ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​របកស្បែក​នៅ​ប្រអប់ដៃ តើ​មកពី​អ្វី​ទៅ​?
25, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​របកស្បែក​នៅ​ប្រអប់ដៃ​ច្រើនតែ​កើតឡើង​ជា​ញឹកញាប់​តាមរយៈ​ការប៉ះពាល់​នឹង​សារធាតុ​ជាច្រើន​ក្នុង​មជ្ឈដ្ឋាន​រស់នៅ​។ វា​ក៏​អាចជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ផងដែរ​។



ជាធម្មតា ការប៉ះពាល់​នឹង​សារធាតុ​អ្វីមួយ​ច្រើន​អាចធ្វើ​ឲ្យ​របកស្បែក​នៅ​ប្រអប់ដៃ ហើយ​វា​អាចជា​៖
 
•​ ​ពន្លឺព្រះអាទិត្យ​៖ រឿងនេះ​ច្រើនតែ​កើតឡើង​នៅ​ខ្នង​ប្រអប់ដៃ ដែល​បណ្តាល​ឲ្យ​ក្រហម និង​ឈឺចាប់​ខ្លាំង ឬ​ក្តៅ​។ នៅពេល​ស្រទាប់​ស្បែក​ដែល​ប៉ះពាល់​នេះ​ខូច​ខាង វា​នឹង​បង្ក​ជាការ​របកស្បែក​តែម្តង​។ 
•​ ​អាកាសធាតុ​៖ ភាព​ក្តៅ ខ្យល់​ច្រើន ឬ​សីតុណ្ហភាព​ខ្លាំង ឬ​ខ្ពស់​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ស្បែក​ប្រអប់ដៃ​ទាំងអស់​។ ខ្យល់អាកាស​ក្តៅ​អាចធ្វើ​ឲ្យ​ស្បែក​ទៅជា​ស្ងួត ប្រេះ និង​របក​បាន​។ 
•​ ​សារធាតុ​គីមី​៖ សារធាតុ​គីមី​ជាច្រើន​ដូចជា សាប៊ូដុំ​ដុស​ខ្លួន សាប៊ូកក់សក់ និង​ផ្តល់​សំណើម អាចធ្វើ​ឲ្យ​រលាក​ស្បែ​កនៅ​ប្រអប់ដៃ​បាន​។ ក្រោយមក វា​នឹង​បង្ក​ជា​ផលវិបាក​ជាការ​របកស្បែក​ទៀត​។ 
•​ ​លាង​សម្អាត​ដៃ​ច្រើន​ជ្រុល​៖ ការលាង​សម្អាត​ដៃ​គឺជា​ទម្លាប់​ដ៏​ល្អ ប៉ុន្តែ​បើសិនជា​លាង​សម្អាត​ច្រើន​ជ្រុល​អាច​បង្ក​ជាការ​រលាក និង​របកស្បែក​បាន​។​
​យ៉ាងណាមិញ ការ​របកស្បែក​នៅ​ប្រអប់ដៃ​ក៏​អាចជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ដែរ​ដូចជា​៖
•​ ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​
•​ ​ជំងឺ Exfoliative Keratolysis៖ ដែល​យើង​អាច​សម្គាល់​ដឹង​ជា ការ​របកស្បែក​លើ​បាតដៃ និង​ពេលខ្លះ​កើតឡើង​នៅ​បាតជើង​ទៀតផង​។ 
•​ ​ជំងឺ​ស្រែង​
 
​បើសិន​ជាការ​របកស្បែក​នៅ​ប្រអប់ដៃ​បង្កឡើង​ដោយ​បញ្ហា​ក្នុង​មជ្ឈដ្ឋាន​រស់នៅ​ដែល​អាច​គ្រប់គ្រង​បាន​ដូចជា ពន្លឺព្រះអាទិត្យ ឬ​ការលាង​សម្អាត​ដៃ​ច្រើន​ជ្រុល អ្នក​អាច​ថែរក្សា​ប្រអប់ដៃ​ដោយ​ខ្លួនឯងបាន​តាមរយៈ​៖
 
•​ ​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​
•​ ​ផ្លាស់ប្តូរ​ការរស់នៅ​
•​ ​ចៀសវាង​សារធាតុ​រលាក​
 
​បើសិនជា​អ្នក​មិន​ប្រាកដ​ទៅលើ​មូលហេតុ​នាំ​ឲ្យ​របកស្បែក​ទេ ឬ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​រោគ​សើ​ស្បែក​មុនពេល​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​។ អ្នក​ក៏​គួរតែ​ទៅ​ជួប​ពេទ្យ​ដែរ​បើសិន​ជាមាន​អាកា​រៈ​នៃ​ការបង្ក​រោគ​ដូចជា​៖
 
•​ ​ក្តៅខ្លួន​
•​ ​ក្រហម​ស្បែក​
•​ ​ឈឺចាប់​កាន់តែខ្លាំង​
•​ ​មាន​ចេញ​ខ្ទុះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com