលាងសម្អាតដៃច្រើនជ្រុល អ្នកអាចថែរក្សាប្រអប់ដៃដោយខ្លួនឯងបានតាមរយៈ៖
• ប្រើក្រែមផ្តល់សំណើម
• ផ្លាស់ប្តូរការរស់នៅ
• ចៀសវាងសារធាតុរលាក
បើសិនជាអ្នកមិនប្រាកដទៅលើមូលហេតុនាំឲ្យរបកស្បែកទេ ឬស្ថានភាពកាន់តែធ្ងន់ធ្ងរ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញរោគសើស្បែកមុនពេលសាកល្បងវិធីព្យាបាលដោយខ្លួនឯង។ អ្នកក៏គួរតែទៅជួបពេទ្យដែរបើសិនជាមានអាការៈនៃការបង្ករោគដូចជា៖
• ក្តៅខ្លួន
• ក្រហមស្បែក
• ឈឺចាប់កាន់តែខ្លាំង
• មានចេញខ្ទុះ៕
ត្រួតពិនិត្យដោយ www.health.com.kh