ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលវេលា​ល្អ​បំផុត​ក្នុងការ​ញ៉ាំ​ទឹក ដែល​អ្នក​មិនសូវ​ដឹង​ឡើយ​
26, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​ភាគច្រើន​តែងមាន​ទម្លាប់​ញ៉ាំ​ទឹក​ច្រើនៗ​ក្រោយ​បាយ​រួច ឬ​អួលបាយ ឬ​ពេល​ហាត់ប្រាណ ប៉ុន្តែ​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​ក៏​អាច​ចាប់ផ្តើម​ទម្លាប់​ដ៏​ល្អ​មួយ​ក្នុងការ​ញ៉ាំ​ទឹក​ដែរ ជាពិសេស​ការ​ញ៉ាំ​ទឹក​ក្នុងពេល​វេលា​ដែល​ត្រឹមត្រូវ​ប្រចាំថ្ងៃ​តែម្តង​។ កាលណា​អ្នក​អាចអនុវត្ត​ទម្លាប់​នេះ​បាន អ្នកនឹង​អាច​ទទួលបាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ទៀត​។ 



ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​៖
 
​ចូរ​ញ៉ាំ​ទឹក​ពីរ​កែវ​នៅពេល​ព្រឹក​
 
​រឿង​ដែល​អ្នក​ត្រូវធ្វើ​ដំបូង​គេ​ពេល​ភ្ញាក់​ពី​គេង​គឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពីរ​កែវ​។ ជាតិ​ទឹក​នេះ​នឹង​ជួយ​ភ្ញោ​ច​ដល់​សរីរាង្គ​ក្នុង​ពោះ និង​ដាក់​រាងកាយ​ឲ្យ​ត្រៀមខ្លួន​សម្រាប់​អាហារ​ពេលព្រឹក​។ ចូរ​ញ៉ាំ​ទឹក​ទាំង​ពោះ​ទទេ​ទើប​ជា​រឿង​ល្អ​។ 
 
​ចូរ​ញ៉ាំ​ទឹក ៣០​នាទី​មុន​ពេលបាយ​
 
​ការ​ញ៉ាំ​ទឹក​បែបនេះ​មុនពេល​អាហារ​ថ្ងៃ ឬ​ពេលយប់​តែងតែ​ជា​រឿង​ល្អ ដោយសារតែ​វា​នឹង​ជួយ​ឲ្យ​ក្រពះ​ឆ្អែត​មុន​។ ជាមួយគ្នានេះដែរ មិនត្រូវ​ភ្លេច​ញ៉ាំ​ទឹក​ខណៈពេល​ញ៉ាំ​អាហារ​ឡើយ ព្រោះ​វា​នឹង​ជួយ​បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល​បាន​។ 
 
​ចូរ​ញ៉ាំ​ទឹក​មួយ​កែវ​មុនពេល​ងូតទឹក​
 
​អ្នក​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ​មុនពេល​ងូតទឹក​ដើម្បី​ជួយ​រក្សា​សម្ពាធ​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់ ជាពិសេស​ពេល​សីតុណ្ហភាព​រាងកាយ​ចុះ​ក្តៅ​បន្តិច​។ នៅពេល​អ្នក​ងូតទឹក​ត្រជាក់ ឬ​ទឹក​ក្តៅ សម្ពាធ​ឈាម​នឹងមិន​អាច​ឡើង​ខ្ពស់​ឡើយ​បើសិនជា​អ្នក​សម្រួល​សីតុណ្ហភាព​រាងកាយ​រួច​ជាមួយនឹង​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ហើយ​។ 

​ញ៉ាំ​ទឹក​ខណៈពេល​កំពុងតែ​រង់​ចាំ​អាហារ​បន្ទាប់​
 
​ចាប់តាំងពី​វា​ត្រូវការ​ពេល ៤ ទៅ ៧​ម៉ោង​នៅ​ចន្លោះ​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេលយប់ អ្នក​គួរតែ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​នៅ​ចន្លោះពេល​នេះដែរ​។ ចូរ​ស្តាប់​រាងកាយ​ខ្លួនឯង​ផង​ថា ពេលណា​ដែល​អ្នក​ត្រូវ​ស្រេកទឹក ហើយ​ញ៉ាំ​ទឹក​ភ្លាម​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ផ្តល់​ថាមពល​។ 
 
​ចូរ​ញ៉ាំ​ទឹក​មុនពេល​អាហារ​ពេលយប់​
 
​អ្នក​គួរតែ​ញ៉ាំ​ទឹក​នូវ​កែវ​ទី ៨​ហើយ ហើយ​គួរតែ​អបអរ​សារ​ទ​ដល់​ខ្លួនឯង​ផង ថា​អ្នក​អាច​គ្រប់គ្រង​ការ​ញ៉ាំ​ទឹកបាន​ត្រឹមត្រូវ​ហើយ​។ ជាថ្មី​ម្តងទៀត ចូរ​ញ៉ាំ​ទឹក ៣០​នាទី​មុន អាហារ​ពេលយប់ និង​ខណៈពេលដែល​អ្នក​កំពុងតែ​ញ៉ាំ​អាហារ​ផង​ដើម្បី​ជា​ជំនួយ​ដល់​ការរំលាយ​អាហារ​។ 
 
​ញ៉ាំ​ទឹក​មុនពេល​គេង​
 
​អ្នក​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ​ទៀត​មុនពេល​ចូល​គេង ព្រោះ​វា​នឹង​ជួយ​បង្ការ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​គាំងបេះដូង​បាន​។ 
 
​សរុបសេចក្តី​មក ដូច​អ្នកដឹង​ហើយ​ថា ពេលណា​ដែលជា​ពេលវេលា​ត្រឹមត្រូវ​ដែល​ត្រូវ​ញ៉ាំ​ទឹក ព្រោះ​វា​អាចជួយ​បង្ការ​បញ្ហា​សុខភាព​ជាច្រើន ខណៈពេល​ជំរុញ​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ និង​បង្កើន​ថាមពល​ក្នុង​រាងកាយ​។ ចូរ​អនុវត្ត​ធ្វើបែបនេះ​ឲ្យ​វា​ក្លាយទៅជា​ទម្លាប់​មួយ​ទើប​អ្នក​នឹងមាន​សុខភាព​ល្អ​បានយូរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com